ស្រីលង្កាបង្កើតក្រុមការងារ​ស៊ើបអង្កេតអ្នកមាន​ឈ្មោះ​ក្នុង​បញ្ជី​ Panama Papers

អតីតប្រធានាធិបតីស្រីលង្កា លោក Mahinda Rajapakse (រូបភាព​ពី Channel News Asia)

ប្រទេសស្រីលង្កាដែលកំពុងជួបបញ្ហាហិរញ្ញវត្ថុបានប្រកាសកាលពីថ្ងៃអាទិត្យថា ខ្លួនកំពុងរៀបចំក្រុមការងារពិសេសមួយ ដើម្បីតាមដានពលរដ្ឋណាដែលពាក់ព័ន្ធនឹងឯកសារ Panama Papers ដែលជាឯកសារបែកធ្លាយពាក់ព័ន្ធនឹងការគេចវេសពីការបង់ពន្ធនៅទូទាំងពិភពលោក។

រដ្ឋមន្ត្រីហិរញ្ញវត្ថុស្រីលង្កាលោក Ravi Karunanayake បានឱ្យដឹងថារដ្ឋាភិបាលក្រុងកូឡុំបូនឹងស៊ើបអង្កេតពលរដ្ឋស្រីលង្កាទាំងឡាយណាដែលឈ្មោះរបស់ពួកគេអាចនឹងមាននៅក្នុងឯកសារ Panama Paper ដែលនឹងត្រូវផ្សាយជាសាធារណៈនៅថ្ងៃទី៩ ខែឧសភា។ នេះបើយោងតាមសារព័ត៌មាន Channel News Asia។

លោកបានចោទរដ្ឋាភិបាលមុនថា បរាជ័យក្នុងការពិនិត្យមើលទៅក្នុងលើជនជាតិស្រីលង្កា៤៦នាក់ដែលមានឈ្មោះនៅក្នុងប្រព័ន្ធទិន្នន័យស៊ើបអង្កេតមួយក្នុងឆ្នាំ២០១៣ ឈ្មោះថា Offshore Leaks។ ប្រព័ន្ធទិន្នន័យ Offshore Leaks នេះត្រូវបានរៀបចំដោយដោយសមាគមអន្តរជាតិនៃក្រុមអ្នកកាសែតស៊ើបអង្កេត (ICIJ) ដែលជាអ្នកនៅពីក្រោយឯកសារ Panama Paper ផងដែរ។

លោក Ravi Karunanayake បានប្រាស់អ្នកសារព័ត៌មានថា៖ ក្រុមការងាររបស់យើងនឹងមើលទៅក្នុងឈ្មោះដែលនឹងបង្ហាញឡើងនៅក្នុងឯកសារ Panama Papers ក៏ដូចជាអ្នកដែលមានឈ្មោះរួចហើយនៅក្នុង Offshore Leaks

គួរបញ្ជាក់ថា បញ្ជី Panama Papers បានក្លាយជារឿងអាស្រូវនៅទូទាំងពិភពលោក ដោយបានបង្កឲ្យមានការស៊ើបអង្កេតនិងការលាលែងពីតំណែង។ ឯកសារលេចធ្លាយប្រមាណ១១,៥លាន ដែលបានមកពីក្រុមហ៊ុនច្បាប់ Mossack Fonseca ក្នុងប្រទេសប៉ាណាម៉ា បានបង្ហាញការប្រើប្រាស់ខ្នាតធំនៃអង្គភាពនៅឯនាយសមុទ្រ ដើម្បីលាក់ទ្រព្យសម្បត្តិពីការបង់ពន្ធ។

រដ្ឋាភិបាលស្រីលង្កាដែលបានចូលកាន់អំណាចក្នុងខែមករាឆ្នាំមុននិងកំពុងស្ថិតក្នុងការសន្យាសម្អាតអំពើពុករលួយនោះបានចោទប្រកាន់អតីតប្រធានាធិបតីលោក ម៉ាហ៊ីនដា រ៉ាចាប៉ាកសេ (Mahinda Rajapakse) និងគ្រួសាររបស់លោកពីបទលួចផ្ទេរប្រាក់រាប់ពាន់ដុល្លារក្នុងអំឡុងពេលដែលលោកនៅក្នុងអំណាចរយៈពេល១០ឆ្នាំ។ ទោះយ៉ាងណា លោក ម៉ាហ៊ីនដា រ៉ាចាប៉ាកសេ បានបដិសេធការចោទប្រកាន់នេះ។

រដ្ឋបាលថ្មីនេះទទួលបន្ទុកយ៉ាងធ្ងន់ដោយសារប្រាក់កម្ចីពីបរទេសជាច្រើនដែលបានខ្ចីដោយរបបគ្រប់គ្រងដោយលោក រ៉ាហ្សាប៉ាក់សេ។ កាលពីសប្តាហ៍មុន រដ្ឋាភិបាលក្រុងកូឡុំបូទទួលបានថវិកាសង្គ្រោះចំនួន១,៥ពាន់លានដុល្លារពីអង្គការរូបិយវត្ថុអន្តរជាតិ IMF ដើម្បីងាកទៅរកតុល្យភាពនៃវិបត្តិនៃការទូទាត់វិញ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ