មន្រ្តីអាដហុក មន្ត្រី​UN និង​អគ្គលេខាធិការរង គ.ជ.ប ប្រឈម​​ជាប់​ពន្ធនាគារ​ពី​៥​ទៅ​១០​ឆ្នាំ​

ដៃ​មន្ត្រីអាដហុកនិងអគ្គលេខាធិការរងគ.ជ.បដែល​ជាប់ខ្នោះ​ពេល​ដឹកទៅ​តុលាការ(រូបថត៖ លី បេឡា)

ព្រះរាជអាជ្ញានៅសាលាដំបូងរាជធានីភ្នំពេញបានសម្រេចចោទប្រកាន់មន្ត្រី៤រូបនៃសមាគមការពារសិទ្ធិមនុស្សអាដហុក និងអគ្គលេខាធិការរង គ.ជ.ប និងមន្ត្រីសិទ្ធិមនុស្សមួយរូបរបស់អង្គការសហប្រជាជាតិពីបទសូកប៉ាន់សាក្សី និងសមគំនិតក្នុងអំពើសូកប៉ាន់សាក្សី ដោយយោងតាមបទចោទទាំងនេះ ពួកគេប្រឈមជាប់ពន្ធនាគារពី៥ទៅ១០ឆ្នាំ។

អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញលោក លី សុផាន់ណា បានឲ្យវីអូឌី(VOD)ដឹងថា នៅព្រឹកថ្ងៃចន្ទនេះ ព្រះរាជអាជ្ញាបានបន្តសាកសួរមន្ត្រី៤រូបរបស់សមគមអាដហុក និងអគ្គលេខាធិការរង គ.ជ.ប មួយរូប បន្ទាប់ពីបានសាកសួរអ្នកទាំង៥អស់រយៈពេល១ថ្ងៃពេញកាលពីម្សិលមិញ។ លោកបន្តថា ព្រះរាជអាជ្ញាបានសម្រេចចោទប្រកាន់មន្រ្តីសិទ្ធិមនុស្សអាដហុកទាំង៤រូបពីបទសូកប៉ាន់សាក្សី ចំណែកអគ្គលេខាធិការរង គ.ជ.ប ត្រូវបានចោទប្រកាន់ពីបទសមគំនិតក្នុងអំពើសូកប៉ាន់សាក្សី។ លោកថា អ្នកទាំង៥ត្រូវបានបញ្ជូនទៅកាន់ចៅក្រមស៊ើបសួរដើម្បីបន្តនីតិវិធី។

លោក លី សុផាន់ណា ឲ្យដឹងដែរថា ព្រះរាជអាជ្ញាក៏បានចោទប្រកាន់មន្ត្រីមួយរូបរបស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជាគឺលោក សឺន សាលី ពីបទសមគំនិតក្នុងអំពើសូកប៉ាន់សាក្សីផងដែរ។

យោងតាមក្រមព្រហ្មទណ្ឌមាត្រា២៩និង៥៤៨ ពីបទសមគំនិត និងបទសូកប៉ាន់សាក្សី អ្នកទាំង៥អាចប្រឈមនឹងការផ្ដន្ទាទោសឲ្យជាប់ពន្ធនាគារពី៥ឆ្នាំទៅ១០ឆ្នាំ។

កាលពីថ្ងៃអាទិត្យ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថានឹងមិនមានការលើកលែងចំពោះមន្រ្តីសង្គមស៊ីវិល និងមន្រ្តីអង្គការសហប្រជាជាតិ(UN) បើទោះជាមានអភ័យឯកសិទ្ធិក៏ដោយ ដោយលោកថានឹងមិនមានការដោះដូរអ្វីនោះទេ។

ក្នុងពិធីសួរសុខទុក្ខ និងសំណេះសំណាលជាមួយកម្មករនៅក្រុងព្រះសីហនុ ដើម្បីអបអរសាទរក្នុងទិវាពលកម្មអន្តរជាតិ១ឧសភា កាលពីម្សិលមិញ លោក ហ៊ុន សែន បានថ្លែងថានឹងមិនមានអ្វីដែលត្រូវដោះដូរនោះទេ តែលោកមិនបានបញ្ជាក់លម្អិតថាតើជាការដោះដូរអ្វី ជាមួយភាគីណានោះទេ។ លោកបន្ថែមថាទោះបីមន្រ្តីUNមានអភ័យឯកសិទ្ធិក៏ដោយ ក៏ប្រឈមនឹងពន្ធនាគារផងដែរ។

មន្រ្តីអាដហុក៤ទាំងរូបដែលទើបត្រូវបានតុលាការចោទប្រកាន់រួមមានលោក នី សុខា លោក យី សុខសាន្ត លោក ណៃ វ៉ងដា និង លោកស្រី លឹម មុនី។ ចំណែកអគ្គលេខាធិការរង គ.ជ.ប គឺលោក នី ចរិយា ដែលជាអតីតមន្ត្រីរបស់សមាគមអាដហុកផងដែរ។ អ្នកទាំង៥ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយកោះហៅទៅសាកសួរនិងចោទប្រកាន់ថា ជាប់ព័ន្ធ និងការណែនាំឲ្យកញ្ញាស្រីមុំផ្តល់ចម្លើយក្លែងក្លាយដល់សមត្ថកិច្ច។

គួរបញ្ជាក់ថា  អង្គភាពប្រឆាំងអំពើពុករលួយបានកោះហៅមន្រ្តីសង្គមស៊ីវិលដើម្បីសាកសួរបន្ទាប់ពីកញ្ញាខុម ចាន់តារាទី ហៅស្រីមុំ ដែលត្រូវបានគេអះអាងថាមានទំនាក់ទំនងស្នេហាជាមួយលោក កឹម សុខា បានសរសេរលិខិតចំហរមួយដោយលើកឡើងថាមន្រ្តីសង្គមស៊ីវិលមួយចំនួនរួមមានមន្រ្តីទាំង៦រូបដែលទើបត្រូវតុលាការចោទប្រាកាន់ ថាបានបង្ខំនាងឲ្យផ្តល់ចម្លើយក្លែងក្លាយនៅពេលចូលឆ្លើយបំភ្លឺនៅតុលាការ

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ