រដ្ឋាភិបាលប្តេជ្ញាលុបបំបាត់ការឆ្លងមេរោគអេដស៍នៅឆ្នាំ២០២៥

ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៏

ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៏ មានប្រសាសន៍ថា ប្រទេសកម្ពុជា ប្តេជ្ញាលុបបំបាត់ការឆ្លងរីករាលដាលមេរោគអេដស៍នៅឆ្នាំ២០២៥។

ថ្លែងនៅក្នុងទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៏ នាថ្ងៃទី១​ខែធ្នូ នៅសាលសន្និសីទចតុមុខ ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៏ លោក អៀង ម៉ូលី មានប្រសាសន៍ថា កម្ពុជាកំពុងដើរលើផ្លូវត្រូវបំផុតឆ្ពោះទៅសម្រេចបាននូវការលុបបំបាត់ការឆ្លងរីករាលដាលមេរោគអេដស៍ នៅឆ្នាំ២០២៥។

លោកក៏បានរំលឹកពីការសិក្សារបស់អង្គការ UNAIDS ថា កម្ពុជាឈរក្នុងលំដាប់ជួរមុខគេបង្អស់ក្នុងការបញ្ជៀសមនុស្សមិនឲ្យឆ្លងមេរោគអេដស៏នៅតំបន់អាស៊ីប៉ាស៊ីហ្វិកក្នុងរយៈពេល២៦ឆ្នាំកន្លងមក។ ឯព្រឹត្តិការណ៍ដែលលេចធ្លោឡើងនាខែកក្កដាឆ្នាំ២០១៧នេះ កម្ពុជាបានសម្រេចគោដៅ ៩០/៩០/៩០ ជាមួយប្រទេស៧ទៀតក្នុងពិភពលោក។

លោក ឲ្យដឹងទៀតថា កម្ពុជាមិនទាន់មានសញ្ញាពីការគាំទ្រថវិកាពីក្រៅប្រទេស ដើម្បីបន្តយុទ្ធសាស្ត្រឆ្លើយតបករណីផ្ទុកមេរោគអេដស៍ដែលនៅសេសសល់ ប៉ុន្តែលោកជឿថា ថវិកាជាតិ នឹងចូលមកជំនួសជំនួយក្រៅប្រទេសទាំងស្រុង។

តាមការប៉ាន់ប្រមាណបែបវិទ្យាសាស្ត្រ កម្ពុជាមានអត្រាផ្ទុកមេរោគអេដស៏ក្នុងចំណោមមនុស្សពេញវ័យអាយុ ១៥-៤៩ឆ្នាំ ត្រឹម ០,៦ ភាគរយ នៅឆ្នាំ២០១៧ ធ្លាក់ចុះពីចំណុចខ្ពស់បំផុត ១,៦ ភាគរយ នៅឆ្នាំ១៩៩៨ គិតជាចំនួនអ្នកផ្ទុកមេរោគអេដស៏ មាន ៧០ ៥០០នាក់។

សូមរំលឹកថាគោលនយោបាយ និងគោលដៅយុទ្ធសាស្ត្ររបស់អង្គការសហប្រជាជាតិ មានដូចជាគោលនយោបាយបីឆ្នាំសូន្យ២០២០ មានន័យថា គ្មានការឆ្លងមេរោគអេដស៍ថ្មី គ្មានការមាក់ងាយនិងរើសអើង និងគ្មានការស្លាប់ដោយសារជំងឺអេដស៏។ ចំណែកគោលដៅយុទ្ធសាស្ត្រ ៩០/៩០/៩០ នៅឆ្នាំ២០២០ មានន័យថា ៩០ភាគរយ នៃអ្នកដែលផ្ទុកមេរោគអេដស៏ទាំងអស់ បានដឹងពីស្ថានភាពផ្ទុកមេរោគអេដស៍របស់ពួកគេ ៩០ភាគរយ នៃអ្នកដែលផ្ទុកមេរោគអេដស៏ដែលបានធ្វើរោគវិនិច្ឆ័យហើយហើយ បានទទួលការព្យាបាលដោយឱសថប្រឆាំងនឹងមេរោគអេដស៏ជាប់ជាប្រចាំ និង ៩០ភាគរយ នៃអ្នកទាំងអស់ដែលទទួលការព្យាបាលដោយឱសថប្រឆាំងនឹងមេរោគអេដស៏នឹងត្រូវរកឃើញថា បានកម្ចាត់មេរោគអេដស៏ពីក្នុងឈាមរបស់ខ្លួន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ