ខុទ្ទកាល័យ​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី​បដិសេធ​របាយការណ៍​ពី​ការ​ផ្ទេរ​លុយ​ទៅ​គណនី​របស់​លោក ណាជីប

នាយករដ្ឋមន្រ្តី ណាជីប រ៉ាហ្សាក់ (រូបភាពពី Reuters)

ក្រោយ​ពី​មាន​ការ​រាយការណ៍ចុងក្រោយមួយ​របស់កាសែត ​​The Wall Street Journal ការិយាល័យនាយករដ្ឋ​មន្រ្តីម៉ាឡេស៊ី កាល​ពី​ថ្ងៃអង្គារបានរំឭកឡើងវិញថាលុយ​មូលនិធិផ្ទេរទៅគណនីធនាគាររបស់នាយករដ្ឋមន្រ្តី ណាជីប រ៉ាហ្សាក់ (Najib Razak) គឺ​ជា​ប្រាក់ឧបត្ថម្ភ​ពី​ប្រទេសអារ៉ាប៊ីសាអ៊ូឌីត។

កាសែត​​ The Wall Street Journal ​បាន​រាយការណ៍​ថាគណនីផ្ទាល់ខ្លួន​របស់លោក ណាជីប រ៉ាហ្សាក់ (Najib Zarak) ​មាន​ចំនួន​សរុបជាង១ពាន់​លានដុល្លារ​ ដោយ​ក្រុម​អ្នក​ស៊ើបអង្កេត​អន្តរជាតិ​ជឿ​ថា ភាគ​ច្រើន​នៃ​លុយ​ទាំង​នេះ​មាន​ប្រភព​ចេញ​ពី​ប្រាក់​ជំនួយ​របស់​ប្រទេស​ម៉ាឡេស៊ី​។

ទោះយ៉ាងណា ក្នុង​សេចក្ដី​ថ្លែង​ការណ៍​មួយ​កាលពី​ម្សិលមិញ ខុទ្ទកាល័យ​របស់​លោក ណាជីប បាន​បកស្រាយ​ថា លុយមូលនិធិ​ទាំង​នោះ​គឺ​ជា​ប្រាក់​ឧបត្ថម្ភ​ពី​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត ហើយ​បញ្ហា​នេះ​ត្រូវ​បានត្រួត​ពិនិត្យ និង​​បញ្ជាក់​រួច​ហើយ​ពី​អាជ្ញាធរ​មាន​សមត្ថកិច្ច​ដែល​បាន​ធ្វើ​ការ​ស៊ើប​អង្កេត​យ៉ាង​ល្អិត​ល្អន់​។

សេចក្ដី​ថ្លែង​ការណ៍​ដដែល​នោះ​បាន​ចោទ​កាសែត​ The Wall Street Journal ថា​នៅ​តែ​បន្ត​វាយ​ប្រហារ​លើ​លោក ណាជីប និង​ព្យាយាម​ភ្ជាប់​រឿងគម្រោង​មូលនិធិ​មួយ​ដែល​ឈ្មោះ​ថា អភិវឌ្ឍម៉ាឡេស៊ី​តែ​១(1MDB)។

ចំណែក​ឯ​មូលនិធិ​1MDB ក៏​នៅ​តែ​អះអាង​ថា​មិន​ដែល​ផ្ទេរ​លុយ​ទៅ​គណនី​របស់​លោក ណាជីប​ នោះ​ទេ​។

ពាក់ព័ន្ធ​នឹង​ករណី​នេះ អតីតនាយករដ្ឋមន្រ្តីម៉ាឡេស៊ីលោក មហាធៀ មហាម៉ាត់ (Mahathir Mohamad) ដែល​ទើប​បានចាកចេញពី​គណបក្ស​រួបរួម​ជាតិម៉ាឡេ(United Malays National Organisation)របស់​លោក ណាជីប និង​ជា​គណបក្ស​ដែល​រូប​លោក​ផ្ទាល់​បាន​ដឹកនាំជាង​២០​ឆ្នាំ​នោះ​បាន​មាន​ប្រសាសន៍​ថា ប្រសិន​បើ​អត្ថបទ​របស់​កាសែត The Wall Street Journal ជា​ព័ត៌មាន​មិន​ពិត លោក ណាជីប គួរ​តែ​ប្ដឹង​កាសែត​នោះ​សម្រាប់​ការ​​ផ្សាយ​ព័ត៌មាន​មិន​ពិត៕

ប្រភព​៖ Channel News Asia

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ