សហជីព៖ ក្រុមកម្មករតវ៉ាបិទផ្លូវវេងស្រេងម្ដងទៀត ក្រោយដូរថៅរោងចក្រថ្មី

ក្រុមកម្មករតវ៉ាបិទផ្លូវវេងស្រេង

សហជីព អះអាងថា ក្រុមកម្មកររាប់រយនាក់ នៅរោងចក្រមួយ​កន្លែង ក្នុងសង្កាត់ចោមចៅ រាជធានីភ្នំពេញ បាននាំគ្នាតវ៉ាបិទផ្លូវវេងស្រេង ដល់ទៅ២ដង ដើម្បីទាមទារលក្ខខណ្ឌការងារមួយចំនួន ក្រោយរោងចក្រផ្លាស់ប្ដូរថៅកែថ្មី។

នៅព្រឹកថ្ងៃសុក្រនេះ ចាប់តាំងពីម៉ោង៧ព្រឹក រហូតដល់រសៀលថ្ងៃត្រង់ ក្រុមកម្មករ កម្មការិនី ប្រមាណជា៤ពាន់នាក់ ដែលធ្វើការនៅរោងចក្រស្បែកជើង «ម៉េង ដា» ស្ថិតក្នុងភូមិត្រពាំងថ្លុង សង្កាត់ចោមចៅ បានធ្វើបាតុកម្មតវ៉ា ទាមទារលក្ខខណ្ឌមួយចំនួន និងប្រាក់បំណាច់ឆ្នាំ៥ភាគរយ បន្ទាប់ពីមានការផ្លាស់ប្ដូរថៅកែរោងចក្រថ្មី។ នេះបើតាមការឲ្យដឹងរបស់ប្រធានសហជីពមូលដ្ឋាន លោក ចាន់ ឌី។

លោក ចាន់ ឌី ឲ្យ VOD ដឹងថា ក្នុងចំណោមកម្មករប្រមាណ៤ពាន់នាក់ គឺលោកថា មានក្រុមកម្មករ កម្មាការិនី ប្រមាណពី៣០០ ទៅ៤០០នាក់ បាននាំគ្នាទៅឈរអមសងខាង និងបិទផ្លូវកំណាត់ផ្លូវវេងស្រេង ដើម្បីឲ្យម្ចាស់ថៅកែរោងចក្រថ្មី ទទួលការស្នើសុំរបស់ពួកគេ។

លោកថា៖ «ច្បាស់ជាងគេ គាត់ចង់ទាមទារបានលុយ៥ភាគរយ គាត់ថា ដូរថៅកែ អញ្ចឹងសុំឲ្យក្រុមហ៊ុនគេគិត ៥ចំណុចឲ្យកម្មករ គិតសារថ្មីទាំងអស់  ដូចគេដកយើងចោលឲ្យគេគិត៥ចំណុចឲ្យ ហើយនិងបើកលុយ៥ភាគរយឲ្យ»។

លោក ចាន់ ឌី ឲ្យដឹងបន្ថែមថា ក្រោយបរិភោគអាហារថ្ងៃត្រង់ និងការអន្ដរាគមពីអាជ្ញាធរ ក្រុមកម្មករ កម្មការិនី ទាំងនោះ បានផ្ទុះការតវ៉ា បិទផ្លូវវេងស្រេងម្ដងទៀត រហូតដល់ពេលនេះ។

យ៉ាងណាក៏ដោយ នៅម៉ោងប្រមាណ៥ល្ងាចថ្ងៃដដែលនេះ ក្រុមកម្មករបានផ្អាកធ្វើបាតុកម្ម ដោយថា នឹងបន្ដការតវ៉ានៅថ្ងៃស្អែកទៀត បើសិនអាជ្ញាធរ និងថៅរោងចក្រថ្មី មិនរកដំណោះស្រាយជូនពួកគេ៕

 

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ