ពលរដ្ឋកោះកុងស្នើរដ្ឋាភិបាលពន្លឿនការដោះស្រាយបញ្ហាដីធ្លី

អ្នកមានជម្លោះដីធ្លីមកពីខេត្តកោះកុងនាំគ្នាដើរដោយថ្មើរជើងមកក្រសួងរៀបចំដែនដីជាថ្មីទៀតនៅថ្ងៃនេះ ដើម្បីជំរុញឲ្យស្ថាប័ននេះពន្លឿនការដោះស្រាយដីធ្លី ដោយអះអាងថាពួកគេកំពុងជួបបញ្ហាជីវភាព។

ពលរដ្ឋមានជម្លោះដីធ្លីប្រមាណ១០០នាក់មកពីខេត្តកោះកុងដែលឡើងមកតវ៉ានៅរាជធានីភ្នំពេញជាង១ខែហើយនោះ បាននាំគ្នាដើរដោយថ្មើរជើងពីវត្តសាមគ្គីរង្សី ក្នុងខណ្ឌមានជ័យ មកក្រសួងរៀបចំដែនដី ចំងាយប្រហែល៥គីឡូ ដើម្បីសុំឲ្យមន្រ្តីដោះស្រាយវិវាដីធ្លីរបស់ក្រសួងនេះ ប្រាប់ពីលទ្ធផលនៃការចុះដោះស្រាយពេលកន្លងមក។

តំណាងពលរដ្ឋអ្នកស្រី ផាវ ញើង ប្រាប់អ្នកសារព័ត៌មានថា កាលពីថ្ងៃទី២០ មករា ឆ្នាំ២០១៧ មន្រ្តីរបស់ក្រសួងរៀបចំដែនដីបានចុះសម្របសម្រួសរវាងភាគីតំណាងក្រុមហ៊ុននិងប្រជាពលរដ្ឋដើម្បីធ្វើការដោះស្រាយបញ្ជប់ជម្លោះ ប៉ុន្តែអ្នកស្រីថារហូតមកដល់ថ្ងៃនេះជាង១០ថ្ងៃហើយ ក្រសួងមិនទាន់ប្រាប់ពីលទ្ធផលនៃការចុះដោះស្រាយនោះទៅដល់ពលរដ្ឋទេ។

អ្នកស្រីបន្ថែមថា៖ «គាត់ថាគាត់អាណិតប្រជាជនហើយបានជាគាត់ខំប្រឹងដោះស្រាយ ប៉ុន្តែតាំងពីថ្ងៃទី​២០មកដល់ថ្ងៃនេះ ខ្ញុំគិតថាយូរហើយ គាត់ថាគាត់អាណិតពួកយើង គាត់ថាឲ្យខ្ញុំទៅធ្វើតំណែងគាត់វិញ ចាំមើលធ្វើបានអត់ បើខ្ញុំមានសមត្ថភាពធ្វើដូចគាត់ ខ្ញុំមិនត្រូវគេយកដីអស់ទេ ខ្ញុំមិនមែនមកដេកវត្តទេ ឯកឧត្តមនិយាយនេះវាហាក់ដូចជាហួសពេកហើយ កុំដាក់សម្ពោធមកលើគ្រួសារខ្ញុំពេក គ្រួសារខ្ញុំជាគ្រួសារជនរងគ្រោះធ្ងន់ធ្ងរជាងគេ ពួកយើងប្រឈមនឹងការបាត់បង់ដីផ្ទះនិងដីចំការអស់រលីង»។

ពលរដ្ឋម្នាក់ទៀតលោក ចាន់ វណ្ណា ឲ្យដឹងថា ពួកគាត់១៧៥គ្រួសាររស់នៅស្រុកស្រែអំបិលនិងស្រុក​បុទុមសារគរ មានជម្លោះដីធ្លីមួយក្រុមហ៊ុនកោះកុងស៊ូហ្គឺនិងក្រុមហ៊ុនកោះ​កុងភ្លែនថេសិនច្រើនឆ្នាំហើយមិនទាន់មានដំណោះស្រាយទេ។

លោកថាការអូសបន្លាយជម្លោះនេះបានធ្វើឲ្យពលរដ្ឋខាតបង់ផលប្រយោជន៍ជាច្រើននិងធ្លាក់ខ្លួនក្រីក្រ។

លោកបន្ថែមថា៖ «ដល់ពេលគេយកអស់អញ្ចឹងអត់មានដីមកនៅគេនដីដែលគេយកហ្នឹងមាន អត់ស្រែ អត់ចំការខ្លះខ្វះខាត កូនធំក៏អត់បានឲ្យទៅរៀនដែរ ព្រោះវាខ្វះខាតធំល្មមៗឲ្យទៅធ្វើខ្ញុំគេអស់ហើយ បើមិនខ្ញុំគេ វាអត់លុយចិញ្ចឹមអាក្នុងបន្ទុកគ្រួសារ អញ្ចឹងអាយុ១៥និង១៦ហ្នឹង រុញទៅនេះទៅនោះ ហើយអាណាចាស់អាយុតិចហ្នឹងបញ្ជូនទៅថៃតាមមេខ្យល់ត្រូវគេចាប់គេចង»។

លោកបន្តថាដំណោះស្រាយដែលពលរដ្ឋចង់បាន គឺទាមទារឲ្យក្រុមហ៊ុនផ្តល់ដី២ហិកតានិងប្រាក់ថ្លៃខូចខាតទ្រព្យសម្បត្តិ៥០០០ដុល្លារសម្រាប់១គ្រួសារ។

អនុរដ្ឋលេខាធិការនៃក្រសួងរៀបចំដែនដី លោក ទេព ធន ប្រាប់ពលរដ្ឋថា ក្រសួងកំពុងធ្វើការដោះស្រាយលើបញ្ហានេះហើយ ដោយលោកស្នើឲ្យពលរដ្ឋត្រឡប់ទៅផ្ទះវិញ ប៉ុន្តែលោក ទេព ធន មិនបានបញ្ជាក់ពេលវេលាថា​ នឹងដោះស្រាយបញ្ជប់ពេលណានោះទេ។

លោកបន្ថែមថា៖ «ក្រុមការងារដោះស្រាយវិវាទទី៨នឹងបន្តតាមដានជំរុញនិងព្យាយាមបើកកិច្ចសម្របសម្រួលដោះស្រាយបន្ថែមទៀតតាមការចាំបាច់ដើម្បីជួយស្វែងរកដំណោះស្រាយជូនប្រជាពលរដ្ឋតាមគោលនយោបាយឈ្នះ»។

លោក ទេព ធន ឲ្យដឹងទៀតថាករណីពលរដ្ឋទាមទារសំណង៥០០០ដុល្លារក្នុង១គ្រួសារនោះ លោកថាមិនមានសង្ឃឹមឡើយ។ ចំណែកពលរដ្ឋ១៧គ្រួសារដែលជម្លោះជាមួយក្រុមហ៊ុន លោក ហេង ហ៊ុយ លោកថាក្រសួងមិនអាចដោះស្រាយបានទេដោយថា រឿងនោះបានទៅដល់ដៃតុលាការហើយ។

ក្រោយពីមន្រ្តីក្រសួងនិយាយប្រាប់ដូចនេះក្រុមពលរដ្ឋអះអាងថា ពួកគេនឹងរងចាំចំណាត់ការរបស់ក្រសួងនេះបន្តទៀត ហើយពួកគេនៅតែតវ៉ាដោយមិនត្រឡប់ទៅផ្ទះវិញទេ ប្រសិនបើមិនបានដំណោះស្រាយដូចការចង់បាន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ