រដ្ឋមន្រ្តីព័ត៌មានថា​ក្រសួងខ្វះមន្រ្តី​ដែល​មានឆន្ទៈ​និងជំនាញការងារ​

រដ្ឋមន្រ្តីក្រសួង​ព័ត៌មាន លោក ខៀវ កាញារិទ្ធ

រដ្ឋមន្រ្តីក្រសួងព័ត៌មានបានជំរុញឲ្យមន្ត្រីក្រោមឱវាទរបស់ខ្លួនយកចិត្តទុកដាក់ធ្វើការងារនិងត្រូវពង្រឹង សមត្ថ​ភាពបន្ថែម ខណៈលោក​រកឃើញថាមន្រ្តីមួយចំនួន​បានអសកម្មការងារនិងកង្វះជំនាញការងារ​។

ក្នុងកិច្ចប្រជុំបូកសរុបការងារឆ្នាំ២០១៥និងយុទ្ធសាស្ត្រសម្រាប់ឆ្នាំ២០១៦ដែលធ្វើឡើង​នៅ​ថ្ងៃ​ពុធនេះ​ រដ្ឋមន្រ្តី​ក្រសួង​ព័ត៌មាន លោក ខៀវ កាញារីទ្ធ មានប្រសាសន៍ថាកន្លងទៅមានមន្រ្តីក្នុងក្រប​ខណ្ឌក្រសួ​ងមួយចំនួន​ ​អសកម្ម​ការងារនិងមន្រ្តីមួយចំនួនទៀតបានខិតខំរកគ្រប់មធ្យោបាយដើម្បីស្វែងរកតួនាទី​និងមុខតំណែ​ង​ខ្ពស់​ តែលោក​ថា​មិនខិតខំធ្វើការងារនិងមិនខិត​ខំ​ពង្រឹងពង្រីក​សមត្ថភាពដឹក​នាំ​គ្រប់​គ្រង​និង​សមត្ថ​ភាព​ជំនាញ​របស់ខ្លួន។​

លោក ខៀវ កាញារីទ្ធ បានក្រើនរំឭក​ឲ្យមន្រ្តីពាក់ព័ន្ធរបស់ក្រ​សួងទាំងអស់ត្រូវពង្រឹងសមត្ថភាពនិងមានឆន្ទៈ អនុវ​​ត្តការងារឲ្យបានពិតប្រាកស្របតាមកម្មវិធីកំណែទម្រង់នៃការគ្រប់គ្រងរដ្ឋបាលសាធារណៈរបស់​រដ្ឋាភិបា​ល។ លោកមានប្រសាសន៍ថា៖ “យើងខ្វះមន្រ្តីដែលមានឆន្ទៈនិងជំនាញការងារ តែយើងក៏លើសមន្រ្តី ដែល​ខ្វះ​សមត្ថ​ភាពនិងមិនទាន់មានជំនាញពិតប្រាកដ។ មន្រ្តីក្មេងៗមួយចំនួនដែលបានតាំងស៊ុបក្នុង​ក្របខណ្ឌក្រសួ​ង​ហើយ ហាក់ដូចជាគ្រាន់តែមកផ្ញើសាំនៅក្នុងក្របខណ្ឌក្រសួងតែទៅធ្វើការកន្លែងផ្សេងទៅវិញ”

បើតាមផែនការយុទ្ធសាស្រ្តការងាររបស់ក្រសួងសម្រាប់ឆ្នាំ២០១៦នេះ ក្រសួងនឹងពង្រឹង សមត្ថភាព​ស្ថាប័ន​ទាំង​​លើ​ការងារដឹកនាំ គ្រប់គ្រងនិងជំនាញបច្ចេកទេសដល់បុគ្គលិក ដោយអនុវត្តគោល នយោ​បាយ​យុវភាវូប​នី​យកម្មយេនឌ័រនិងទំនើបកម្មមូលដ្ឋានសម្ភារៈបច្ចេកទេស ដើម្បីធានាបាននូវនិរន្តរភាពនិងប្រសិទ្ធភាព​ការងារ​ខ្ព​ស់​​។

លោក​មានប្រសាសន៍ថា៖ “ពេញ​មួយ​ឆ្នាំ​២០១៥ កន្លងទៅ​នេះ ថ្នាក់ដឹកនាំ​ មន្រ្តី​រាជ​ការ​ទាំង​អស់ ក្នុងក្រប​ខណ្ឌ​ក្រសួង​ព័ត៌មាន​ទាំងមូល ទាំងនៅ​ថ្នាក់​ជាតិ​និង​ថ្នាក់ក្រោម​ជាតិ សម្រេច​បាន​លទ្ធផល​ការងារច្រើន ស្រប​តាម​ទិស​ដៅ​និង​ភារកិច្ច​ដែល​បាន​ដាក់​ចេញ​កាលពីសន្និបាត​បូក​សរុប​ការងារ​ឆ្នាំមុន តែ​យើង​ក៏​នៅ​តែ​មាន​បញ្ហា​ប្រឈម​មួយ​ដែល​ត្រូវ​បន្ត​ដោះស្រាយ​ ធ្វើ​យ៉ា​ង​ណា​ឲ្យ​វិស័យ​ព័ត៌មាននិងសោតទស្សន៍​របស់យើង​ កាន់តែមា​នការ​វិ​វឌ្ឍ​​រីកចម្រើន​បន្ថែម​ទៀត​”។​

លោក ខៀវ កាញារីទ្ធ បាន​ឲ្យ​ដឹង​ថា​ក្នុងឆ្នាំ​២០១៥ ក្រសួង​បាន​រៀបចំ​ជ្រើ​សរើស​ក្របខណ្ឌ​ថ្មី​ចំនួន​៧​១នាក់​បន្ថែ​ម​​ទៀត តែ​លោក​ថា​ក្រសួង​នៅ​តែ​ខ្វះមន្រ្តី​សម្រាប់​បម្រើ​ការងារ​ដដែល។​

គួរ​បញ្ជាក់​ថាលោក ខៀវ​ កាញារីទ្ធ ធ្លាប់ប្រកាសថាខ្លួននឹងចូលនិវត្តន៍ឈប់ធ្វើជារដ្ឋមន្រ្តីក្រសួងព័ត៌មាន នៅ​អាណ​ត្តិក្រោយ គឺ​ឆ្នាំ​​២០១៨ខាងមុខនេះ៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ