ធនាគារអភិវឌ្ឍន៍អាស៊ី ហៅកាត់ថា ADB ប្តេជ្ញាផ្តល់ហរិញ្ញប្បទាន៧ពាន់លានដុល្លារក្នុងរយៈពេល៥ឆ្នាំ នៅក្នុងគម្រោងអភិវឌ្ឍន៍នានាមានតម្លៃដល់ទៅ ៦៦ពាន់លានដុល្លាររបស់បណ្ដាប្រទេសក្នុងតំបន់ទន្លេមេគង្គ ដោយថា ដើម្បីជួយដល់តំបន់នេះសម្រេចបានកំណើនសេដ្ឋកិច្ច និងអភិវឌ្ឍន៍ប្រកបដោយចីរភាព។
ក្នុងសេចក្ដីថ្លែងការណ៍អបអរខួបលើកទី ២៥ឆ្នាំ នៃកិច្ចសហប្រតិបត្តិការរបស់មហាអនុតំបន់ទន្លេមេគង្គ កាលពីចុងខែមីនាកន្លងមកនេះ ប្រធានធនាគារអភិវឌ្ឍន៍អាស៊ី លោក Takehiko Nakao ត្រូវបានដកស្រង់សម្ដី ដែលបានថ្លែងថា ស្ថាប័នផ្ដល់កម្ចីដ៏ធំមួយនេះ នឹងបន្តផ្ដល់ហិរញ្ញប្បទានទំហំ ៧ពាន់លានដុល្លារ ចាប់ពីឆ្នាំ២០១៨នេះ រហូតដល់ឆ្នាំ២០២២ ដល់គម្រោង ២២៧ ដែលមានតម្លៃ ៦៦ពាន់លានដុល្លាររបស់បណ្ដាប្រទេសនៅក្នុងតំបន់នេះ។
សេចក្ដីថ្លែងការណ៍ដដែលនេះ បានឲ្យដឹងថា ធនាគារអភិវឌ្ឍន៍អាស៊ី បានបង្ហាញការប្ដេជ្ញាចិត្តរបស់ខ្លួនបែបនេះ ដើម្បីជួយដល់បណ្ដាប្រទេសនៅក្នុងតំបន់នេះ ឲ្យសម្រេចបានកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍប្រកបដោយចីរភាព។
លើសពីនេះទៀត ប្រធាន(ADB)រូបនេះ ក៏បានអំពាវនាវទៅដល់បណ្ដាប្រទេសនៅក្នុងមហាអនុតំបន់ទន្លេមេគង្គ ឲ្យពង្រីកច្រករបៀងសេដ្ឋកិច្ចផងដែរ ដោយថា ដើម្បីជំរុញការតភ្ជាប់ទំនាក់ទំនងរវាងបណ្ដាប្រទេសនានា ព្រមទាំងទំនាក់ទំនងរវាងតំបន់ជនបទ និងតំបន់ប្រជុំជនផងដែរ និងដើម្បីធានាឲ្យមានការបែងចែកអត្ថប្រយោជន៍ ដែលបានមកពីកំណើនសេដ្ឋកិច្ច ឲ្យកាន់តែមានសមធម៌បន្ថែមទៀត។
បើតាមសេចក្ដីថ្លែងការណ៍ដដែលនេះ ធនាគារអភិវឌ្ឍន៍អាស៊ី បានផ្ដល់ហិរញ្ញប្បទានដល់ទៅ ២១ពាន់លានដុល្លាររួចមកហើយ សម្រាប់គម្រោងវិនិយោគ និងអភិវឌ្ឍន៍លើវិស័យជាច្រើន នៅក្នុងតំបន់នេះ ចាប់តាំងពីការបង្កើតកម្មវិធីមហាអនុតំបន់ទន្លេមេគង្គនៅឆ្នាំ១៩៩២មក៕