បែកធ្លាយសារឆ្លើយឆ្លងរបស់ភរិយានិងកូនប្រុសស្រី លោក ហ៊ុន សែន

ក្រុមគ្រួសារត្រកូល “ហ៊ុន” (Reuters)

សារឆ្លងឆ្លើយដែលគេសង្ស័យថា ជាសាររបស់ក្រុមគ្រួសារលោកនាយករដ្ឋមន្ដ្រី ត្រូវបានគេផ្សព្វផ្សាយជាសាធារណៈ ដោយមានទាំងការទាក់ទងគ្នាជាមួយមន្ដ្រីជាន់ខ្ពស់រដ្ឋាភិបាល និងក្រុមអ្នកជំនួញនៅកម្ពុជា អំពីរឿងរកស៊ីក្រៅផ្លូវការ និងការរំលោភអំណាច។

បើតាមការចុះផ្សាយរបស់សារព័ត៌មាន Cambodia Daily ឲ្យដឹងថា កាលពីថ្ងៃពុធម្សិលមិញ មានជនអនាមិកម្នាក់ ដែលហៅខ្លួនឯងថា «Angkor Borey» បានផ្ញើឯកសារឆ្លើយឆ្លងរបស់ក្រុមគ្រួសារលោកនាយករដ្ឋមន្ដ្រី តាមរយៈសារអេឡិចត្រូនិច (អ៊ីម៉ែល) ឲ្យទៅអតីតប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី ដែលកំពុងតែនិរទេសខ្លួននៅក្រៅប្រទេស។ លោក សម រង្ស៊ី ក៏បានផ្ញើឯកសារទាំងនោះបន្តទៅឲ្យសារព័តមាន Cambodia Daily ។

នៅក្នុងឯកសារបែកឆ្លាយ ដែលបញ្ចេញដោយឈ្មោះ «Angkor Borey» នោះ បានបង្ហាញពីការឆ្លើយឆ្លងគ្នារបស់មន្ដ្រីជាន់ខ្ពស់រដ្ឋាភិបាលមួយចំនួន ដូចជា លោក ហូ សុធី ជាប្រធានខុទ្ទកាល័យនាយករដ្ឋមន្ដ្រី លោក ខៀវ កាញារិទ្ធ រដ្ឋមន្ដ្រីក្រសួងព័ត៌មាន ភរិយាលោក ហ៊ុន សែន លោកស្រី ប៊ុន រ៉ានី និងកូនប្រុសស្រីលោក ហ៊ុន សែន គឺលោកស្រី ហ៊ុន ម៉ាលី លោក ហ៊ុន ម៉ានី លោក ហ៊ុន ម៉ានិត និងលោក ហ៊ុន ម៉ាណែត។

ឯកសារបែកធ្លាយជាង២០សន្លឹកនោះ បានបង្ហាញពីជីវិតសាមញ្ញ នៅក្នុងគ្រួសារលោកនាយករដ្ឋមន្ដ្រី ដូចជា កូនសុំលុយពីឪពុកម្ដាយ ការជូនពរឆ្នាំថ្មី គម្រោងញាំអាហារពេលល្ងាច និងការរំលឹកឲ្យទៅហាត់ប្រាណ ជាដើម។ ប៉ុន្ដែឯកសារបែកធ្លាយនោះ ក៏បានលាតត្រដាងពីការធ្វើជំនួញពាណិជ្ជកម្មរបស់កូនបង្កើត និងកូនប្រសារលោកនាយករដ្ឋមន្ដ្រីផងដែរ។

នៅក្នុងឯកសារនោះ កូនប្រសារនាយករដ្ឋមន្ដ្រី គឺលោក សុខ ពុទ្ធីវុធ និងត្រូវជាកូនបង្កើតរបស់លោក សុខ អាន រដ្ឋមន្ត្រី​ទទួល​បន្ទុក​ទីស្ដីការ​គណៈរដ្ឋមន្ត្រីនោះ បានទាក់ទងជាមួយលោក ខៀវ កាញារិទ្ធ ជារដ្ឋមន្ដ្រីក្រសួងព័ត៌មាន លោក សាយ ឈុំ ជាប្រធានព្រឹទ្ធិសភា និងលោក ហ៊ុន សែន ពាក់ព័ន្ធនឹងជំនួញអចលទ្រព្យ និងបណ្ដាញសារព័ត៌មាន។

លោក អ៊ុក គឹមសេង អ្នកនាំពាក្យក្រសួងព័ត៌មាន ឲ្យ VOD ដឹងថា លោកសុំមិនធ្វើអត្ថាធិប្បាយនោះទេ ដោយថា មិនទាន់បានឃើញឯកសារបែកធ្លាយទាំងនោះ។ លោកថា៖ «ខ្ញុំអត់ខមមិន ដោយសារ មិនដឹងជាសំឡេង ម៉េច អីម៉េច ខ្ញុំសុំមិនធ្វើអត្ថាធិប្បាយអីទាំងអស់ ព្រោះចាំខ្ញុំមើលសិន ឥឡូវសុំមិននិយាយ ព្រោះនិយាយទាំងអត់ដឹងអី វាអត់កើត។ ហើយខ្ញុំនៅក្នុងសន្និបាតផង បាទ»។

សារបែកធ្លាយនោះក៏បាននិយាយពី នាយកកាស៊ីណូណាហ្គាវើល និងជាមហាសេដ្ឋីដ៏ល្បីល្បាញ លោក Chen Lip Keong បានទាក់ទងជាមួយកូនរបស់លោកនាយករដ្ឋមន្ដ្រី គឺលោក ហ៊ុន ម៉ានិត និង លោកស្រី ហ៊ុន ម៉ាណា។ លោក Chen Lip Keong ដែលមានឈ្មោះក្នុងសារបែកធ្លាយនោះថា «Tan Sri» បានពិភាក្សាគ្នាពីដំណើរការរបស់សារព័ត៌មាន «ខ្មែរថាមស៍» និងបានពិភាក្សាអំពីសំបុត្រមួយដែលដាក់ថា «បានផ្ញើទៅលោកនាយករដ្ឋមន្ដ្រី អ៊ីចឹងខ្ញុំអាចសុំការបញ្ជាក់ពីលោក ជា សុផារ៉ា [រដ្ឋមន្ដ្រីក្រសួងរៀបចំ ដែនដី]»។

ឯកសារបែកធ្លាយដដែលនេះ ឲ្យដឹងទៀតថា អ្នកគាំទ្រគណបក្សប្រជាជនកម្ពុជាដ៏ស្មោះស្ម័គ្រម្នាក់ ជាជនជាតិប៉ាគិស្ថាន ឈ្មោះ Joseph Matthews បានស្នើឲ្យលោក ហ៊ុន ម៉ាណែត ជួយសម្រួលឯកសារដើម្បីចូលសញ្ជាតិខ្មែរ។ ដើម្បីតបស្នងគុណបំណាច់នេះ លោក​ Joseph Matthews សន្យាថា នឹងជួយឲ្យបក្សកាន់អំណាចឈ្នះការបោះឆ្នោតខាងមុខ ដោយថា នឹងជួយខាងចិត្តសាស្ដ្រ និងការបំភិតបំភ័យ។

ពាក់ព័ន្ធករណីនេះដែរ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន មានប្រសាសន៍ថា ពុំបានដឹងរឿងនេះទេ។ លោកថា៖ «ខ្ញុំអត់ដឹងរឿងហ្នឹងទេ មិនអាចធ្វើអី អត្ថាធិប្បាយបានទេ»។

ករណីមួយទៀត គឺ មានជនត្រូវចោទក្នុងបទល្មើសប៉ុនប៉ងមនុស្សឃាតម្នាក់ អ្នកស្រី ខូវ សេងចិន្ដា ជាប្រពន្ធឧកញ៉ា ខូវ ជូលី បានសុំឲ្យលោក ហ៊ុន ម៉ាណែត ជួយឲ្យបានចេញពីពន្ធនាគារ។ លើសពីនេះ លោក លាង សំណាត់ ចៅក្រម និងជាអនុប្រធានតុលាការក្រុងភ្នំពេញ​​ ក៏បានសុំឲ្យលោក ហ៊ុន ម៉ាណែត ជួយផ្ញើសារទៅឲ្យរដ្ឋមន្ដ្រីម្នាក់ (មិនបង្ហាញឈ្មោះ) ដើម្បីរក្សាតំណែង។

VOD មិនទាន់អាចសុំការបំភ្លឺពីលោក ហ៊ុន ម៉ាណែត បានទេ គិតមកទល់ម៉ោងចេញផ្សាយនេះ។

ទោះបីគ្មានការស៊ើបអង្កេតណាមួយក៏ដោយ កាលពីពេលកន្លងទៅ របាយការណ៍អង្គការ Global Witness បានរកឃើញថា សមាជិកគ្រួសារត្រកូល ”ហ៊ុន” បានកាន់កាប់ក្រុមហ៊ុនចំនួន១១៤ ដែលមានដើមទុនចុះបញ្ជីសរុបដល់ទៅ ២០០លានដុល្លារអាមេរិក។ របាយការណ៍អន្ដរជាតិមួយនេះ ឲ្យដឹងថា ក្រុមគ្រួសារត្រកូល “ហ៊ុន” គឺបានរកស៊ីជាមួយក្រុមហ៊ុនថាមពល ក្រុមហ៊ុនទូរគមនាគមន៍ ក្រុមហ៊ុនរ៉ែ និងក្រុមហ៊ុនដែលរកស៊ីក្នុងវិស័យធំៗ ផ្សេងទៀត នៅកម្ពុជា។

ក្រោយពីអង្គការនេះបានចេញរបាយការណ៍ នៅ២ថ្ងៃបន្ទាប់ ក៏មានឃាតកម្មលើអ្នកវិភាគបញ្ហាសង្គម លោក កែម ឡី នៅចំកណ្ដាលទីក្រុងភ្នំពេញ បន្ទាប់ពីគាត់បានបកស្រាយជាជំហរលើរបាយការណ៍នេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ