បទយកការណ៍៖ កម្មកររោងចក្រមួយនៅខេត្តកណ្តាល ទន្ទឹងរង់ចាំយុត្តិធម៌ ខណៈថៅកែរត់ចោលច្រើនខែ

គ្រាន់តែប្រាប់ថាជាអ្នកសារព័ត៌មាននិងសួរថាហេតុអីបានមកជុំគ្នា? ក្រុមស្ត្រីវ័យកណ្តាលនិងខ្លះទៀតមានវ័យចាស់ជាងដែលកំពុងក្រាលកន្ទេកអង្គុយក្រោមដើឈើ មានគ្នាប្រហែល២០នាក់ នាំគ្នាក្រោកឈរនិយាយស្ទើរតែស្តាប់មិនបាន ប្រាប់អ្នកយកព័ត៌មានVOD ជាហូរហែរ។

ក្នុងបរិវេណនៃខ្លោងទ្វារខាងមុខនេះ គឺរោងចក្រ Great Honour (ហ្គ្រេត អននើរ) ដែលលែងដំណើរការនិងមានទីតាំងស្ថិតក្នុងឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្តាល ចម្ងាយប្រហែល២០គីឡូម៉ែត្រពីភ្នំពេញ។

ពួកគេមកជួបជុំគ្នាបែបនេះមានរយៈពេលប្រហែល៧ខែ ហើយអ្នកខ្លះមកពេលថ្ងៃ អ្នកខ្លះមកពេលយប់ ផ្លាស់ប្តូរគ្នារាល់ថ្ងៃ។

ស្ត្រីម្នាក់ក្នុងចំណោមនោះជាអ្នកកំពង់ធំមកធ្វើការរោងចក្រនេះតាំងពីឆ្នាំ២០០៤ បន្ទាប់ពីថៅកែរត់ចោល គាត់ចង់ឲ្យគេទូទាត់ប្រាក់អតីតភាព ប្រាក់បំណាច់ផ្សេងៗ និងប្រាក់ខែចុងក្រោយ។

អ្នកស្រីថា៖ «និយាយទៅវេទនារាល់ថ្ងៃហ្នឹង សូម្បីតែកូនរៀនអ្នកខ្លះក៏គេផ្អាកឲ្យកូនរៀនដែរ ហើយអ្នកខ្លះទៀតឆ្លងទន្លេក៏អត់មានលុយ តែចេះតែម៉ោ នៅហ្នឹងអត់អីហូបចុក អង្ករបាយអត់មាន ថ្លៃផ្ទះជួលក៏អត់មានឲ្យគេ ទៅស្រុកក៏មិនដឹងរកអីដែរ […]»។

ស្ត្រីម្នាក់ទៀតអាយុប្រហែលជាងសែសិបឆ្នាំ និយាយផងភ្នែកប្រែក្រហមរលីងរលោង លើកឡើងតែពីទុក្ខលំបាក ហើយថា សមត្ថភាពការងារចុះខ្សោយ រកការងារមិនបានទេ បន្ទាប់ពីរោងចក្របានបិទទ្វារ។

អ្នកស្រីថា៖ «ទៅរករោងចក្រផ្សេង ខ្ញុំវាអាយុច្រើនហើយគេអត់យកទេ! អន់ភ្នែក ដល់ពេលចឹងខ្ញុំ នៅតែរង់ចាំហ្នឹង ហើយថ្នាក់លើចេះតែថា ដោះស្រាយមួយថ្ងៃហើយមួយថ្ងៃទៀត ​មួយខែហើយមួយខែទៀត។ ខ្ញុំចេះ តែយកលុយពីផ្ទះម៉ោអាណិតម៉ែអាណិតឳ ព្រោះនៅផ្ទះឳឈឺ អត់មានលុយឲ្យគាត់ហើយយកលុយពីគាត់ទៀត បើដើរចោលវាស្តាយ ញ៉ុមធ្វើតាំងពី២០០១ […]​»។

មកក្បែរមាត់ទ្វារចូលរោងចក្រ បុរសម្នាក់កំពុងឈរជាមួយក្រុមស្ត្រីដែលមានកាន់បដា លើកបង្ហាញប្រាប់ពីសារដែលបានសរសេរអំពាវនាវឲ្យលោកនាយករដ្ឋមន្ត្រីជួយអន្តរាគមន៍។ បុរសដែលមានរាងស្គមនេះបានធ្វើការនៅរោចក្រក ហ្គ្រេត អននើរ អស់រយៈពេល១៨ឆ្នាំហើយ។ ឥឡូវនេះ លោកថា ម្ចាស់ផ្ទះជួលឲ្យរើចេញ ព្រោះអត់លុយបង់ និងប្រហែលជាអាចនាំគ្នាមកធ្វើស្តង់នៅមុខរោងចក្រនេះ មិនខាន។

លោកថា៖​ «ចង់ឲ្យស្ថាប័នពាក់ព័ន្ធទាំងអស់ជួយកម្មករផង ខ្លះដេកយំ មានខ្លះតស៊ូ ខ្លះស្លាប់ តៃកុងឡានមួយស្លាប់ហើយ បងមួយឈឺមកដេកយំរាល់ថ្ងៃពិបាកណាស់។ ចង់ឲ្យរដ្ឋាភិបាលជួយជំរុញការងារនេះឲ្យលឿន ព្រោះវេទនា អាលនឹងរកការងារធ្វើ ម្នាក់ៗជំពាក់គេ ខ្លះគេអូសដីអស់ […]»។

ចេញពីមាត់ទ្វាររោងចក្រមិនឆ្ងាយប៉ុន្មាន មានផ្លូវតូចៗក្បែរនោះ ដែលបត់ស្របទៅតាមចំហៀង។ បរិវេណនោះ គឺមានសុទ្ធបន្ទប់ជួលសម្រាប់កម្មករ ដែលមានតម្លៃពី២០ទៅ៣០ដុល្លារក្នុងមួយខែ។

ស្ត្រីម្នាក់ កំពុងបំបៅកូនដោយទឹកដោះគោកំប៉ុងបណ្តើរ រៀបចំអង្រឹង ដែលចងភ្ជាប់ពីប្រឡោះខ្យល់ទៅជញ្ជាំងបន្ទប់ទឹកក្នុងបន្ទប់ជួលដ៏ចង្អៀតរបស់គាត់បណ្តើរ។ អ្នកស្រីឈ្មោះ ចេង ស្រីឡុំ ធ្វើការនៅរោងចក្រហ្គ្រេតអននើរនេះ ១៥ឆ្នាំហើយ។ រៀបរាប់ទាំងទឹកភ្នែក អ្នកស្រីប្រាប់ថា ខែដែលសម្រាលកូន ថៅកែក៏រត់បាត់ដោយមិនបានបើកលុយឲ្យទេ ហើយអ្នកស្រីក៏មិនសូវបានទៅតវ៉ាដូចគេទេ ដោយជាប់រវល់កូនខ្ចី។

អ្នកស្រីថា៖ «ពេលសម្រាលកូនអត់លុយ រកលុយគេខ្លះ ថ្លៃបន្ទប់បណ្តាក់គេខ្លះ ឲ្យគេខ្លះ។ គ្រួសារធ្វើសំណង់ ការងារគាត់អត់ជាប់។ តវ៉ាហ្នឹង គេចេះតែឲ្យចាំសិន សង្ឃឹមតិចណាស់ ពីមុនស្រុសគ្នាល្អ អ្នកខ្លះទ្រាំទ្រមិនបានរកការងារសិន បើមិនចឹងអត់មានលុយឲ្យថ្លៃបន្ទប់គេ។ មុនដំបូងមានសង្ឃឹម ដល់ពេលយូរៗអត់មានសង្ឃឹមសោះ»។

បើតាមកម្មករ ដែលភាគច្រើនបំផុតជាស្ត្រី ប្រាប់ថា រោងចក្រនេះ ដំបូងឈ្មោះ WINNER KNITTING FACTORY LTD ក្រោយមកបានប្តូរមកឈ្មោះ GREAT HONOUR TXTILE FACTORY LTD វិញ។ នៅចុងឆ្នាំ២០១៦ ថៅកែបានរត់ចោល ដោយមិនបើកប្រាក់ខែចុងក្រោយឲ្យកម្មករទាំងអស់ ដែលមានចំនួន ៩៧១នាក់។

ក្រុមកម្មករ បាននាំគ្នាតវ៉ាដល់អាជ្ញាធរស្ទើរគ្រប់កន្លែង រហូតធ្លាប់មានការបិទផ្លូវផង និងបានដោះស្រាយដល់ក្រុមប្រឹក្សាអាជ្ញាកណ្តាល និងបន្តរឿងក្តីដល់តុលាការខេត្តកណ្តាល។ កម្មករជាពិសេសកម្មការិនីដែលមានវ័យចាស់និងមានបញ្ហាសុខភាពមិនអាចរកការងារបាន នៅតែបន្តរកអន្តរាគមន៍ឲ្យជួយពន្លឿនរឿងនេះ រហូតដល់ប្រព័ន្ធផ្សព្វផ្សាយមួយចំនួនធំ ក៏ប៉ុន្តែនៅតែមិនទាន់បានទទួលលទ្ធផលនៅឡើយ។

ចំពោះលោ លោក មឿន តុលា នាយកប្រតិបត្តមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារនិងសិទ្ធិមនុស្ស ហៅកាត់ថាសង់ត្រាល់ មានប្រសាសាន៍ថា ដោយសារតែប្រទេសយើងអត់មានតុលាការងារទេ គេប្រើតុលាការអាជ្ញាគតិ គឺតុលាការទូទៅបច្ចុប្បន្ន ដែលក្នុងនីតិវិធីអត់មានកំនត់អ្វីច្បាស់លាស់ដែលជាហេតុផលធ្វើឲ្យនិយោជក ឬតុលាការចេះតែពន្យារពេល។ លោកថា យ៉ាងណាក៏ដោយកម្មករមានសិទ្ធិទាមទារដល់បីឆ្នាំ ប៉ុន្តែបើទាមទាររហូតគឺអត់ផុតរលត់ទេ។

លោកបន្ថែមថា អាជ្ញាធរឬតុលាការគួរពន្លឿននីតិវីធី ពិនិត្យមើលទ្រព្យសម្បត្តិផ្សេងៗលក់ឡៃឡុងយកមកទូទាត់សងបំណុលកម្មករ បើរដ្ឋខ្វល់ខ្វាយពីសុខទុក្ខកម្មករពិតប្រាកដ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ