​សមត្ថកិច្ច​កំពុងតាម​រក​ឃាតករ​អា​រ​ក​សម្លាប់មនុស្ស​៣​នាក់​​​នៅ​ត្បូងឃ្មុំ​

សមត្ថកិច្ច​កំពុង​តាម​រក​ឃាត​ករ​ដែល​បាន​អាករ​សម្លាប់​មនុស្ស​៣​នាក់​ក្នុង​​ខេត្ត​ត្បូង​ឃ្មុំ​​ ដោយ​ថា ​សមត្ថកិច្ចបាន​រក​ឃើញ​តម្រុយខ្លះៗនិង​កន្លែង​លាក់​ខ្លួន​របស់​ជន​សង្ស័យ​ហើយ។

គេ​ហទំព័រ​នគរ​បាលជាតិ​ ឲ្យ​ដឹងថា​ ស្ត្រី​ម្នាក់​វ័យ៤៣​ឆ្នាំ និង​កូន​ប្រុស២​នាក់ អាយុ១៧​ឆ្នាំ និង១១​ឆ្នាំ ត្រូវ​បាន​ឃាតករ​ប្រើ​កាំបិត​អារ​​ក​​សម្លាប់ នៅ​លើ​ផ្ទះ​របស់​ពួកគេ ស្ថិត​នៅ​ក្នុង​ភូមិ​ដូង ឃ្មុំ​ថ្មពេជ្រ ស្រុក​ត្បូងឃ្មុំ កាល​ពី​ម៉ោង១២​យប់​ថ្ងៃ​ទី​៣១ ខែ​មីនា ឈាន​ចូល​ថ្ងៃ​ទី​០១ខែ​មេសា​នេះ។

ថ្លែង​ប្រាប់​ VOD យ៉ាង​ខ្លី​នៅ​ព្រឹកនេះ ​ស្នងការនគរ​បាល​ខេត្ត​ត្បូង​ឃ្មុំ​ លោក ប៉ែន រ័ត្ន បាន​ឲ្យ​ដឹងថា ​ពេល​នេះ​ សមត្ថ​កិច្ច​បាន​កំណត់​មុខសញ្ញាជន​សង្ស័យ និង​ទីតាំងរត់​គេច​របស់​ជន​ល្មើ​ស​ខ្លះ​ ហើយ​កំពុង​តាមចាប់ខ្លួន ខណៈ​លោក​ពុំ​បាន​បញ្ជាក់​​លម្អិត​​បន្ថែម​នោះ​ទេ ដោយ​ថា ​ជា​ការសម្ងាត់​របស់​សមត្ថកិច្ច។

លោកថា៖ «បញ្ហា​តម្រុយ វា​មាន​ហើយ​ តែ​ខ្ញុំ​មិន​អាចរៀប​រាប់​លម្អិត​បាន​ទេ ​ពីព្រោះ​ បញ្ហា​ជំនាញ ដែល​គេ​កំពុង​តែ​បន្ត​តាម​បច្ចេក​ទេស។ អញ្ចឹង​ បើ​សិន​ជា​យក​តម្រុយ​នេះ​ទៅ​ផ្សព្វផ្សាយ​ គឺ​ហាក់​បី​ជា​ឲ្យ​ឃាតករ​ដឹង​ខ្លួន​រត់​កាន់​តែ​ឆ្ងាយ»

ទោះជាយ៉ាងណា សមត្ថកិច្ច​នៅ​មិន​ទាន់​អាច​បញ្ជាក់​ពី​មូលហេតុ​នៃ​ឃាតកម្ម​ទាំង​យប់​ទៅ​លើ​មនុស្ស​ទាំង ៣​នាក់​នេះ​នៅឡើយ​ទេ ខណៈ​ដែល​ជន​សង្ស័យ​ត្រូវ​បាន​សមត្ថកិច្ច​បញ្ជាក់​ថា កំពុង​រត់​គេច​ខ្លួន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ