ស្ថានការណ៍នយោបាយនៅពេលនេះ ត្រូវបានគេមើលឃើញថាហាក់បានឡើងកម្តៅគួរឲ្យព្រួយបារម្ភឡើងវិញ ក្រោយពីលោក ហ៊ុន សែន ព្រមានថានឹងរឹបអូសទ្រព្យសម្បត្តិរួមទាំងស្នាក់ការគណបក្សសង្គ្រោះជាតិផង បើលោកឈ្នះក្តីលើមេដឹកនាំបក្សប្រឆាំង លោក សម រង្ស៊ី ករណីបណ្តឹងបរិហាកេរ្តិ៍ ទារជម្ងឺចិត្ត១លានដុល្លារនោះ។
មួយវិញទៀតសម្ព័ន្ធភាពរបស់គណបក្សទាំងពីរ ហាក់បានចែកផ្លូវគ្នាឡើងវិញ នៅពេលតំណាងរាស្ត្ររបស់គណបក្សប្រជាជនកម្ពុជាបានធ្វើវិសោធនកម្មបទបញ្ជាផ្ទៃក្នុងសភា លុបចោលតំណែងប្រធានក្រុមមតិភាគតិចនិងប្រធានក្រុមតិភាគច្រើន ដែលគណបក្សទាំងពីរបានបង្កើតឡើងអំឡុងត្រូវរ៉ូវគ្នានាឆ្នាំ២០១៤។
ការដើរថយក្រោយនៃចរន្តនយោបាយបែបនេះ គណបក្សធំៗទាំងពីរដែលមានអាសនក្នុងសភា បានការពារភាពត្រឹមត្រូវតែរៀងៗខ្លួន។ គណបក្សប្រឆាំងអះអាងថា ការលុបចោទស្ថាប័នទាំងពីរក្នុងសភានេះ ជាសញ្ញាណដើរថយក្រោយទៅលើយន្តការជំរុញប្រជាធិបតេយ្យ ដោយថាប្រព័ន្ធទំនាក់ទនងត្រូវបានកាត់ផ្តាច់។
ចំណែកមេដឹកនាំបក្សកាន់អំណាចវិញ អះអាងថា ការផ្តាច់ចំណងទាក់ទងរវាងប្រធានក្រុមមតិភាគច្រើន និងប្រធានក្រុមមតិភាគតិចនៅពេលនេះថា ជាការគេចចេញពីការដាក់សម្ពាធណាមួយ ពីបក្សប្រឆាំង ឲ្យខ្លួនជ្រៀតជ្រែកប្រព័ន្ធយុត្តិធម៌ ដើម្បីបានដោះលែងអ្នកជាប់ឃុំ ដែលសង្គមស៊ីវិលចាត់ទុកថាជាអ្នកទោសមនសិការ។
សញ្ញាណគួរឲ្យព្រួយបារម្ភមួយទៀតរបស់អ្នកនយោបាយនោះ គឺលោក ហ៊ុន សែន បានជំរុញឲ្យតំណាងរាស្ត្ររបស់លោកដែលមានសំឡេងភាគច្រើនក្នុងសភា ធ្វើវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយ ដែលលោកថា ច្បាប់នោះ ត្រូវសរសេរថាអ្នកនយោបាយមានទោស មិនអាចធ្វើជាប្រធាននិងអនុប្រធានគណបក្សបានទេ។
ក្នុងន័យនេះ លោក ហ៊ុន សែន ហាក់សំដៅទៅលើប្រធានគណបក្សសង្គ្រោះជាតិលោក សម រង្ស៊ី ដែលកំពុងនីរទេសខ្លួននៅក្រៅប្រទេស គេចចេញពីការតាមចាប់ខ្លួន របស់តុលាការ។
តើមានកត្តាអ្វីខ្លះជំរុញឲ្យលោក ហ៊ុន សែន ចង់ធ្វើច្បាប់ផាត់លោក សម រង្ស៊ី ចេញពីឆាកនយោបាយ?
អ្នកវិភាគលើកឡើងថា មានកត្តា៣យ៉ាងដែលជំរុញឲ្យលោក ហ៊ុន សែន មិនចង់ឲ្យមានវត្តមានមេបក្សប្រឆាំង លោក សម រង្ស៊ី ចូលកម្ពុជាធ្វើជាមេដឹកនាំបក្សប្រឆាំង។
អ្នកឯកទេសវិទ្យាសាស្ត្រនយោបាយ និងអភិបាលកិច្ច លោក បណ្ឌិត ចាន់ វិបុល លើកឡើងថា ក្រោយការបាកបោះឆ្នោតឆ្នាំ២០១៣ គណបក្សប្រជាជន ដែលកាត់អំណាចជាង៣០ឆ្នាំមកនោះ បានធ្លាក់ប្រជាប្រជាប្រិយភាព ចំណែកគណបក្សសង្គ្រោះជាតិដែលមានការច្របាច់ចូលគ្នា រវាងមេដឹកនាំ លោក សម រង្ស៊ី និងលោក កឹម សុខា ។ លោកថា សញ្ញាណនេះបង្ហាញថារលកប្រជាធិបតេយ្យបានហក់ឡើង។
លោក ចាន់ វិបុល វិភាគថា ការដែលលោក ហ៊ុន សែន ចង់ឲ្យកែច្បាប់ចម្រិតសិទ្ធិធ្វើនយោបាយ អំឡុងពេលលោក សម រង្ស៊ី កំពុងជាបបណ្តឹង នយោបាយបែបនេះ លោក ថា ជាសារមួយបង្ហាញថា មេបក្សកាន់អំណាច បារម្ភពីរការបាត់បង់អំណាច តាមរយៈពង្រឹយយន្តការប្រជាធិបតេយ្យ។
បើតាមលោក ចាន់ វិបុល ទំនងជាបារម្ភពីការហក់ឡើងនៃរលកប្រជាធិបតេយ្យនេះ អាចធ្វើមេដឹកនាំបក្សកាន់អំណាច ងាកមកចាប់យកយន្តការពង្រឹងអំណាច តាមបែបរបបប្តេចការនិយមវិញ។
ម៉្យាងវិញទៀត លោក ចាន់ វិបុល វិភាគទៀតថា ការដែលមេដឹកនាំបក្សកាន់អំណាច ជ្រើសរើសយកយន្តការការពារអំណាច បែបគ្មានតម្លាភាពបែបនេះ លោកថា អាចមកពីបក្សកាន់អំណាច ធ្វើកំណែទម្រង់ ដើម្បីទាញយកការគាំទ្រ ពីមហាជនទៅមុខលែងរួច។
លោកថា៖ «បើនិយាយពីគណបក្សប្រជាជន គឺលោកហាក់មិនមានសមត្ថភាព កែទម្រង់ស្អីទៀតទេ ព្រោះកា រដឹកនាំជាង៣០ – ៤០ឆ្នាំហើយ អំពើពុករលួយនៅក្នុងសង្គមកម្ពុជាធ្ងន់ក្រាស់ក្រែលហើយដែរ។ បក្ខពួកនិយមគ្រួសារនិយម ត្រកូលនិយមនេះ ក៏ជាងរឿងដែលមិនអាចកាត់ផ្តាច់បានដែរ ហើយសមត្ថភាពនៃមេដឹកនាំមួយចំនួនដែលមានវ័យចំណាស់ ហើយមិនចង់បាត់បង់អំណាចហ្នឹងក៏មិនអាចកែប្រែបានដែរ។ ហើយទី៤ទៀតចរិតនៃអ្នកនយោបាយ បែបប្រជាធិបតេយ្យនៅក្នុងខ្លួនគាត់ហ្នឹង ក៏មានច្រើនទៅទៀត។ អញ្ចឹងទាំងអស់ហ្នឹងហើយដែលជារនាំងធ្វើឲ្យគណបក្សប្រជាជនភ័យខ្លាចក្នុងការចាញ់អំណាចនៅតែជាចំនុចចាំបាច់បំផុត»។
អ្នកឃ្លាំមើលពីការអភិវឌ្ឍសង្គម និងនយោបាយ លោក គឹម សុខ លើកឡើងថា ការដែលលោក ហ៊ុន សែន ជំរុញឲ្យធ្វើច្បាប់ផាត់លោកសម រង្ស៊ី ចេញពីឆាកនយោបាយបែបនេះ លោកវិភាគថា អាចមកពីយន្តសាស្ត្របំបែកបំបាក់ និងយុត្តិសាស្ត្រគំរាមកំហែងទៅលែងមានប្រសិទ្ធិភាពលោកថា ទើបមេដឹកនាំបក្សកាន់អំណាចប្រើស្ថាប័នពីរសំខាន់ គឺតុលាការ និងរដ្ឋសភា សម្រាប់កម្ចាត់មេបក្សប្រឆាំង។
លោកថា៖ «ពិនិត្យឲ្យជាក់លាក់ទៅ គណបក្សសង្គ្រោះជាតិនៅតែខ្លាំង នៅពេលដែលលោកនាយករដ្ឋមន្ត្រីគាត់ប្រើគ្រប់វិធីសាស្ត្រអស់ទៅហើយ នៅតែមិនអាចធ្វើឲ្យខ្សោយបាន។ បំបែកមិនបានហើយ ធ្វើឲ្យខ្សោយមិនបានទៀត អាហ្នឹងវាជាមូលហេតុធំបំផុតហើយ ដែលគាត់ដាក់នូវយុទ្ធសាស្ត្រឈ្នានីសចុងក្រោយនេះ តាមរយៈការប្រើយន្តការណ៍សភា និងតុលាការ»។
សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយ លោក ឯម សុវណ្ណារ៉ា លើកឡើងប្រហាក់ប្រហែលដែរថា ថ្មីបើរដ្ឋធម្មនុញ្ញបានចែងថា អំណាចនីតិបញ្ញត្ត នីតប្រតិបត្តិ និងតុលាការ ជាអំណាចដាច់ពីគ្នាក៏ដោយ តែលោកថាបច្ចុប្បន្ននេះ អំណាច កំពូលទាំង៣ លោកថាស្ថិតក្នុងដៃលោក ហ៊ុន សែន។ លោកវិភាគថា ដូចនេះ លោក ហ៊ុន សែន នឹងប្រើគ្រប់រូបភាព ដើម្បីទប់ស្កាត់កុំឲ្យអំណាចរបស់លោកបាត់បង់ដោយប្រការណាមួយ តាមរយៈល្អុកល្អឺនជាមួយបក្សប្រឆាំងដែលកំពុងហក់ឡើងប្រជាប្រិយភាពនោះទេ។
ប៉ុន្តែលោក ឯម សុវណ្ណារ៉ា វិភាគថា ជម្រើសបន្តគ្រប់គ្រងអំណាច តាមរយៈមិនគោរព គោលការប្រជាធិបតេយ្យ ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញនោះ លោកថា ជាគំរូអាក្រក់ សម្រាប់ក្មេងជំនាន់ក្រោយ និងបង្កឲ្យសង្គមជាតិបែបបាក់។
លោកថា៖ «ចរន្តនេះឯងយើងហៅថាផ្តល់រូបភាពអាក្រក់ទី១។ ទី២វាបង្កទៅជាចរន្តបង្កឲ្យពលរដ្ឋចែកចេញជាពីរ ទៅតាមមនោគមវិជ្ជារវាងអ្នកគាំទ្របក្សកាន់អំណាចនិងមនោគមវិជ្ជានៃអ្នកគាំទ្រលទ្ធិសេរី។អញ្ចឹងពលរដ្ឋកម្ពុជានឹងប្រឈមនឹងការប៉ះទង្គិចគ្នាពីការបង្រួមជាតិ និងការអភិវឌ្ឍជាតិ ស្រុះស្រួលជាមួយគ្នា ក្នុងសន្តិវិធីទេ បានន័យថា និងប្រឈមនឹងការប៉ះទង្គិយចគ្នានៅថ្ងៃអនាគតហើយ»។
លោក ឯម សុវណ្ណារ៉ា វិភាគទៀតថា បញ្ជានេះបើគ្មានកិច្ចអន្តរាគមន៍ទាន់ពេលពីសហគមន៍អន្តរជាតិទេ លោកថា កម្ពុជានឹងឈានទៅរកការដឹកនាំមួយបែផ្តាច់ការនិយម។
លោកថា៖ «បើបក្សមួយមានឥទ្ធិពលគ្របដណ្តប់ ធ្វើអីស្រែកចិត្ត ហើយបក្សមួយបក្សមួយទៀតបាត់ឱកាសចូលរួមក្នុងការប្រកួតប្រជែងដោយសេរីដោយស្មើភាព អាហ្នឹងខ្ញុំថាលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា រងឥទ្ធិពល ឬក៏នូវផលប៉ះពាល់ រងការគំរាមកំហែងដោយអំណាចផ្តាច់ការនេះហើយ។ ហើយកម្ពុជានឹងឈានទៅរកអំណាចផ្តាច់ការហើយបើសិនលទ្ធិប្រជាធិបតេយ្យត្រូវបានគំរាមកំហែង ឬក៏មិនបានអនុវត្តន៍ឬក៏មិនបានគាំទ្រដោយអង្គការសហប្រជាជាតិដែលចូលរួមជំរុញបញ្ហានេះ។ ហើយអ្នកដែលរងទុក្ខខ្លាំងពីបញ្ហានេះ គឺប្រជាពលរដ្ឋកម្ពុជាខ្លួនឯងតែម្តង»។
ទោះជាយ៉ាងណាមកដល់ពេលនេះ គ្មាននណាម្នាក់អាចទស្សទាយបានថា ក្រោយការបោះឆ្នោតឆ្នាំ២០១៨ លោក ហ៊ុន សែន នឹងនៅតែអាចគ្រប់គ្រងតំណែង ជានាយករដ្ឋមន្ត្រីតទៅទៀតបានឬក៏យ៉ាងណានៅឡើយទេ តាមការប្រឹងប្រែងរបស់លោក ដូចបច្ចុប្បន្ននេះ?