ប្រជាពលរដ្ឋ ១១គ្រួសារមកពីខេត្តកោះកុង ដែលអះអាងថា មិនទាន់ទទួលបានសំណងនោះ បានទាមទារទៅក្រសួងរៀបចំដែនដី ឲ្យដោះស្រាយសំណងជូនពួកគេ ដូចដែលក្រសួងបានដោះស្រាយជូនពលរដ្ឋផ្សេងទៀតនាពេលថ្មីៗនេះ។
កាលពីថ្ងៃទី២២ ខែមីនា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីបានសម្រេចកាត់ដីជិត ១ពាន់ហិកតា ចេញពីក្រុមហ៊ុនស្ករអំពៅក្នុងខេត្តកោះកុង ប្រគល់ឲ្យពលរដ្ឋចំនួនពីរក្រុម ដោយអ្នកភូមិ ១៧៥គ្រួសារ ត្រូវបានសម្រេចឲ្យផ្លាស់ប្ដូរទៅកាន់ទីតាំងថ្មី ដែលក្រសួងរៀបចំកាត់ឆ្វៀលដីក្រុមហ៊ុនជូន ខណៈប្រជាពលរដ្ឋ ២០០គ្រួសារទៀត ត្រូវទទួលបានដំណោះស្រាយនៅនឹងកន្លែង។
ក្នុងញ្ញតិ្តមួយចុះទី៣១ មីនា ដែលវីអូឌីទើបទទួលបាននៅថ្ងៃនេះ ពលរដ្ឋ ១១គ្រួសារដែលអះអាងថា នៅក្នុងចំណោម១៧៥គ្រួសារនោះ នឹងមកតវ៉ាដល់ក្រសួងរៀបចំដែនដីម្តងទៀតនៅថ្ងៃស្អែកនេះ ដើម្បីទាមទារសំណង ដោយថា ពួកគេទទួលបានសំណងទាំងមិនមានតម្លាភាពនាពេលកន្លងមក។
ពលរដ្ឋម្នាក់ក្នុងចំណោម ១១គ្រួសារ នៅឃុំជីខលើ ស្រុកស្រែអំបិល អ្នកស្រី ស៊ុំ វៀត និយាយថា ការដោះស្រាយរបស់ក្រសួងរៀបចំដែនដីនោះ គឺមិនមានតម្លោភាព ដោយថា ពលរដ្ឋខ្លះទទួលបានសំណងច្រើន និងខ្លះទៀតបានតិច។
អ្នកស្រីបន្តថា នៅពេលជម្លោះផ្ទុះឡើងកាលពីដំបូង ពលរដ្ឋ ១៦គ្រួសារ បានសម្រេចទទួលយកសំណង ១គ្រួសារ ទទួលបានថវិកា ៣០ម៉ឺន ទៅ ៤០ម៉ឺនរៀល សំរាប់ដីទំហំ ៣ ទៅ ៤ហិកតា ប៉ុន្តែ អ្នកស្រីថា អ្នកភូមិ ៥គ្រួសារទៀត ទទួលបានសំណងបន្ថែម ខណៈដែលពួកគាត់ ១១គ្រួសារ មិនទទួលបានអ្វីបន្ថែមនោះឡើយ។
អ្នកស្រីបន្ថែមថា៖ «កាលពីមុន មាន១៦គ្រួសារ គេថា បានទទួលលុយពីអាជ្ញាធរ ប៉ុន្តែ ក្រោយមក គេទៅយកបាន ៥គ្រួសារទៀតនៅសល់១១គ្រួសារ។ អញ្ចឹង បើសិនជាធ្វើឲ្យមានតម្លាភាព ១៦គ្រួសារនៅតែ ១៦គ្រួសារទៅ ប៉ុន្តែ នេះអត់សោះ។ អញ្ចឹង បើអត់មានដំណោះស្រាយទេ ខ្ញុំនឹងតវ៉ានៅមុខក្រសួងហ្នឹងរហូត ព្រោះខ្ញុំតវ៉ាយូរមកហើយ»។
ពលរដ្ឋម្នាក់ទៀត លោក លាក់ ខ្មៅ និយាយថា ដីរបស់គាត់ទំហំ ៤ហិកតា បានរងផលប៉ះពាល់ ហើយអាជ្ញាធរបានបង្ខំរូបលោក ឲ្យទទួលយកសំណងត្រឹមតែ ៤០ម៉ឺនរៀលប៉ុណ្ណោះ។
លោកបន្តថា គ្រួសារគាត់ទទួលយកសំណងនោះទាំងបង្ខំ ដោយថា កាលណោះ អាជ្ញាធរបានទៅគំរាមថា ប្រសិនបើគាត់មិនព្រមទទួលយកទេ ពួកគាត់នឹងមិនទទួលបានសំណងអ្វីទាំងអស់។
លោកបន្ថែមថា៖ «គេចុះទៅសម្រួលគេឲ្យ ៤០ម៉ឺន បើកាលណាខ្ញុំមិនយក វាអត់។ អញ្ចឹងហើយខ្ញុំយកសិនទៅ ៤០ម៉ឺនហ្នឹង។ គេថា បើមិនយក គឺអត់ ដីក៏គេឈួសដែរ ម៉្លោះហើយខ្ញុំ ជាជាងអត់ទទួលបានអីសោះ ក៏យកទៅ»។
តែទោះយ៉ាងណា ក្នុងកិច្ចប្រជុំមួយកាលពីថ្ងៃ២២ មីនា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី លោក ជា សុផារ៉ា មានប្រសាសន៍ថា ក្រសួងមិនដោះស្រាយសំណងជូនពលរដ្ឋទាំង ១១គ្រួសារនោះទៀតទេ ដោយថា ពលរដ្ឋទាំងនោះទទួលយកសំណងរួចហើយ។
លោកបន្ថែមថា៖ «មន្ទីររៀបចំដែនដីនគររូបនីយកម្ម និងសំណងខេត្តកោះកុង ជាមួយអាជ្ញាធរដែនដីនេះ រៀបចំបែងចែកឡូតិ៍ឲ្យ ១៧៥គ្រួសារនេះ គឺទទួលបាន ៣ហិកតាក្នុងមួយគ្រួសារ គឺបែងចែកឲ្យគ្រប់ ១៧៥គ្រួសារ ប៉ុន្តែ អ្នកណាដែលបានទទួលសំណងរួចហើយ គឺអត់មានទៀតទេ»។
កាលពីថ្ងៃទី២២ខែមីនា ក្រសួងរៀបចំដែនដី បានសម្រេចកាត់ដីទំហំប្រមាណ៨២៥ហិតា ចេញពីក្រុមហ៊ុនស្ករអំពៅក្នុងខេត្តកោះកុង យកទៅឲ្យប្រជាពលរដ្ឋចំនួន ៣៧៥គ្រួសារ និងសម្រចឲ្យក្រុមហ៊ុនផ្តល់សំណងជាទឹកប្រាក់ ២៥០០ដុល្លារក្នុងមួយគ្រួសារដល់ពលរដ្ឋចំនួន១៧៥គ្រួសារដើម្បីបញ្ចប់រឿង ខណៈជម្លោះនោះអូសបន្លាយជាង ១០ឆ្នាំមកហើយនោះ។
ក្នុងគេហទំព័រពហិកាស្ករឈាម Boyscottbloodsugar.net បានឲ្យដឹងថា នៅខែសីហាឆ្នាំ២០០៦ ក្រសួងកសិកម្មបានសម្រេចផ្តល់ដីសម្បទានសេដ្ឋកិច្ចឲ្យក្រុមហ៊ុនកោះកុងផ្លេនថេសិន និងកោះកុងស៊ូហ្គ័រ ធ្វើឧស្សាហកម្មស្ករអំពៅនៅលើដីជិត ២ម៉ឺនហិកតា ក្នុងស្រុកបុទុមសាគរ និងស្រុកស្រែអំបិលក្នុងខេត្តកោះកុង។
ក្រុមហ៊ុនទាំងនោះ មានភាគហ៊ុនពី KSI គ្រុបរបស់ប្រទេសថៃ វេ វ៉ូងរបស់តៃវ៉ាន់ និងសមាជិកព្រឹទ្ធិសភាគណបក្សប្រជាជនកម្ពុជា លោក លី យ៉ុង់ផាត់។
បច្ចុប្បន្ននេះ ភាគហ៊ុនរបស់ KSI មានចំនួន៧០% និងវេ វ៉ូង ខូអបប្រេសិន កាន់កាប់៣០% ហើយលោក លី យ៉ុងផាត់ ត្រូវបានគេរាយការណ៍ថា បានលក់ភាគហ៊ុនរបស់លោកទៅឲ្យក្រុមហ៊ុន KSI នៅឆ្នាំ២០១០៕