សហគមន៍ព្រៃឡង់ធ្វើពិធីបំបួសដើមឈើដាក់បណ្ដាសារអ្នកកាប់បំផ្លាញ

ពិធី​បំបួស​ដើម​ឈើនៅសហគមន៍ព្រៃឡង់នាពេលកន្លង (FB: ប្រជាសហគមន៍ព្រៃឡង់)

សមាជិកបណ្ដាញសហគមន៍ព្រៃឡង់គ្រោងនឹងនាំគ្នារៀបចំ​ពិធីបំបួសដើមឈើ ដើម្បីដាក់បណ្ដាសសារអ្នកដែលកាប់បំផ្លាញ និងធ្វើការផ្សាព្វផ្សាយទៅសាធារណជនឲ្យដឹងពីអត្ថប្រយោជន៍ព្រៃឈើផងដែរ។

តំណាងបណ្ដាញសហគមន៍ព្រៃឡង់ខេត្តកំពង់ធំ លោក ហឿន សុភាព ប្រាប់វីអូឌីនៅថ្ងៃនេះថា ការបំបួសដើមឈើនេះ ដើម្បី ធ្វើការផ្សាព្វផ្សាយទៅ​ប្រជា​ពល​រដ្ឋទូទាំងប្រទេសឲ្យបានដឹង​អំពី​គុណសម្បត្តិព្រៃឈើ ហើយចូលរួមថែរក្សាព្រៃឈើដែលនៅសល់ បច្ចុប្បន្នកុំឲ្យបាត់បង់។ លោកបន្តថា  ក្នុងពិធីបំបួសនោះដែរ ពួកគាត់បាននាំគ្នាដាក់បណ្ដាសសារទៅលើជនណាដែលបានកាប់ បំផ្លាញព្រៃឈើផងដែរ។

លោកថា៖«ពួកយើងស្រឡាញ់ព្រៃឈើមិនមែនតែមាត់ខាងក្រៅទេ គឺពួកយើងស្រឡាញ់ព្រៃឈើដូចជា មានន័យថាធ្វើការ បំបួសដោយយកស្បង់ជីវរព្រះសង្ឈដែលជាស្បងសម្រាប់បំបួសព្រះសង្ឈយើងទៅបំបួស ហើយធ្វើការបែរបន់ធ្វើការដាក់បណ្ដាសសារក្នុងនោះ ថាបើសិនជាអ្នកណាកាប់សូមឲ្យវិនាសហិនហោចទៅតាមអារុក អារៈនៅតាមព្រៃភ្នំ ជ្រលងដងអូរ»។

លោកបន្តថា ការធ្វើពិធីបំបួសដើមឈើនេះ ធ្វើឡើងក្នុងរយៈពេល ៣ ថ្ងៃគឺចាប់ពីថ្ងៃ២៦ ដល់ ២៨ ខែមីនា ដែលមាន ព្រះសង្ឃ សង្គមស៊ីវិល និងប្រជាពលរដ្ឋ ចូលរួមប្រមាណ ៤០០ អង្គ/នាក់ ហើយថា ពិធីនេះរៀបចំឡើងជាលើកទី៣ហើយ។​

តំណាងបណ្ដាញសហគមន៍ព្រៃឡង់ខេត្តក្រចេះ លោក ឯក សុវណ្ណា លើកឡើងថា បច្ចុប្បន្នឈ្មួញកំពុងឲ្យលុយពលរដ្ឋ ដើម្បីចូលកាប់ព្រៃឲ្យពួកគេ។​

លោកថា​៖«ដោយសារវាមានឈ្នួញចរាចរណ៍ចាំទិញ ដែលមានខ្នងមានបអង្អែក បើគ្មានទីផ្សារដែលអាចនាំចេញទៅក្រៅបាន នោះបទល្មើសដូចជាប្រជាពលរដ្ឋ ក៏គាត់មិនដឹងកាប់ទៅលក់ឲ្យអ្នកណាដែរ ប៉ុន្តែក្នុងនេះ​ក៏មានចរាចរឈើចេញទៅក្រៅ ហើយ មានឈ្នួញចាំទិញ អញ្ចឹងគាត់ដាក់លុយទៅប្រជាពលរដ្ឋដែលគាត់ជាអ្នកខ្វះខាតគាត់ធ្វើទៅ គាត់មិនដឹងទៅធ្វើអី ហើយគាត់ មិនធ្វើក៏មានអ្នកផ្សេងធ្វើដែរ»។

លោកបន្តថា បើទោះបីជាលោកនាយករដ្ឋមន្ត្រី ដាក់ព្រៃឡង់ជាព្រៃការពារ ដែនជម្រកសត្វព្រៃក៏ដោយ ប៉ុន្តែបច្ចុប្បន្ននេះ ការកាប់បំផ្លាញ់ព្រៃឈើនៅតំបន់ព្រៃឡង់ពីសំណាក់ពលរដ្ឋនិងឈ្នួញក្នុងតំបន់នោះ នៅតែកើតឡើង ដោយគ្មានការទប់ស្កាត់ ពីអាជ្ញាធរមូលដ្ឋាន។ លោកស្នើទៅរដ្ឋាភិបាល និងក្រសួងបរិស្ថានឲ្យចាត់វិធានការទៅលើមន្ត្រីណាដែលបានឃុកឃិត ជាមួយឈ្មួញ ដោយបើកឲ្យមានការកាប់់បំផ្លាញ់ឈើផងដែរ។​

អ្នកឃ្លាំមើលសិទ្ធិមនុស្ស និងបរិស្ថានប្រចាំខេត្តព្រះវិហារ លោក ប៉ឹក សោភ័ណ សាទរចំពោះការបា្ររព្ធពិធីបំបួសដើមឈើនេះ ដោយសារ ការធ្វើពិធីតាមបែបសាសនាកន្លងមក លោកមើលឃើញវាមានប្រសិទ្ធភាព។ លោកថា៖«ប្រជាពលរដ្ឋយើងគ្រប់រូប សហគមន៍ដែលនៅជុំវិញគ្រប់រូបគ្រប់គ្នា រួមគ្នាគឺរួមចំណែកទាំងអស់គ្នា ព្រៃឈើមិន មែនជារបស់បុគ្គលណាម្នាក់ ហើយក៏មិនមែនជារបស់រដ្ឋាភិបាលផ្ដាត់មុខដែលគឺរបស់ប្រជាពលរដ្ឋទូទៅ ព្រោះប្រជាពលរដ្ឋ ទូទៅក៏មានការទទួលឥទ្ធិពលពីព្រៃឈើនឹងច្រើន។ អញ្ចឹងត្រូវដាក់ចិត្តដាក់ កាយព្រៃឈើជាព្រៃឈើយើងទាំអស់គ្នា ដើម្បីឲ្យមានប្រសិទ្ធភាព ពលរដ្ឋក្នុងសហគមន៍ខ្លួនឯងកុំរួមចំណែកកាប់បំផ្លាញព្រៃឈើ។ ទី២ត្រូវពង្រឹងការងារ សហការគ្នាដើម្បីចូលរួមល្បាតនិងទប់ស្កាត់ទោះបីក្នុងកម្រិតណាមួយក៏ដោយយើងត្រូវប្ដេជ្ញាចូលរួមទាំងអស់គ្នា»។

កាលពីឆ្នាំ២០១៦ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានចេញអនុក្រឹត្យមួយដោយសម្រេចដាក់ព្រៃឡង់ជាដែនជម្រកសត្វព្រៃ“ព្រៃឡង់” ដែលមានផ្ទៃដីជាង៤សែនហិកតាស្ថិតក្នុងខេត្តចំនួន៤ គឺខេត្តស្ទឹងត្រែង កំពង់ធំ ក្រចេះនិងខេត្តព្រះវិហារ។

បើតាមអនុក្រឹត្យបញ្ជាក់ថាការបង្កើតនេះដើម្បីធានាឲ្យមានការថែទាំទីជម្រកសត្វព្រៃនិងប្រព័ន្ធអេកូឡូស៊ី ព្រមទាំងធានាឲ្យមានការបំពេញលក្ខខណ្ឌចំាបាច់សម្រាប់ប្រភេទណាមួយនៃសត្វ រុក្ខជាតិនិងជីវៈចម្រុះ ផ្តល់ផលិតផលនិងសេវាកម្មធម្មជាតិសម្រាប់ការប្រើប្រាស់ប្រកបដោយនិរន្តរភាព៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ