មន្ត្រី​ចរាចរណ៍​ថា មនុស្ស​ជិត​១៨០០​នាក់​ស្លាប់ ខណៈ​​អ្នក​រង​របួស​ថយ​ចុះ​មក​នៅ​ជាង​៥៥០០​នាក់

គ្រោះថ្នាក់​ចរាចរណ៍នៅសៀមរាប កាលពីពេលកន្លងទៅ (រូបថត៖ បូ សាវី)

មន្ត្រី​នគរបាល​ បាន​ឲ្យ​ដឹង​ថា មនុស្ស​ដល់​ទៅជិត ១៨០០​នាក់ ត្រូវ​បាន​សម្លាប់ ខណៈ​មនុស្ស​ជាង ៥​៥០០​នាក់​ទៀត បាន​រង​របួស នៅ​ក្នុង​គ្រោះ​ថ្នាក់​ចរាចរណ៍​នៅ​ទូទាំង​ប្រទេស​​កាល​ពី​ឆ្នាំ​២០១៧​កន្លង​មក ប៉ុន្តែថាតួលេខ​អ្នក​រង​របួស​បាន​ថយ​ចុះ បើទោះបី​តួលេខ​អ្នក​ស្លាប់​កើន​ឡើង​ក៏ដោយ។

ប្រធាន​នាយកដ្ឋាន​នគរបាល​ចរាចរណ៍ និង​សណ្ដាប់​ធ្នាប់​សាធារណៈ លោក រុន រ័ត្នវាសនា បាន​ប្រាប់​វីអូឌី​នៅ​ថ្ងៃ​នេះ​ថា គ្រោះ​ថ្នាក់​ចរាចរណ៍ ៣៥៣១​ករណី បាន​កើត​ឡើង​នៅ​ទូទាំង​ប្រទេស​កាល​ពី​ឆ្នាំ​២០១៧​កន្លង​មក​ ដោយ​បាន​សម្លាប់​មនុស្ស ១៧៨០​នាក់ និង​បណ្ដាល​ឲ្យ​មនុស្ស ៥៥៣៩​នាក់​ទៀត​រង​របួស។

មន្ត្រី​នគរបាល​រូប​នេះ​ ឲ្យ​បន្ថែម​ថា តួលេខ​អ្នក​ស្លាប់​ដោយសារ​គ្រោះ​ថ្នាក់​ចរាចរណ៍ បាន​កើន​ឡើង ៦៣​នាក់ ខណៈ​តួលេខ​អ្នក​រង​របួស​បាន​ថយ​ចុះ ១០៦៨​នាក់ បើប្រៀប​ធៀប​នឹង​តួលេខ​គ្រោះ​ថ្នាក់​ចរាចរណ៍​កាល​ពី​ឆ្នាំ​២០១៦​កន្លង​មក។

របាយការណ៍​នគរបាល​ចរាចរណ៍ បាន​ឲ្យ​ដឹង​ថា មនុស្ស ៥​នាក់ ត្រូវ​បាន​សម្លាប់ ហើយ ២៧​នាក់​ទៀត បាន​រង​របួស​ធ្ងន់​ស្រាល នៅ​ក្នុង​គ្រោះ​ថ្នាក់​ចរាចរណ៍​ ១៦​ករណី​នៅ​ទូទាំង​ប្រទេស​ អំឡុង​ពិធី​បុណ្យ​ឆ្លង​ឆ្នាំ​សកល​ កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ។

លោក រ័ត្នវាសនា ប្រាប់ថា ការ​បើក​បរ​ដោយ​មិន​គោរព​ច្បាប់ និង​បើក​បរ​ក្រោម​ឥទ្ធិពល​នៃ​គ្រឿង​ស្រវឹង គឺ​ជា​មូល​ហេតុ​ចម្បង​នៃ​គ្រោះ​ថ្នាក់​ចរាចរណ៍​នៅ​ទូទាំង​ប្រទេស។

លោកនិយាយថា៖ «កត្តាមនុស្ស វាមាន​ការបើកបរលើសល្បឿនកំណត់ ការបើកបរក្នុង​ស្ថានភាពស្រវឹង​ ការបើកបរវ៉ាជែង ការបើកបរ​ដោយមិនគោរសិទ្ធិ​ ហើយការបត់មិនប្រយ័ត្ន និងកក្តាផ្សេងៗទៀត​ ប៉ុន្តែ អ្វីដែលសំខាន់ គឺការបើកបរដោយ​សារលើស​ល្បឿន​ វ៉ាជែង និងស្រវឹង​»។

គ្រោះ​ថ្នាក់​ចរាចរណ៍ ត្រូវ​បាន​កត់ត្រា​ថា បាន​កើត​ឡើង​រៀង​រាល់​ថ្ងៃ ដោយ​បាន​សម្លាប់​មនុស្ស​ជាង ១៦០០​នាក់ និង​បង្ក​ឲ្យ​មនុស្ស​ដល់​ទៅ​ជាង ៦៦០០​​នាក់​រង​របួស កាល​ពី​ឆ្នាំ​២០១៦​កន្លង​មក។

ប្រឈម​មុខ​ជាមួយ​កំណើន​គ្រោះ​ថ្នាក់​ចរាចរណ៍​បែប​នេះ ក្រសួងមហាផ្ទៃ​ កាល​ពី​ដើម​ខែ​ធ្នូ​កន្លង​មក បាន​ដាក់​បញ្ជា​ឲ្យ​​ជំរុញ​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍ ដោយ​ថា ដើម្បី​ទប់​ស្កាត់ និង​កាត់​បន្ថយ​ការ​បាត់​បង់​ជីវិត រង​របួស និង​ការ​ខូច​ខាត​ទ្រព្យ​សម្បត្តិ។

ក្នុងបទបញ្ជាផ្ទៃក្នុងនោះ ក្រសួងមហាផ្ទៃបានបញ្ជាទៅ​​មន្រ្តីរាជការ​ក្រោមឱវាទទាំងអស់ ត្រូវធ្វើជាគំរូក្នុង​ការ​គោរព​ប្រតិ​បត្តិ​ច្បា​​ប់ស្ដីពី​ចរាចរណ៍ផ្លូវគោកតាមរយៈការអនុវត្តអនុវត្តឲ្យបាននូវប្រការដែលដាក់ចេញចំនួន ១២ ដូចជា ការ​ពាក់​​មួក​សុវត្ថិភាព​ជា​និច្ច​ទាំង​​អ្នកបើក និងអ្នករួមដំណើរតាមម៉ូតូ និង​ត្រូវពាក់ខ្សែក្រវ៉ាត់សុវត្ថិភាពជានិច្ចទាំង​អ្នក​បើកបរ និងអ្នករួមដំណើរ​ខាងមុខ​តាម​រយៈ​រថយន្តជាដើម​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ