សុគន្ធ និសា រៀបការជាមួយអ្នកជំនួញ​​​​លើវិស័យធានារ៉ាប់រងធំមួយនៅកម្ពុជា

សុគន្ធ និសា និង​លោក ​ចៅ សម្បត្តិ (រូបភាពពីហ្វេសប៊ុក)

មានការ​អបអរ​​យ៉ាងខ្លាំង បន្ទាប់ពី​​​​មានដំណឹងជុំវិញមង្គលការរបស់​​តារាចម្រៀងហង្ស​មាស​​ល្បីល្បាញ ​អ្នកនាង
​​សុគន្ធ និសា និង​​​​​​​​បុរស​​​អាណិកជនទ្រព្យស្ដុកដែលគេស្គាល់ថា​ជា​​ម្ចាស់ភាគហ៊ុនធំ​មួយ​ក្នុងក្រុមហ៊ុន​​​ធានារ៉ាប់រង​​ Manulife ដែលជា​ក្រុម​ហ៊ុនធំ​មួយនៅកម្ពុជា។

​នេះជាមង្គលការ​​​ផ្លូវការ​បញ្ចប់ភាពនៅលីវ​​របស់​​អ្នកនាងដែល​​​បានត្រាំត្រែងអស់ច្រើន​​ឆ្នាំ ​​​​​​​បន្ទាប់ពីមានដំណឹងច្រើន​​មកហើយ​​​ថា​នាង​គឺជា​​អតីតគូ​ស្នេហ៍ក្រោម​ដំបូលតែមួយ​​របស់អ្នកនិពន្ធលោក សុខ ជំនោរ ​ដែល​​អ្នកខ្លះថា​​​​អ្នកទាំងពីរ​បានរៀបការនៅខេត្តក្រចេះ​​​​​​​​ជា​ប្ដីប្រពន្ធ​​ស្រប​ច្បាប់​ តាំងពី​ សុគន្ធ និសា ​មិនទាន់​ល្បី តែ​​​​ភាគីម្ខាង​​ៗមិនសុខ​​​​​​​ទម្លាយអោយដឹងនោះ។

​មង្គលការរបស់​ សុគន្ធ និសា​ ត្រូវគេឃើញធ្វើឡើងយ៉ាង​អធឹកអធម ​ដោយ​​​ត្រូវបាន​ប្រកាសថា​​​​​​​គម្រោងធ្វើឡើងរហូតដល់​​​​​​រង្វង់​​​១០ម៉ឺន​ដុល្លារឯណោះ ដោយសារតែ​​​​​​កូនកំលោះ​ក៏ជា​​អ្នកមានទ្រព្យស្ដុក ដែលមាន​ភ្ញៀវសុទ្ធសឹងតែ​​អ្នកជំនួញ​ល្បីឈ្មោះ ហើយ​​មង្គលការនោះទៀតសោតក៏បាន​​​​​​​​ចំណាយ​​ការ​រៀបចំ​នៅក្នុង​​សណ្ឋាគារ​​លំដាប់​ផ្កាយ​​​៥ ​គឺ​​​សូហ្វីតែលភ្នំពេញ ​​​​​​​​​ដែលមានតម្លៃខ្ពស់។

​​​​​សុគន្ធ និសា បានអះអាងថា​កញ្ញាគម្រោង​រៀបការត្រឹមតែ​​រង្វង់​​​​៥០តុ​ប៉ុណ្ណោះ ​ប៉ុន្តែ​នៅពេល​អញ្ជើញ​ភ្ញៀវជាក់ស្ដែងក៏​​បានឡើងដល់​​​​​៧០​​​តុ ​​ដោយ​​ក្នុងពិធីនោះ​អ្នកនាង​បញ្ជាក់ថា​គឺ​ចំណាយអស់ច្រើន ប៉ុន្តែអ្នកនាងថា​​មិន​ដឹងថាចំណាយអស់ប៉ុន្មាន​អោយពិតប្រាកដនោះទេ។ ​យ៉ាងណាមិញ អ្នកនាង​បានប្រកាស​ប្រាប់​​​​​​ដដែល​ថា​​​​ ពិធី​ទាំងមូលមិនបានអញ្ជើញតារា​សិល្បៈកុះករ​ភាគច្រើននោះទេ ដោយអ្នកនាងបាន​អញ្ជើញតែតារាសិល្បៈនិងផលិតករដែលអ្នកនាង​​មានទំនាក់​ទំនង​​មួយ​​​ក្ដាប់នៅក្នុងពិភព​សិល្បៈប៉ុណ្ណោះ ដើម្បីកុំអោយមានការរំខាន​។

មិនខុសពីអ្វីដែលអ្នកនាង​​​បានអះអាងថា គេឃើញ​មង្គលការរបស់​​​​ ​សុគន្ធ និសា ដែលមាន​ឈ្មោះដើមថា ប៉ុន សុគន្ធា ​និង​​​​​​អ្នកជំនួញ​លោក ចៅ សម្បត្តិ ត្រូវបានធ្វើឡើង​​​​ក្នុងរូបភាព​​មិន​​​​​អធឹកអធម​មិនធម្មតា ដោយ​​​​​សូម្បីតែក្នុងពិធីសូត្រ​​មន្តកាលពីល្ងាចថ្ងៃទី​​៣០ វិច្ឆិកា ​ក៏មានវត្តមានសុទ្ធតែអ្នកមុខ​អ្នកការនិងតារាដែលមាន​កេរ្តិ៍ឈ្មោះបោះសំឡេងចូលរួម​​​អបអរ។

អ្នកនាង​ និងស្វាមី ​​​បាន​​​ប្រកាសធ្វើពិធី​ទទួលភ្ញៀវចំនួន​​ប្រមាណជា​​៧០០នាក់នៅ​ល្ងាចថ្ងៃទី​​​១ ធ្នូ ក្នុងឆ្នាំ​​២០១៧នេះ ​ដោយ​​​​​​​​សូម្បី​​ក្រុម​ហ៊ុន​ផ្នែក​​ដេគ័រ ​សម្អាងការ និង​​ក្រុមពិធីការ​​​សម្រាប់ចាត់ចែង​​​​​ទទួល​ភ្ញៀវក៏​លំដាប់​នោះដែរ។ យ៉ាងណាមិញ ពិធីរបស់នាង​​ត្រូវបានអះអាងថានឹងមានការ​​ម៉ត់ចត់សម្រាប់​​ការស្វាគមន៍ដល់​អ្នកសារព័ត៌មាន​​ដែលចង់​​​ផ្ដិត​យករូប​​ភាព​​​​ពីពិធីមង្គលការនៅក្នុងសាលរបស់​សណ្ឋាគារសូហ្វីតែល​ ​ដើម្បី​កុំអោយមានការ​រំខាន​ដល់វត្តមានរបស់ភ្ញៀវកិត្តិយសដែលត្រូវបានអញ្ជើញ ជាពិសេស​គឺ​​អ្នកមានមុខមាត់​មួយចំនួននោះ​​។ ​

មង្គលការរបស់​​នាងត្រូវបាន​កើតឡើងត្រឹមតែ​​​​​៥ថ្ងៃប៉ុណ្ណោះ ​បន្ទាប់ពី​​កវីនិពន្ធលោក សុខ ជំនោរ ​បាន​រៀប​ការ​​បញ្ចប់​ភាពនៅលីវ​ដូចគ្នា​​កាលពីថ្ងៃទី​​២៦ វិច្ឆិកា។ ​​​អ្នកទាំងពីរ​​​​គឺជាអតីត​​គូស្នេហ៍​បើកចំហក្រោមដំបូលតែមួយដែលបា​នបែកគ្នា​​​ក្រៅ ប្រព័​ន្ធតុលាការកាលពី​​​​ជាង៦ឆ្នាំមុន ​ហើយ​​​​​​ដល់ពេលរៀបការ​ក៏ជ្រើស​​បាន​ពិធីមង្គល​​​​ប្រកៀកៗ​គ្នាធ្វើអោយអ្នកតាម​ដានមានការ​ចាប់អារម្មណ៍។

យ៉ាងណាមិញ ម្នាក់ៗមានការ​​​​​​​​​​​​ឃ្លាំមើល​ពី​​ចំណងស្នេហ៍របស់​ សុគន្ធ និសា និងស្វាមី​​ច្រើនជាង​​ ដោយសារតែនាង​អាចរក​បានគូស្នេហ៍យល់​ចិត្ត ហើយជាបុរសទ្រព្យស្ដុក​ដែល​ត្រូវបានគេ​​អះអាងថា​​ជាម្ចាស់ភាគហ៊ុន​ធំមួយ​របស់ក្រុម​​ហ៊ុន Manulife ប្រចាំនៅកម្ពុជា ដោយ​ក្រៅពីមាន​ជំនួញ​មួយនេះ លោក​ក៏មាន​ក្រុមហ៊ុនមួយចំនួន​ផ្សេងទៀតក្នុងដៃផងដែរ។

សុគន្ធ និសា ធ្លាប់អះអាងថា​រវាង​នាង និង​លោក ​ចៅ សម្បត្តិ ​​​​មិនមែនទើបតែស្គាល់ និងស្វែងយល់ចិត្ត​គ្នានោះទេ គឺ​ស្គាល់​​គ្នា​ប្រមាណជា​​៦ឆ្នាំមកហើយ ទើប​នាងសម្រេចចិត្ត​រៀបការ​​​​​​​​នៅថ្ងៃទី​​១ ខែធ្នូ ​ដោយ​​មិនខ្វល់ថា​ពិធីមង្គលមួយនេះ​​​នឹងធ្វើអោយប៉ះពាល់​​ដល់ប្រជាប្រិយភាព​​របស់​អ្នកនាងនៅក្នុងវិស័យ​ចម្រៀង ឬក៏អត់។ ​​​​អ្នកនាង​ក៏​បាន​​បង្ហាញ​​​​ឆន្ទៈថា នឹង​បន្តអាជីព​ចម្រៀងក្រោយពេល​រៀបការ​ដោយមិនមានការលា​ឈប់នោះដែរ ​​ប្រសិន​បើទស្សនិកជន​នៅតែបន្តការគាំទ្រ​​​​​​ដូចពេលដែលអ្នកនាង​នៅលីវ។

យ៉ាងណាមិញ អ្នកនាង​​​​​​ប្រហែលដក​​ខ្លួនពីការ​ប្រឹង​ប្រែង​​​ដើម្បីប្រកួតប្រជែង​​​ ក្នុង​ពេលដែល​អ្នកនាងក៏ត្រូវ​ទុកពេលរៀបចំ​ផ្លូវជីវិត​​ដើម្បី​សុភមង្គល​​ជាមួយស្វាមី​​​ កុំអោយ​​​ចំណង​ស្នេហ៍​រងផលប៉ះពាល់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ