អង្គភាពប្រឆាំងអំពើពុករលួយ បានឃាត់ខ្លួនមន្ដ្រីសាលាក្រុងភ្នំពេញចំនួន២នាក់ ដោយសង្ស័យថា មានជាប់ទាក់ទិននឹងការប្រព្រឹត្តអំពើពុករលួយ។
បើតាមមន្ដ្រីតុលាការឲ្យដឹងថា កាលពីយប់ថ្ងៃពុធម្សិលមិញ អង្គភាពប្រឆាំងអំពើពុករលួយបានឃាត់ខ្លួនមន្ដ្រីបម្រើការងារនៅសាលារាជធានីភ្នំពេញចំនួន២នាក់ និងបានបញ្ជូនទៅតុលាការដើម្បីសាកសួរ បន្ទាប់ពីសង្ស័យថា ពួកគេមានជាប់ពាក់ព័ន្ធនឹងការប្រព្រឹត្តអំពើពុករលួយ។ បើតាមមន្ដ្រី ជនសង្ស័យទី១ មានឈ្មោះ រដ្ឋ បុរី ភេទប្រុស ជាប្រធានការិយាល័យវិនិយោគសាលារាជធានីភ្នំពេញ និងទី២ ឈ្មោះ ម៉ី វ៉ាន់ណារុំ ភេទប្រុស បុគ្គលិកការិយាល័យវិនិយោគសាលារាជធានីភ្នំពេញ។
លោក សៀង សុខ ព្រះរាជ្ញារងសាលាដំបូងរាជធានីភ្នំពេញ ដែលទទួលបន្ទុកកាន់សំណុំរឿងនេះ បានឲ្យ VOD ដឹងថា ពិតជាមានករណីចាប់ឃាត់ខ្លួនបុគ្គលិកសាលារាជធានីភ្នំពេញមែន។ ប៉ុន្ដែ លោកថា មិនទាន់អាចឆ្លើយបំភ្លឺ ភ្លាមបានទេ ដោយថា ព្រោះកំពុងស្ថិតក្រោមចំណាត់ការរបស់តុលាការ។
លោកថា៖ «ព្រោះខាងខ្ញុំមានអ្នកនាំពាក្យ សម្រាប់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចាំខ្ញុំពិនិត្យកិច្ចការចប់ អ្នកនាំពាក្យខ្ញុំនឹងចេញជាព័ត៌មានជាបន្ទាន់ ឥឡូវកំពុងតែស្ថិតនៅក្នុងចំណាត់ការរបស់ខ្ញុំ»។
VOD មិនទាន់អាចសុំការបញ្ជាក់ពីលោក ឱម យិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយបានទេ។