នាយករដ្ឋមន្រ្តីស្នើ​ព្រះមហាក្សត្រ​ដាក់​មន្រ្តីនគរបាលផ្កាយ១ដល់៣ចំនួន​៤៩រូប ចូលនិវត្តន៍

លោកនាយករដ្ឋម​ន្រ្តី ហ៊ុន សែន កាលពីកន្លងទៅ​

លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន បាន​ស្នើ​ព្រះមហាក្សត្រ​ឲ្យ​ដាក់​​មន្រ្តីនគរបាលជាន់ខ្ពស់​ប្រមាណ​៥០រូប ដែល​មាន​ឋានន្តរស័ក្តិចាប់ពីផ្កាយ​១ដល់ផ្កាយ​៣ហើយ​ភាគច្រើន​កំពុងបម្រើការងារ​នៅក្រសួង​មហាផ្ទៃ ឲ្យ​ចូល​និវត្តន៍​។

លិខិតចុះថ្ងៃទី​២៤ ខែកុម្ភៈ ឆ្នាំ​២០១៦​ដែលវីអូឌី​ទទួល​បាន​នៅ​ថ្ងៃពុធនេះ លោក​ ហ៊ុន សែន បានសរសេរ​ថា​តាងនាម​​រដ្ឋាភិបាល​និង​យោង​តាមព្រះរាជក្រឹត្យ​ស្តីពី​លក្ខន្តិកៈនៃក្រប​ខ័​ណ្ឌ​មន្រ្តីនគរបាលជាតិនិងពិនិត្យ​​លក្ខណៈសម្បត្តិ​របស់នាយនគរបាល​ថ្នាក់ឧត្តមសេនីយ៍ លោក​សូមស្នើ​ឲ្យ​ដាក់មន្រ្តីទាំង​៤៩រូបនោះ​ឲ្យ​ចូលនិវត្តន៍។​ ក្នុងចំណោម​មន្រ្តីជាន់ខ្ពស់​ទាំង​៤៩រូប​នោះ ឧត្តមសេនីយ៍​ឯក​​ផ្កាយ​៣មានចំនួន៧រូប ​ដែល​បម្រើការ​ជា​ប្រធាន​និងអនុប្រធាននាយកដ្ឋាននិងសេនាធិការ​ដ្ឋាន​នៃក្រសួងមហាផ្ទៃ។ មន្រ្តីទាំងនោះ​រួមមាន​លោក ខឹម កាន ប្រធាននាយក​ដ្ឋាន​រដ្ឋបាល​ទូទៅ​នៃ​សេនាធិការដ្ឋាន លោក សុត ថុល អនុប្រធានសេនាធិការដ្ឋាន លោក ធន់ សាម៉ន ប្រធាន​នាយក​ដ្ឋាន​គ្រប់គ្រង​អាវុធ​ជាតិផ្ទុះ​និង​អគ្គិភ័យ​ លោក ងួន សុវណ្ណា អនុប្រធាន​​នាយក​ដ្ឋាន​កណ្តាល​សន្តិសុខ លោក សោម ឡេង អនុប្រធាន​នាយក​ដ្ឋាន​កណ្តាល​សន្តិសុខ លោក តាន់ ចាយ អនុប្រធាន​នាយកដ្ឋាន​នគរបាល​ការពារ​បេតិកភ័ណ្ណ​ និង​លោក ញាណ​ វិបុល អនុប្រធាន​នាយកដ្ឋាន​នគរបាល​ទេសចរណ៍។

ចំណែក​ឧត្តមសេនីយ៍​ទោ​ផ្កាយ​២​មាន​ចំនួន​១១នាក់ដែល​ពួកគេភាគច្រើន​មាន​តំណែង​ជា​អនុប្រធាន​នៃ​នាយកដ្ឋានមួយចំនួននៅក្រសួងមហាផ្ទៃ។ ក្រៅពីនោះជា​ឧត្តមសេនីយ៍ត្រីផ្កាយ​១ដែល​មាន​​ស្នងការ​និង​ស្នងការ​រងខេត្តមួយចំនួន រួមមាន​ខេត្ត​​ព្រៃវែង បន្ទាយមានន័យ​ រតនគិរី កែប ស្វាយរៀង កំពង់ចាម ព្រះវិហារនិងសៀមរាបជាដើម។​

លោក ហ៊ុន សែន បញ្ជាក់​នៅក្នុងលិខិត​ដាក់ថ្វាយព្រះមហាក្សត្រ​ថា៖ “សេចក្តីដូចបានទូលក្រាបបង្គុំថ្វាយខាងលើ សូមព្រះករុណា​ជាអម្ចាស់​ជីវិតលើត្បូង ជា​ទីសក្ការៈ ទ្រង់ព្រះរាជ​តម្រិះ​និងមានព្រះរាជយោបល់​លើ​សេចក្តីស្នើ​សុំដាក់ឲ្យ​ចូល​និវត្តន៍​នាយនគរបាល​ថ្នាក់ឧត្តមសេនីយ៍ចំនួន​​៤៩រូបខាងលើ​ ដោយព្រះទ័យ​អនុគ្រោះបំផុត”

គួរ​បញ្ជាក់​ថា​កាលពី​ថ្ងៃ​ទី១៩ ខែ​កុម្ភៈ ឆ្នាំ២០១៦ ព្រះមហាក្សត្រ​ព្រះបរមនាថ​ នរោត្តមសីហមុនី បាន​ចេញ​ព្រះរាជក្រឹត្យ​មួយ​ដំឡើង​ឋានន្តរស័​ក្ដិ​ផ្កាយ​៤ ជូន​ឧត្ដមសេនីយ៍​ឯកចំនួន​៦​រូប​ដែល​សុទ្ធតែ​ជា​មន្ត្រី​នគរ​បាល​​ជាន់​ខ្ពស់។ មន្រ្តីជាន់​ខ្ពស់​៦​រូប​នោះ​មានលោក មាស វិរិទ្ធ លោក សួស អង្គារ៍ លោក ជួន សុវណ្ណ លោក គៀត ច័ន្ទថារិទ្ធ លោក ថោង លីម និង​លោក ឆៃ ស៊ីណារិទ្ធ។

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ​លោក ស ខេង ធ្លាប់​បានលើកឡើង​ថាការដំ​ឡើងឋានន្តរស័ក្តិ​ផ្កាយ​៤នេះ ដោយ​សារ​មន្ត្រីទាំងនោះ​បានបម្រើ​ជាតិ​ស្ទើរ​តែ​ពាក់កណ្តាលជីវិតទៅ​ហើយ៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ