លិខិតមិត្តអ្នកអាន៖ពហិការ​ការ​បោះ​ឆ្នោត​ជាវិធី​មាន​ប្រសិទ្ធ​ភាព​ តែ​គ្មាន​នរណា​អនុវត្ត​

«ការបោះឆ្នោតគឺជាការប្រើប្រាស់សិទ្ធិរបស់ពលរដ្ឋក្នុងការជ្រើសរើសតំណាងរបស់ខ្លួន ដើម្បីកំណត់វាសនាជាតិ» នេះគឺជាអ្វីដែលសង្គមស៊ីវិលនិងគណបក្សនយោបាយនានាតែងពន្យល់អ្នក។ អ្វីដែលពួកគេមិនបានជម្រាបអ្នកឲ្យបានច្បាស់នោះគឺការបោះឆ្នោតមានលក្ខខណ្ឌរបស់វា មិនមែនចេះតែមានប្រសិទ្ធភាពក្នុងកំណត់អ្នកដឹកនាំឬកម្រិតអំណាចរដ្ឋនោះទេ។ ករណីស្ថាប័នកងរាជអាវុធហត្ថមិនឯករាជ្យ ក្រោមចំណុះគណបក្សនយោបាយគឺជាឧទាហរណ៍ជាក់ស្តែងបំផុត គឺថាគណបក្សដែលឈ្នះឆ្នោតនឹងមិនអាចចូលទៅកាន់តំណែងបានឡើយ ព្រោះគណបក្សដែលក្តាប់យោធានឹងមិនព្រមចុះចេញពីអំណាច រួចប្រើយោធានោះការពារខ្លួន នៅតែក្រាញននៀលកាន់កាប់រដ្ឋឬអាចឈានទៅរកការធ្វើរដ្ឋប្រហារបក្សឈ្នះឆ្នោតបានយ៉ាងងាយ ទោះបីពលរដ្ឋបោះឆ្នោតឲ្យគណបក្សណាក៏ដោយ លើកលែងតែបោះឲ្យគណបក្សដែលត្រួតត្រាយោធានោះ។ បានសេចក្តីថាគ្រាន់តែបោះឆ្នោតវាគ្មានឥទ្ធិពលអ្វីជាដុំកំភួនទៅលើរបបទាំងមូលទេនៅក្នុងករណីដែលប្រព័ន្ធដឹកនាំរដ្ឋទាំងមូលនោះធ្វើទៅតាមលក្ខណៈផ្តាច់ការ ពោលគឺមេដឹកនាំកំពូលសម្រេចគ្រប់យ៉ាង ទោះបីច្បាប់ចែងដូចម្តេចក៏ដោយ គេអាចបកស្រាយច្បាប់តាមតែចំណុចណាដែលផ្តល់ប្រយោជន៍ដល់ខ្លួន មើលរំលងច្បាប់ដែលមិនបម្រើប្រយោជន៍ខ្លួន។ ហេតុនេះហើយ ទើបអ្នកសិក្សាពីដំណើរការប្រជាធិបតេយ្យតែងរកឃើញភាពពាក់ព័ន្ធគ្នារវាងអំពើហិង្សាផ្នែកនយោបាយនិងគុណភាពប្រជាធិបតេយ្យថាអំពើហិង្សាកាន់តែច្រើន(ការបង្ក្រាបគំរាមកំហែងអ្នកប្រឆាំង រដ្ឋប្រហារ ឃាតកម្មខាងនយោបាយ…) នោះកម្រិតប្រជាធិបតេយ្យកាន់ធ្លាក់ចុះ។ ក្នុងបរិបទអំណាចមេដឹកនាំខ្លាំងក្លាធំជាងច្បាប់នេះហើយ ដែលលោក Gene Sharp អ្នកវិទ្យាសាស្ត្រនយោបាយអាមេរិកាំងបានផ្តល់មេរៀនឲ្យយើងថា«មេដឹកនាំផ្តាច់ការគ្មានកិច្ចការអ្វីត្រូវអនុញ្ញាតឲ្យមានការបោះឆ្នោតដែលអាចទាញពួកគេចេញពីតំណែងបាននោះទេ»។ លោកស្រីEmma Goldman អ្នកអនាធិបតេយ្យនិយម(Anarchist)ជាតិអាមេរិកាំងម្នាក់ យល់ឃើញស្រដៀងគ្នាថា«ប្រសិនបើការបោះឆោ្នតបានកែប្រែអ្វីមួយនោះ ពួកគេធ្វើឲ្យការបោះឆ្នោតនោះខុសច្បាប់»។

មួយទៀតគឺរបៀបដែលរចនាសម្ពន្ធដឹកនាំគណបក្សជះឥទ្ធិពលទៅលើរបៀបដឹកនាំរដ្ឋ។ នៅពេលដែលរបៀបដឹកនាំមិនទាន់ត្រូវបានកែទម្រង់ គណបក្សឈ្នះឆ្នោតណាមួយអាចបន្តរបៀបដឹកនាំដដែលនោះតាមបក្សមុនៗ ទោះបីអ្នកបោះឆ្នោតចង់បានរបៀបដឹកនាំផ្សេងក៏ដោយ ក៏គ្មានរារាំងគណបក្សនោះមិនឲ្យបន្តរបៀបដឹកនាំចាស់ដែរ។ ឧ. ករណីគណបក្សដែលប្រកួតប្រជែងទាំងអស់សុទ្ធតែដឹកនាំតាមរបៀបមេបក្សនិយម ពោលគឺមេបក្សអ្នកសម្រេច សមាជិកអ្នកដើរតាម គ្មានសិទ្ធិជំទាស់ គ្មានយន្តការបោះឆ្នោតសម្រេចចិត្តជាក្រុមដោយសម្ងាត់ ដើម្បីការពារមិនឲ្យមេបក្សអាចប្រើអំណាចផ្តាច់ការដឹកនាំបក្ស ដូច្នេះទោះពលរដ្ឋបោះឆ្នោតឲ្យបក្សណាមួយក្នុងចំណោមគណបក្សដឹកនាំបែបមេបក្សនិយមទាំងនោះក៏លទ្ធផលដូចតែគ្នាដែរ រួចក្រោយឡើងកាន់អំណាច គណបក្សនោះនឹងដឹកនាំរដ្ឋដូចបៀបដែលដឹកនាំបក្សឬត្រួតត្រាសមាជិករបស់ខ្លួន។ ទស្សនៈដែលថាមេបក្សនិយមគឺមិនចៀសរួចគឺផ្ទុយនឹងគោលការណ៍ប្រជាធិបតេយ្យតែម្តង ព្រោះគេអាចចៀសពីរបៀបដឹកនាំបែបនាយករដ្ឋមន្ត្រីនិយមបាន ដោយបែងចែងស្ថាប័នកំពូល ផ្តាច់សមាជិកភាពគណបក្សនយោបាយពីអ្នកដែលកាន់ការក្នុងស្ថាប័នសំខាន់ៗ ដូចជាតុលាការនិងយោធា។ អំពីមេបក្សនិយមក្នុងផ្ទៃក្នុងបក្ស គេអាចតាក់តែងយន្តការប្រកួតប្រជែងផ្ទៃក្នុងបក្ស មានបេក្ខភាពមេបក្សថ្មី មិនឲ្យប្រធានបក្សជាប់ឈ្នះស្វ័យប្រវត្តិរាងរាល់អាណត្តិរបស់បក្ស កំណត់អាណត្តិមេបក្ស ការសម្រេចចិត្តជាក្រុមពីសមាជិកបក្សមិនមែនសម្រេចដោយមេបក្សតែម្នាក់មានការជជែកដេញដោលដណ្តើមប្រជាប្រិយភាព។ល។ ពិតណាស់ ពលរដ្ឋមិនអាចជំរុញកំណែទម្រង់ផ្ទៃក្នុងបក្ស ដោយបោះឆ្នោតឲ្យគណបក្សដែលខ្លួនចង់ឲ្យកែទម្រង់បក្សខ្លួនឯងនោះទេ ព្រោះក្រោយបានសន្លឹកឆ្នោតហើយ គណបក្សនោះនឹងមិនរកឃើញហេតុផលអ្វីត្រូវកែទម្រង់ បើបានសន្លឹកឆ្នោតទៅហើយ ពោលគឺពួកគេយកហេតុផលបានសន្លឹកឆ្នោតនោះមកធ្វើជាលេសមិនកែទម្រង់ អ្វីដែលពួកដោះសាគឺមកពីយើងល្អ ទើបគេបោះឲ្យ បើល្អហើយកែទម្រង់ធ្វើអីទៀត។ ដើម្បីបានគណបក្សដែលមានរបៀបដឹកនាំបក្សថ្មី ពលរដ្ឋមានតែបោះឲ្យបក្សផ្សេងទៀតក្នុងករណីបក្សនោះមិនព្រមធ្វើកំណែទម្រង់ ចុះបើបក្សផ្សេងនោះលេងក្បាច់ដដែលដូចបក្សមុន តើពលរដ្ឋអាចជំរុញកំណែទម្រង់តាមរបៀបណា បើបោះឆ្នោតឲ្យជំរុញកំណែទម្រង់បក្សមិនបាន? នេះបានសេចក្តីថារបបប្រជាធិបតេយ្យមិនមែនកាន់អំណាចដោយប្រជាជនទេ តែគឺដោយអ្នកនយោបាយ ដូចដែលលោក Joseph A. Schumpeter សេដ្ឋកិច្ចវិទូអាមេរិកាំង អះអាងដូច្នេះ។

លក្ខខណ្ឌមួយទៀតដែលជះឥទ្ធិពលខ្លាំងលើជម្រើសរបស់អ្នកបោះឆ្នោតគឺកត្តាសេដ្ឋកិច្ច។ អ្នកប្រាជ្ញវិទ្យាសាស្ត្រនយោបាយអាមេរិកាំងThomas Fergusonនៅក្នុងស្នាដៃGolden Rule: The Investment Theory of Party Competition and the Logic of Money-Driven Political Systems (វិធានមាស៖ ទ្រឹស្តីអំពីការវិនិយោគលើការប្រកួតប្រជែងរវាងគណបក្សនយោបាយនិងភាពសមហេតុផលនៃប្រព័ន្ធនយោបាយដឹកមុខដោយលុយ) ដែលសិក្សាពីស្ថានភាពនយោបាយនៅអាមេរិក បានអះអាងថាការផ្តល់ជំនួយមូលនិធិគឺជាកត្តាកំណត់ ដែលអាចចង្អុលបង្ហាញពីរបៀបដែលគោលនយោបាយត្រូវបានជ្រើសរើស ពោលគឺគណបក្សដែលមានលុយច្រើនឬទទួលបានមូលធិនិច្រើនជាងក្នុងការធ្វើយុទ្ធនាការបោះឆ្នោត នោះគណបក្សនោះនឹងមានឱកាសឈ្នះច្រើនជាងទៅតាមនោះដែរ ហើយជ្រើសរើសគោលនយោបាយដែលខ្លួនចង់បាន ឯអ្នកបោះឆ្នោតគ្រាន់តែបោះឆ្នោតរើសតំណាងប៉ុណ្ណោះ មិនមែនរើសគោលនយោបាយឡើយ។ នៅពេលអ្នកមានលុយកំណត់គោលនយោបាយនោះ គោលនយោបាយចេញមកពីមានអ្នកលុយប្រាកដជាបម្រើអ្នកមានលុយ មិនមែនអ្នកបោះឆ្នោតទេ ទោះបីពួកគេបោះឲ្យគណបក្សណាមួយក៏ដោយ ក៏មានតែគណបក្សមានលុយប៉ុណ្ណោះដែលមានអត្រាជោគជ័យខ្ពស់។ អ្នកបោះឆ្នោតគិតថាខ្លួនឯងមានសេរីភាពជ្រើសរើស តែតាមពិតពួកគេមានសេរីភាពជ្រើសរើសតែជម្រើសណាដែលរើសដោយក្រុមឈ្មួញធំៗប៉ុណ្ណោះ។

តាមសង្គមវិទូ Charles Wright Mills សេរីភាពជ្រើសរើស តែជម្រើសដែលគេរើសឲ្យ មិនមែនជាសេរីភាពនោះទេ ពោលគឺ«សេរីភាពពុំមែនគ្រាន់តែជាឱកាសអាចធ្វើអ្វីតាមចិត្តឬគ្រាន់តែជាឱកាសចាប់យករវាងជំរើសដែលមានស្រាប់នោះឡើយ។ សេរីភាព ដំបូងបំផុត គឺជាឱកាសក្នុងការបង្កើតជម្រើសសម្រាប់ជ្រើសរើសនោះ ហើយថ្លឹងថ្លែងហេតុផលលើជម្រើសដែលមានស្រាប់ បន្ទាប់មកទើបចូលដល់ឱកាសក្នុងការជ្រើសរើសនោះ។ មូលហេតុនេះហើយ ទើបសេរីភាពមិនអាចលេចរូបរាងឡើង ដោយគ្មានវត្តមានតួនាទីធំទូលាយនៃហេតុផលនៅក្នុងកិច្ចការរបស់មនុស្សនោះទេ»។ លោក Ferguson ពុំមែនជាអ្នកប្រាជ្ញតែម្នាក់ទេដែលមើលឃើញពីអំណាចសេដ្ឋកិច្ចរបស់ពួកមូលធន លោក Michel Foucault ទស្សនវិទូបារាំងដ៏មានឥទ្ធិពលនាសហសម័យ បានយល់ដូច្នេះដែរ។ ឆ្លើយតបនឹងសំណួរថាតើប្រទេសលោកខាងលិចសព្វថ្ងៃអាចរាប់ទុកប្រជាធិបតេយ្យហើយឬនៅ លោកពន្យល់ថា«បើសិនគេយល់ថាប្រជាធិបតេយ្យជាការកាន់អំណាចដ៏មានប្រសិទ្ធភាពដោយប្រជាជនទាំងមូល មិនត្រូវបានបែងចែកឬចាត់ថ្នាក់តាមឋានានុក្រមជាវណ្ណៈនានានោះ ច្បាស់ណាស់ថាពួកយើងឋិតនៅឆ្ងាយណាស់ពីប្រជាធិបតេយ្យ។ វាមានតែជាក់ស្តែងខ្លាំងទៅទៀតថាពួកយើងកំពុងរស់នៅក្រោមរបបផ្តាច់ការនៃវណ្ណៈឬអំណាចនៃវណ្ណៈ ដែលដាក់កម្រិតខ្លួនឯងដោយអំពើហិង្សា សូម្បីតែនៅពេលដែលឧបករណ៍ហិង្សានោះត្រូវបានរៀបចំគ្រប់គ្រងដោយស្ថាប័ននិងឋិតក្រោមច្បាប់រដ្ឋធម្មនុញ្ញក៏ដោយ។ ឋិតនៅក្នុងកម្រិតនេះ មិនមានសំណួរអ្វីអំពីប្រជាធិបតេយ្យសម្រាប់យើងនោះទេ»។ នេះបានសេចក្តីថានៅពេលវណ្ណៈអ្នកមានសោយរាជ្យ នោះគឺវណ្ណៈធិបតេយ្យមិនមែនប្រជាធិបតេយ្យឡើយ។

ផលវិបាកអចេតនា(Unintended Consequences) អាក្រក់បំផុតមួយដែលកើតចេញសកម្មភាពចូលរួមការបោះឆ្នោតគឺវាបានចាក់បញ្ចូលទៅក្នុងខួរក្បាលប្រជាជននូវគំនិតងាយៗដែលថា មានតែការបោះឆ្នោតរើសអ្នកនយោបាយទេដែលអាចដោះស្រាយបញ្ហាបានឬបញ្ហាណាក៏អាចដោះស្រាយបានដែរតាមរយៈការបោះឆ្នោតដែរនិងមានតែអ្នកនយោបាយទេដែលអាចដោះស្រាយបញ្ហាប្រជាជនបាន ប្រជាជនមិនអាចដោះស្រាយបញ្ហាខ្លួនឯងបានទេ ត្រូវតែពឹងអ្នកនយោបាយ។ នេះគឺជារឿងល្អសម្រាប់អ្នកនយោបាយនិងសម្រាប់អ្នកចង់ធ្វើនយោបាយ ប៉ុន្តែពិតជាអាក្រក់ណាស់សម្រាប់ប្រជាជន ព្រោះវាបង្កើតវប្បធម៌ពឹងអាស្រ័យអ្នកក្រៅជាជាងជួយខ្លួនឯង។ ពិសេសគឺវាក៏ជារបាំងដ៏ធំចំពោះអ្នកជំរុញឱយមានការអនុវត្តនិងយល់ដឹងពីសារៈសំខាន់នៃការមិនចូលរួមការបោះឆ្នោត និយាយចំ ព្រោះការបោះឆ្នោតជាតិមិនមែនជាមធ្យោបាយមានប្រសិទ្ធភាពក្នុងការផ្លាស់ប្តូររបបដឹកនាំឬបំបែកអំណាចប្រមូលផ្តុំនោះទេ។ នៅក្នុងរបបផ្តាច់ការដែលមានការបោះឆ្នោត គណបក្សកាន់អំណាចធ្វើជាអាជ្ញាកណ្តាលក្នុងការបោះឆ្នោតទៅហើយ គេមិនដែលអាចបោះឆ្នោតទម្លាក់អាជ្ញាកណ្តាលនោះទេ។ អ្នកកាន់អំណាចតែងយល់ពីសារៈសំខាន់នៃការបោះឆ្នោតនិងឥទ្ធិពលរបស់វាក្នុងការកំណត់ភាពស្របច្បាប់ ដូច្នេះល្បែងឆ្នោតដែលខ្លួនមិនជឿជាក់ថាលេងឈ្នះ គណបក្សកាន់អំណាចមិនល្ងង់ព្រមចាញ់ឬមិនប្រើល្បិចនោះទេ។ បើរបបផ្តាច់ការបើកឲ្យមានបោះឆ្នោត ពួកគេប្រាកដជាមានការជឿជាក់ថាឈ្នះឬបន្លំយកឈ្នះ បើនៅតែចាញ់ទៀតមិនទទួលយកលទ្ធផល រួចកាន់អំណាចបន្តទៀតទៅ ហើយបន្តបង្ក្រាបអ្នកតវ៉ាទៅជាការស្រេច។ ទោះបីប្រជាជនអាចមើលឃើញថាមានភាពមិនប្រក្រតីក្នុងការបោះឆ្នោតក៏ដោយ ជាអកុសលពួកមិនគិតថាការចូលរួមបោះឆ្នោតជាបញ្ហានោះទេ តែគឺការមិនទៅបោះឆ្នោត ការលួចឆ្នោត ការបោះឆ្នោតឲ្យគណបក្សកាន់អំណច ទើបជាបញ្ហា ព្រោះពួកគេត្រូវបានបង្រៀនដោយគណបក្សនយោបាយនានា ព្រមទាំងសង្គមស៊ីវិលផងដែរ តាំងពីដើមរៀងមកថាការបោះឆ្នោតគឺជាបំពេញកាតព្វកិច្ចជាពលរដ្ឋ កំណត់វាសនាប្រទេសជាតិរបស់ខ្លួន ទោះបីនៅពេលវាគ្មានប្រសិទ្ធភាពលើអភិបាលកិច្ចរបស់រដ្ឋាភិបាលក៏ដោយ ក៏គេមិនចោទថាការបោះឆ្នោតគ្មានប្រសិទ្ធភាពដែរ។ ប្រជាជនដែលទៅបោះឆ្នោតទាំងដឹងពីគម្រោងការលួចបន្លំ រត់ចូលអន្ទាក់ដែលរបបដឹកនាំរៀបចំហើយ ពួកគេនៅតែគិតថាជម្រើសទៅបោះឆ្នោតរបស់ពួកគេត្រឹមត្រូវទៀត។ ទីបំផុតពួកគេនៅតែត្រូវធ្វើបាតុកម្មប្រឆាំងលទ្ធផលឆ្នោត ដែលពួកគេគង់តែត្រូវធ្វើបាតកម្មដដែល ទោះបីលទ្ធផលចេញមកគណបក្សកាន់អំណាចចាញ់ឆ្នោត ក៏ការមិនព្រមចុះចេញពីអំណាចគង់តែនឹងកើតមាន។ សម្រាប់ប្រជាជនជាច្រើន ប្រជាធិបតេយ្យគ្រាន់តែជាការបោះឆ្នោតប៉ុណ្ណោះ។ ការបោះឆ្នោតគឺការរើសជ្រើសមិនមែនជាការបង្កើតជម្រើសនោះទេ ហើយវារឹតតែមិនដំណើរការ បើគ្មានជម្រើសឬមានតែជម្រើសដែលអាក្រក់ គ្មានជម្រើសល្អ ពោលគឺគ្មានគណបក្សនយោបាយរឹងមាំគ្រប់គ្រាន់ដើម្បីទប់ទល់នឹងគណបក្សកាន់អំណាច។

ប្រជាជនមានសេរីភាពនយោបាយពុំត្រឹមតែការបោះឆ្នោតនោះទេ តែព្រមទាំងការបង្កើតគណបក្សដោយខ្លួនឯងនិងជំរុញឲ្យអ្នកដទៃបង្កើតគណបក្សដូចគ្នា ពិសេសគឺបើគ្មានគណបក្សណាត្រូវចិត្តទេ ប្រជាជនអាចបង្កើតគណបក្សខ្លួនឯង ធ្វើនយោបាយខ្លួនឯងបាន បើគ្មានលទ្ធភាពទេ (លុយនៅតែទិញនយោបាយ) អាចជំរុញឲ្យអ្នកនយោបាយថ្មីឬគណបក្សថ្មីឲ្យលេចរូបរាងឡើង ដោយយកសន្លឹកឆ្នោតរបស់ខ្លួនធ្វើជានុយ មិនចេះតែបោះឆ្នោតឲ្យតែរួចពីដៃ នាំឲ្យអ្នកនយោបាយបានចិត្តនោះឡើយ។ បើឃើញថាស្ថាប័នបោះឆ្នោត ច្បាប់បោះឆ្នោត បញ្ជីបោះឆ្នោត គណបក្សដែលខ្លួនពេញចិត្តត្រូវគេប្រុងលួចសំឡេង គណបក្សកាន់អំណាចមិនចុះចេញ បើចាញ់ឆ្នោត។ល។ ប្រជាជននៅតែមានជម្រើសមួយទៀត ពោលគឺមិនជ្រើសរើសឬពហិការមិនបោះឆ្នោត។ ការមិនទៅបោះឆ្នោតប្រសើរជាងបោះឆ្នោតរើសគណបក្សខុសឬទៅបោះឲ្យគេលួច ចូលអន្ទាក់ដែលគេដាក់។ ការមិនទៅបោះឆ្នោត មិនមែនគេចវេះពីបញ្ហានោះទេ តែគឺយល់បញ្ហាដែលថាការបោះឆ្នោតគឺជាបញ្ហា គឺជាអ្វីគណបក្សកាន់អំណាចចង់បាន ព្រោះទោះបីមិនបោះឲ្យគណបក្សពួកគេ ក៏ពួកគេនៅតែអាចលួចបន្លំបាន រួចបិតសិទ្ធិតវ៉ា ប្រកាសថាខ្លួនមានសិទ្ធិស្របច្បាប់កាន់អំណាច ទោះបីលួចបន្លំឆ្នោតក៏ពួកគេចាត់ទុកជាទង្វើស្របច្បាប់ដែរ។ ជាការពិត ទោះបីប្រជាជនមិនទៅបោះឆ្នោតសូម្បីម្នាក់ ក៏លទ្ធផលចេញមកនៅតែគណបក្សកាន់អំណាចឈ្នះ ហើយគណបក្សកាន់អំណាចក៏មានអ្នកគាំទ្ររបស់ខ្លួនដែរ ពួកគេអាចយកលេសនេះមកកាន់អំនាចបន្តបាន។ គោលដៅនៃពហិការការបោះឆ្នោតគឺមិនមែនធ្វើឲ្យប្រជាជនទាំងអស់មិនទៅបោះឆ្នោតទេ តែគឺធ្វើឲ្យមិនគ្រប់ចំនួនកូរ៉ុម ដែលអាចកំណត់អ្នកជាប់ទៅតាមទីតាំងឈរឈ្មោះនានា ដែលចំនួននេះមិនជាច្រើនដល់ថ្នាក់ធ្វើមិនបានទេ។ គោលដៅសំខាន់មួយទៀត គណបក្សកាន់អំណាចមិនអាចធ្វើឲ្យប្រជាជនជឿលើលទ្ធផលដែលពួកគេភាគច្រើនមិនបានទាំងទៅបោះនោះទេ។ រាល់ល្បិចលួចបន្លំទាំងប៉ុន្មាននឹងក្លាយជាអសារបង់ ប្រកាសលទ្ធផលទាំងមណ្ឌលឆ្នោតនីមួយៗស្ងាត់ជ្រាប។ ភាពស្របច្បាប់ដែលពួកគេរំពឹងបានពីការបន្លំសន្លឹកបោះឆ្នោត ប្រែជាទទួលលទ្ធផលផ្ទុយគឺថានៅពេលប្រជាជនជាច្រើនមិនទៅបោះឆ្នោតប្រឆាំងគណបក្សកាន់អំណាច មានន័យថាពួកគេមិនជ្រើសរើស មិនផ្តល់ទំនុកចិត្ត មិនផ្តល់ភាពស្របច្បាប់ដល់ស្ថាប័នបោះឆ្នោតនិងគណបក្សកាន់អំណាចដែលរៀបចំឆាកល្ខោនបោះឆ្នោតទៅហើយ គណបក្សកាន់អំណាចត្រូវបានប្រជាជនបោះឆ្នោតទម្លាក់តាមរយៈការមិនបោះឆ្នោតជាសញ្ញាបញ្ជាក់ជំនួស ព្រោះបើគេរាប់ចំនួនអ្នកមិនទៅបោះឆ្នោត គេទទួលបានចំនួនអ្នកមិនបោះឆ្នោតឲ្យគណបក្សកាន់អំណាច មានន័យថាសន្លឹកឆ្នោតត្រូវបានលើសគណបក្សផ្សេងៗទៀត គណបក្សផ្សេងទើបអាចឈ្នះទៅរួច គណបក្សចាំផ្ទះគ្មានសិទ្ធិស្របច្បាប់នោះទេ។ បន្ទាប់ពីពហិការបានសម្រេច កាលៈទេសៈបែបនេះ សេចក្តីក្លាហានគឺជាប្រការចាំបាច់ដូចទាហានត្រៀមចូលសមរភូមិដូច្នោះ ប្រជាជនត្រូវតែហ៊ានបង្ហាញថាខ្លួនមិនបានទៅបោះឆ្នោត ប្រកាសជំហរមិនទទួលស្គាល់ដ្ឋាភិបាលកើតពីការបោះឆ្នោតដែលគ្មានវត្តមានអ្នកបោះឆ្នោត បង្កើតយុទ្ធនាការនិមិត្តរូបដូចជាកំណត់ពណ៌ណាមួយ ពាក់សម្លៀកបំពាក់ពណ៌ដូចគ្នា តំណាងពហិការ នោះគេនឹងដឹងដោយងាយថាប្រជាជនដែលពាក់ពណ៌ទាំងនោះមានគ្រប់ទីកន្លែង មិនទទួលស្គាល់រដ្ឋាភិបាលផង តើគណបក្សកាន់អំណាចអាចកុហកអ្នកណាបាន បើឃើញនឹងភ្នែកទៅហើយ។

បើការបោះឆ្នោតគឺជាវិធីទទួលបានភាពស្របច្បាប់ ហេតុអ្វីគណបក្សកាន់អំណាចដែលអស់ភាពស្របច្បាប់អាចនៅកាន់អំណាចបានទៀត? ហេតុព្រោះបាត់បង់ភាពស្របច្បាប់តែម្យ៉ាងពុំនាំទៅរកការអស់អំណាចដោយស្វ័យប្រវត្តិឡើយ បើទំនាក់ទំនងអំណាចមិនបានប្រែប្រួល ពោលគឺដរាបណាប្រជាជននៅតែសហការផ្តល់ប្រភពអំណាចដល់របបដឹកនាំ របបនោះនៅតែបន្តកាន់អំណាបាន។ ប្រហែលជាលុះដល់ពេលការបោះឆ្នោតផ្លាស់ប្តូរគណបក្សកាន់អំណាចមិនបាន ទាំងពេលស្ថាប័នរៀបចំការបោះឆ្នោតឯករាជ្យ ទើបពួកគេដឹងថាការបោះឆ្នោតមិនមានប្រសិទ្ធភាព។ ពហិការការបោះឆ្នោតកាន់តែមានទម្ងន់ បើប្រើផ្សំនឹងពហិការរបស់គណបក្សប្រកួតប្រជែងទាំងអស់មិនចូលរួមការបោះឆ្នោត នាំឲ្យគណបក្សកាន់អំណាចលេងម្នាក់ឯង ឈ្នះម្នាក់ឯង ធ្វើអាជ្ញាកណ្តាលម្នាក់ឯង អត់មាននរណាទទួលស្គាល់។ លើសពីនេះ នៅមុនការបោះឆ្នោតមកដល់ ប្រជាជនអាចប្រកាសគំរាមធ្វើពហិការមិនទៅបោះឆ្នោតជាមុន ដើម្បីបង្ខំឲ្យមានកំណែទម្រង់ស្ថាប័នបោះឆ្នោតឬច្បាប់បោះឆ្នោតអយុត្តិធម៌ ពិសសគឺដាក់សម្ពាធជាមុនដល់គណបក្សកាន់អំណាច បើមិនព្រមចុះចេញអំណាច។ បើគ្មានអ្វីប្រែប្រួលទេគឺគណបក្សកាន់អំណាចមិនធ្វើតាម ប្រជាជនអាចយកលេសនេះធ្វើជាមូលហេតុនៃការធ្វើពហិការ។ ជាការពិតណាស់ ទោះប្រជាជនមិនទៅបោះឆ្នោតក៏គណបក្សកាន់អំណាចនៅតែកាន់កាប់រដ្ឋាភិបាលដែរ ប៉ុន្តែនេះពុំបានបញ្ជាក់ពីអប្រសិទ្ធភាពនៃវិធីពហិការការបោះឆ្នោតនោះឡើយ ព្រោះគេក៏មិនអាចដកហូតភាពស្របច្បាប់របស់គណបក្សកាន់អំណាច ដោយបោះឆ្នោតផ្តល់ភាពស្របច្បាប់ បំពេញសាច់រឿងដែលគណបក្សកាន់អំណាចរៀបចំទុកនោះទេ តែគឺដោយមិនបំពេញតួនាទី បង្កអវត្តមាននៃតួអង្គ ដែលធ្វើសាច់រឿងនោះឥតន័យ បាត់ភាពស្របច្បាប់។ នៅក្នុងរបបផ្តាច់ការដែលមានការបោះឆ្នោត អ្វីដែលគណបក្សកាន់អំណាចខ្លាចបំផុតគឺប្រជាជនមិនទៅបោះឆ្នោត មិនផ្តល់ទំនុកចិត្តឬភាពស្របច្បាប់ឲ្យពួកគេ ឯប្រជាជនបោះឆ្នោតឲ្យគណបក្សផ្សេងគឺគួរឲ្យខ្លាចដែរ តែបន្ទាប់បន្សំប៉ុណ្ណោះ។ គួររំឭកផងដែរថាពហិការមិនចូលរួមការបោះឆ្នោតមិនមែនប្រជាជនម្នាក់ឬគណបក្សមួយអាចសម្រេចបាននោះទេ ការឯកភាពគ្នាអនុវត្តនៅតែចាំបាច់។ វិធីមិនសហការផ្សេងៗទៀតទាមទារអនុវត្តបន្ថែមលើវិធីពហិការការបោះឆ្នោត ដូចជាកូដកម្មពីកម្មករ សិស្សនិស្សិត គ្រូបង្រៀន មន្ត្រីរាជការ បិទផ្លូវ ព័ទ្ធអគារសាធារណៈ ដង្ហែក្បួនទ្រង់ទ្រាយ បង្កើតរបាំងមិនឲ្យមានការចល័តទ័ពចូលក្រុង។ល។  ដើម្បីដកហូតប្រភពអំណាចរបស់រដ្ឋដែលគណបក្សកាន់អំណាចត្រូវការ។ តោងចងចាំថាបើបោះឆ្នោតធ្វើឲ្យមានការផ្លាស់ប្តូរមិនបាន ផ្លាស់ប្តូរការបោះឆ្នោតទៅជាការមិនទៅបោះឆ្នោតទៅ អ្នកនឹងឃើញភាពខុសគ្នា៕

ដោយលោក ទេព រ៉ានិត

 

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ