បទយកការណ៍៖ ការផ្ដល់សេវាកម្មធ្វើស្លាកលេខយានយន្តនៅតែធ្វើឲ្យពលរដ្ឋធុញទ្រាន់

ប្រជាពលរដ្ឋរងចាំធ្វើស្លាកលេខម៉ូតូនៅមន្ទីរសាធារណការ កាលពីពេលកន្លងទៅ (ដោយ លី បេទ្បា)

ទោះបីជាមានការបញ្ជាពីនាយករដ្ឋមន្រ្តីនិងមានការកែសម្រួលច្រើនទាក់ទងនឹងការផ្ដល់សេវាកម្មរដ្ឋជូនប្រជាជនដូចជាការធ្វើប័ណ្ណបើកបរ ការត្រួតពិនិត្យបច្ចេកទេសរថយន្ត និងការកាត់ឈ្មោះជាម្ចាស់កម្មសិទ្ធិម៉ូតូនិងរថយន្តក៏ដោយ ក៏ប៉ុន្តែពលរដ្ឋនៅតែមានការធុញទ្រាន់នឹងភាពយឺតយ៉ាវនៃសេវាកម្មការធ្វើស្លាកលេខម៉ូតូវិញម្តង​។ ប៉ុន្តែមន្រ្តីរដ្ឋាភិបាលអះអាងថានឹងកែសម្រួលសេវាកម្មឲ្យបានល្អជាងនេះ។

នៅព្រឹកថ្ងៃទី០១ ខែមីនា នេះអ្នកសារព័ត៌មានវីអូឌីបានចុះទៅជួបផ្ទាល់និងស្ដាប់ការត្អូញត្អែរបស់ប្រជាពលរដ្ឋមួយចំនួនដែលកំពុងរង់ចាំទទួលសេវាកម្មនៃការធ្វើស្លាកលេខម៉ូតូនៅឯមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ។

ប្រជាពលរដ្ឋដែលកំពុងរង់ចាំទទួលសេវានេះបានលើកឡើងថាការផ្ដល់សេវានេះនៅតែមានលក្ខណៈយឺតយ៉ាវសម្រាប់ពលរដ្ឋដែលរត់ឯកសារដោយខ្លួនឯង ប៉ុន្តែពួកគេថាបើចំណាយលុយក្រៅផ្លូវការឲ្យមន្រ្តីនៅទីនោះរត់ការឯកសារជំនួសទើបកាត់បន្ថយការរង់ចាំយូរ។

ដៃកាន់អត្តសញ្ញាណប័ណ្ណអង្គុយចាំទទួលយកស្លាកលេខម៉ូតូលោក សុខា បានលើកឡើងថាស្លាកលេខម៉ូតូរបស់លោកត្រូវបានមន្រ្តីដែលធ្វើការនៅទីនោះជាអ្នករត់ការឯកសារឲ្យដែលចំណាយប្រាក់អស់៣៥ដុល្លារ។ លោកបន្ថែមថាពេលលោកមកដល់កន្លែងធ្វើនេះភ្លាមមានមន្រ្តីម្នាក់មកសួរគាត់និងធានាទទួលរត់ឯកសារដើម្បីធ្វើស្លាកលេខឲ្យបានលឿនដោយសារមន្រ្តីនោះថាគាត់មានបណ្ដាញនៅក្នុងនោះ

លោកបន្ថែមថា៖ សម្រាប់ខ្ញុំគិតថាគេរត់ការឲ្យមកពីមានអ្នករត់ការឲ្យចឹងបានកើតជាមូលហេតុមកធ្វើខ្លួនឯងយូរព្រោះអ្នករត់ការថាខាងក្រុមការងាររបស់គាត់ វាប៉ះពាល់ដល់ប្រជាជន វាចំណាយអស់៧ដុល្លារពីលើទៀត អញ្ចឹងចង់ឲ្យមានការផ្លាស់ប្តូរមកធ្វើខ្លួនឯងវាស្រួលមិនសូវអស់ចំណាយអ្វីទៀតព្រោះប្រជាជនម្នាក់ៗសុទ្ធតែមិនសូវជាអ្នកមានទេ

ពលរដ្ឋម្នាក់ទៀតដែលអះអាងថាអង្គុយរង់ចាំទទួលស្លាកលេខម៉ូតូអស់ជាង៣ម៉ោងនៅតែមិនទាន់ទទួលបានលោក ជន ពិសិដ្ឋ លើកឡើងថាការទទួសេវាកម្មធ្វើស្លាកលេខម៉ូតូនេះនៅតែមានការលំបាកនិងចំណាយពេលវេលាយូរ។ លោកបន្ថែមដោយសារតែខ្លាចចំណាយពេលយូរបែបនេះទើបលោកសម្រេចចិត្តឲ្យក្រុមហ៊ុនដែលលោកទិញម៉ូតូជាអ្នករត់ការធ្វើឲ្យតែម្ដង។

លោកបន្ថែមថា៖ ចង់ឲ្យការធ្វើស្លាកលេខម៉ូតូហ្នឹងឲ្យវាឆាប់រហ័យទាន់តម្រូវការរបស់យើងដែលត្រូវការបើយើងនៅឆ្ងាយទំរាំចំណាយពេលវេលានិងសេវាចេញចូលជួនកាលមករហូតដល់ពេលនេះនៅតែមិនទាន់បានទៀត អញ្ចឹងជៀសវាងកុំឲ្យមានការយឺតយ៉ាវចឹងយើងចង់ឲ្យរដ្ឋាភិបាលហ្នឹងគិតយ៉ាងណាកែសេវាហ្នឹងឲ្យពលរដ្ឋបានឆាប់រហ័ស

ពលរដ្ឋដែលមកធ្វើស្លាកលេខម៉ូតូម្នាក់ទៀតលោក ពៅ ភក្ដី បានលើកឡើងដែរថាមុនដំបូងលោកក៏ចង់ធ្វើរត់ការឯកសារដោយខ្លួនឯងដែរតែដោយសារចំណាយពេលយូរពេលលោកក៏សម្រេចឲ្យគេជួយធ្វើរត់ការឲ្យវិញ។

លោកបន្ថែមថា៖ ពិបាកធ្វើដែរធ្វើស្លាកលេខនេះវាពិបាកណាស់អ្នកខ្លះមកដល់តែ២ទៅ៣ថ្ងៃមកថ្ងៃនេះខកមកថ្ងៃនោះខក បងខ្ញុំខកពីរដងអត់បានកិបយូរពេកដល់យូរពេកគាត់ទៅផ្ទះវិញ

ពលរដ្ឋម្នាក់ទៀតដែលអង្គុយរង់ចាំទទួលយកស្លាកលេខម៉ូតូលោក ខូយ សុភាក់ ក៏បានលើកឡើងប្រហាក់ប្រហែលគ្នានេះដែរថាដើម្បីកុំឲ្យរង់ចាំយូរបែបនេះទើបលោកឲ្យក្រុមហ៊ុនដែលលោកទិញម៉ូតូនោះជាអ្នករត់ការធ្វើស្លាកលេខឲ្យតែម្តង ប៉ុន្តែគឺចំណាយប្រាក់លើសពីតម្លៃម៉ូតូដែលបានទិញនោះ។

លោកបន្ថែមថា៖ តម្លៃបើគេប៉ុណ្ណឹងខ្ញុំក៏ប៉ុណ្ណឹងដែរព្រោះមិនសូវដឹងរឿងខាងក្នុងដែរថាតម្លៃគេប៉ុន្មានអីប៉ុន្មាន អានេះបើគេយកទូទៅហើយយើងប៉ុណ្ណឹងខ្ញុំក៏ប៉ុណ្ណឺងធ្វើម៉េចបើវាចឹងហើយ។ ទៅក្រុមហ៊ុនធ្វើស្លាកលេខគេថាយក៣០ដុល្លារសម្រាប់ស្លាកលេខភ្នំពេញ ស្លាកលេខខេត្ត២៥ដុល្លារ

លោកបន្ថែមថាលោកចង់ឲ្យមានការកែសម្រួលទាំងតម្លៃនិងទាំងរយៈពេលនៃការធ្វើដើម្បីសម្រួលដល់ជីវភាពរបស់ប្រជាពលរដ្ឋ។

ទាក់ទងនឹងការផ្ដល់សេវានេះកាលពីថ្ងៃទី២៨ខែកុម្ភៈក្រសួងសាធារណការបានប្រកាសលេខទូរសព្ទឲ្យសាធារណជផ្តល់ព័ត៌មានមកកាន់ក្រសួងអំពី​​ភាមិនប្រក្រតីនានា​​នៃការផ្តល់សេវានេះដោយអះអាងដើម្បីឲ្យក្រសួងអាចលុបបំបាត់រាល់អំពើអសកម្មនានាដែលរួមមានការទារកម្រៃលើសពីតម្លៃដែបានកំណត់ក្នុងតារាង​​​សេវាសាធារណៈ។

អ្នកនាំពាក្យក្រសួងសាធារណការនឹងដឹកជញ្ជូនលោក វ៉ា ស៊ិមសុរិយា មានប្រសាសន៍ថាបញ្ហានៃការផ្ដល់សេវានេះគឺជាការអនុវត្តផ្ទាល់របស់មន្ទីរហើយក្រសួងជាអ្នកប្រមូលយកព័ត៌មាននិងការត្អូញត្អែរបស់ពលរដ្ឋទៅដោះស្រាយ។ លោកបន្ថែមថាទាក់ទងនឹងរយៈពេលនៃការធ្វើនិងការលុបបំបាត់សេវារត់ការនោះក្រសួងបានប្រជុំជាច្រើនដងហើយ ហើយមកដល់ពេលនេះនៅតែបន្តការងារនេះនៅឡើយ។

លោកបន្ថែមថា៖ថ្នាក់ដឹកនាំនៅជំនុំគ្នានៅឡើយជាពិសេសកន្លែងដែលអនុវត្តតែម្ដងថ្នាក់ដឹកនាំនៅតែបញ្ជាថាកុំឲ្យមានបញ្ហារត់ការហ្នឹង ប៉ុន្តែនៅកន្លែងហ្នឹងមាន។ បើមានគឺអស់លោកហ្នឹងជាអ្នកទទួលហើយព្រោះអីឥឡូវយើងអនុវត្តតាមបញ្ជារបស់ថ្នាក់ដឹកនាំថ្នាក់កំពូលដែរព្រោះចង់និយាយថាត្រូវធ្វើឲ្យមានតម្លាភាពម្យ៉ាងទៀតធ្វើឲ្យបានរហ័សមានតម្លាភាពនិងធ្វើឲ្យបានសម្រេចទាំងបីហ្នឹងជាគោលដៅរបស់យើងទាំងអស់គ្នា

ក្នុងបិទសន្និបាតក្រសួងមហាផ្ទៃកាលពីពេលថ្មីៗនេះលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានលើកឡើងដែរថាក្រសួងដែលមានបញ្ហាធ្វើការយឹតយ៉ាវជាងគេនោះគឺក្រសួងសាធារណការនិងដឹកជញ្ជូននេះឯង។

លោកបានលើកឡើងថា៖ ក្រសួងដែលស្ទក់ជាងគេគឺក្រសួងសាធារណៈហ្នឹងហើយដែលការងារវាគួរតែត្រូវលឿនជាងគេ គាត់ស្ទក់ជាងគេតេម្ដងថ្ងៃមិញអង្គុយស៊ីបាយខ្ញុំរាប់ចំណាត់ថ្នាក់ក្រសួងណាស្ថិតនៅក្នុងគេហៅថាចំណាត់ថ្នាក់A អាណាB អាណាC មានអាក្រសួងដល់F អាFហ្នឹងគឺថាក្រសួងសាធារណៈហ្នឹងហ្មង

ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍និងសន្តិភាព (PDP-Center) លោក យង់ គិមអេង មានប្រសាសន៍ថាការផ្ដល់សេវាកម្មនេះនៅតែជាបញ្ហាស្មុគស្មាញក្នុងការដោះស្រាយជូនពលរដ្ឋព្រោះមន្ត្រីដែលស៊ីប្រាក់ខែរដ្ឋមិនទាន់បានដាក់ចិត្តធ្វើការដើម្បីបម្រើប្រជាពលរដ្ឋនៅឡើយទេ។ លោកបន្ថែមថាស្ថាប័នរដ្ឋខ្លះខ្វះការត្រួតពិនិត្យនិងដោះស្រាយបញ្ហាជូនពលរដ្ឋ ដែលបណ្ដាលឲ្យមានមន្រ្តីប្រើតួនាទីក្នុងការរកលុយក្រៅបន្ថែម។

លោកបន្ថែមថា៖រដ្ឋត្រូវបំរើប្រជាពលរដ្ឋអត់អីទេបើសិនចឹងអត់មានការបង្កបញ្ហាអត់មានការកិកកុកដើម្បីរកលុយរកកាក់ខាងក្រៅផ្សេងទៀតអាហ្នឹងរឿងសំខាន់។ រឿងទី២ទៀតរដ្ឋក៏ត្រូវមានវិធានការដែរថាកុំឲ្យមានករណីហ្នឹងកើតឡើងដើម្បីសម្រួលព្រោះរាល់ថ្ងៃទឹកចិត្តរបស់មន្ត្រីមានតគ្នាកន្លែងណាកន្លែងខ្លាញ់ កន្លែងណារកលុយបាន កន្លែងណារកលុយមិនបាន ក្នុងផ្នត់គំនិតនៅតែអញ្ចឹងដែលយកកន្លែងធ្វើការរកលុយក្រៅ

លោក យង់ គិមអេង ក៏លើកឡើងបន្ថែមថាដើម្បីកុំឲ្យមានការយឺតយ៉ាវក្នុងការផ្ដល់សេវាធ្វើស្លាកលេខនេះជូនប្រជាពលរដ្ឋដែលមកធ្វើដោយខ្លួនឯងគឺរដ្ឋត្រូវពង្រឹងសេវាកម្មរដ្ឋបាលរបស់ក្រសួងតាមរយៈការលុបបំបាត់អ្នករត់ការក្រៅផ្លូវការ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ