ក្រុមហ៊ុនហ្វេសប៊ុកបញ្ចប់កម្មវិធីសាកល្បង “Explore Feed” នៅកម្ពុជា

ដោយ លោក ពេជ្រ ចំរុង​​ | ថ្ងៃសុក្រ ទី២ ខែមីនា ឆ្នាំ២០១៨​ ម៉ោង 2:49 PM | បច្ចេកវិទ្យា | 0 | 986 ទំព័រ Explore Feed របស់ Facebook

ក្រុមហ៊ុនហ្វេសប៊ុក កាលពីថ្ងៃម្សិលមិញ បានប្រកាសបញ្ចប់កម្មវិធីតេស្ដសាកល្បងមួយ នៅក្នុងប្រទេសកម្ពុជា និងប្រទេស៥ផ្សេងទៀត  បន្ទាប់ពីរងការរិះគន់ខ្លាំងពីសំណាក់អ្នកប្រើប្រាស់បណ្ដាញសង្គម។

បើតាមសេចក្ដីប្រកាសព័ត៌មាន កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ ក្រៅពីកម្ពុជា ក្រុមហ៊ុនហ្វេសប៊ុកក៏សម្រេចបញ្ចប់កម្មវិធីតេស្ដសាកល្បងរបស់ខ្លួនឈ្មោះ “Explore Feed” នេះ ពីប្រទេសផ្សេងទៀតផងដែរ ដូចជា ហ្គាតេម៉ាឡា ស៊ែរប៊ី ស្លូវ៉ាគី បូលីវិ និងស្រីលង្កា។

ក្រុមហ៊ុនហ្វេសប៊ុកពន្យល់ថា ការលុបចោលវិធានរឹតបណ្ដឹងនេះ គឺបន្ទាប់ពីក្រុមអ្នកប្រើប្រាស់បណ្ដាញសង្គមរបស់ខ្លួន បានសំដែងការរិះគន់ និងមិនពេញចិត្តខ្លាំង ដោយថា ធ្វើឲ្យពួកគេមិនសូវទទួលបានព័ត៌មានថ្មីៗ និងកាត់បន្ថយការប្រាស្រ័យទាក់ទងជាមួយមិត្តភក្ដិ និងក្រុមគ្រួសារ។

ការប្រកាសរបស់ក្រុមហ៊ុនហ្វេសប៊ុកបែបនេះ ក៏ត្រូវបានគេមើលឃើញថា ធ្វើឡើងបន្ទាប់អតីតប្រធានគណបក្សសង្គ្រោះជាតិ ដែលកំពុងនិរទេសខ្លួនក្រៅប្រទេស លោក សម រង្ស៊ី បានប្ដឹងក្រុមហ៊ុនមួយនេះ ទៅតុលាការសហរដ្ឋអាមេរិក ដោយថា វិធានការបែបនេះ បានគំរាមកំហែងដល់សេរីភាពបញ្ចេញមតិក្នុងប្រទេសកម្ពុជា និងថា ជាការចង់បានរបស់មេដឹនាំផ្ដាច់ការ។

​ បើតាមក្រុមហ៊ុនហ្វេសប៊ុក ការបង្កើត Explore Feed គឺបង្កើនឲ្យមានភាពងាយស្រួលសម្រាប់អ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក ដោយវា ធ្វើការបំបែកព័ត៌មាន និងសារបង្ហោះដោយម្ចាស់ Page និងគណនីហ្វេសប៊ុកផ្ទាល់ខ្លួន៕​

សរសេរមកកាន់ លោក ពេជ្រ ចំរុង តាមរយៈ chamrong@vodhotnews.com

Loading...

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required