រាជធានីខេត្តចំនួន៣ជាប់ពិន្ទុខ្ពស់រឿងគ្រោះថ្នាក់ចរាចរណ៍ ខណៈអត្រាគ្រោះថ្នាក់ថយចុះក្នុងឆ្នាំ២០១៦

យ៉ាងហោចណាស់ រាជធានីខេត្តចំនួន៣ រួមមានរាជធានីភ្នំពេញ ខេត្តព្រះសីហនុ និងខេត្តកំពត បានជាប់លំដាប់ពិ​ន្ទុខ្ពស់និងនាំមុខគេ ខាងបញ្ហាគ្រោះថ្នាក់ចរាចរណ៍ច្រើននៅក្នុងឆ្នាំ២០១៦ ខណៈរបាយការណ៍ថា អត្រាគ្រោះថ្នាក់ចរាចរណ៍បានថយចុះប្រមាណ១១ភាគរយ បើធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៥។

នៅក្នុង «កិច្ចប្រជុំបូក​សរុបលទ្ធផល​ត្រួតពិនិត្យការអនុវត្ត​ច្បាប់ចរាចរណ៍​ផ្លូវគោក​ឆ្នាំ២០១៦» នាព្រឹកថ្ងៃទី២ខែមករានេះ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានរកឃើញថា គ្រោះថ្នាក់ចរាចរណ៍ក្នុងឆ្នាំ២០១៦ មានចំនួន ៣៧ ០០០លើក ដែលបណ្តាលឲ្យមនុស្សស្លាប់ចំនួន ១ ៧១៧នាក់ និងរបួសចំនួន ៦ ៦០៧នាក់។

បន្ថែមពីនេះ របាយការណ៍ដដែល បានឲ្យដឹងថា ភូមិសាស្ត្រចំនួនបីមានបញ្ហាគ្រោះថ្នាក់ចរាចរណ៍ច្រើនជាងគេ គឺរាជធានីភ្នំពេញ កើតមានចំនួន៣៨៨លើក ខេត្តព្រះសីហនុចំនួន២៨៧លើក និងខេត្តកំពតមានចំនួន២៣៨លើក។

បើតាមរបាយការណ៍ អត្រាគ្រោះថ្នាក់ចរាចរណ៍នៅក្នុងឆ្នាំ២០១៦នេះ គឺបានថយចុះចំនួន៤៤៣លើក គឺស្មើនិង១១ភាគរយ ស្របពេលបទល្មើសគ្រោះថ្នាក់ចរាចរណ៍ភាគច្រើន បណ្តាលមកពីការបើកបរលើសល្បឿនកំណត់ មិនប្រកាន់ស្តាំ ស្រវឹង មិនគោរពសិទ្ធិ បត់និងវ៉ាជែង កត្តាយានយន្ត រួមទាំងការងងុយដេករបស់អ្នកបើកបរ។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ