អង្គការបរិស្ថានមួយថា សកម្មភាពនាំខ្សាច់ទៅក្រៅប្រទេសនៅតែបន្តកើតមាន

សាឡង់ដឹកខ្សាច់ (មាស មុនី)

សកម្មជនបរិស្ថានតំបន់អារ៉ែងក្នុងខេត្តកោះកុងបានឲ្យដឹងថា សកម្មភាពបូមខ្សាច់នៅតែបន្ត កើតមានដដែល បើទោះបីជារដ្ឋាភិបាលកម្ពុជាបានសម្រេចហាមឃាត់ការនាំចេញខ្សាច់ពីប្រទេសកម្ពុជាទៅកាន់បរទេសក៏ដោយ។

កាលពីឆ្នាំ២០១៦ក្រសួងរ៉ែ និងថាមពលបានប្រកាលផ្អាកការនាំចេញខ្សាច់ពីកម្ពុជាទៅកាន់បរទេសបណ្ដោះអាសន្ន ក្រោយពីផ្ទុះឡើងនូវភាពចម្រូងចម្រាស់ខាងតួលេខរវាងរដ្ឋាភិបាលកម្ពុជា និងតួលេខរបស់ប្រទេសដែលទិញខ្សាច់ពីកម្ពុជាថាមានចំនួនខុសគ្នារាប់រយលាន​ដុល្លារ​។

ក្នុងវីដេអូរយៈពេល ជាងមួយនាទីកន្លះ ដែលបង្ហោះនៅលើទំព័រហ្វេសប៊ុកនៃអង្គការមាតាធម្មជាតិនោះ យុវតី លីម គីមស័រ ជាសកម្មការពារបរិស្ថានតំបន់អារ៉ែង បាននិយាយថា ខ្សាច់ត្រូវបានគេផ្ទេរពីទូកតូចៗទៅកាប៉ាល់ធំមួយគ្រឿងចតនៅឆ្ងាយពីឆ្នេរសមុទ្រ បន្ទាប់ពីយុវតីរូបនេះបានធ្វើដំណើរទៅមើលកៀកបង្កើយនឹងកប៉ាល់នោះ។

យុវតី លីម គីមស័រ ប្រាប់វីអូឌីថាសកម្មភាពបូមនិងដឹកខ្សាច់នោះកំពុងកើតមាននៅឆកសមុទ្រខេត្តព្រះសីហនុ ដោយមានសាឡុងប្រមាណជិត១០គ្រឿងបានសកម្មភាពបូមខ្សាច់ជាច្រើនខែមកហើយ មិនមានអាជ្ញាធរណាចុះហាមឃាត់នោះទេ។

យុវតី លីម គីមស័រ រាយការណ៍ «ដូចបងប្អូនបានឃើញស្រាប់ ដូចទៅអ្វី ដែលប្រជាពលរដ្ឋលើកឡើងមែន នេះគឺជាកាប៉ាលដឹកខ្សាច់ខ្នាត់យក្សដែលអាចផ្ទុកទំងន់ រហូតទៅដល់៣ម៉ឺនតោន ហើយវាកំពុងធ្វើសកម្មភាពចាប់ខ្សាច់ពីសាឡុងតួចៗដើម្បីនាំខ្សាច់ ចេញទៅក្រៅប្រទេស។ ហើយសូមជំរាបផងដែរថាសកម្មភាពនេះបានកើតមានជារៀងរាល់ថ្ងៃ ទាំងថ្ងៃទាំងយប់មិនឃើញមន្រ្តីមូលដ្ឋានណាមួយចុះមកត្រួតពិនិត្យ ឬចាត់វិធានការណាមួយ នោះទេ»។

អ្នកនាំពាក្យក្រសួងរ៉ែ និងថាមល លោក ម៉េង សក្តធារ៉ា ប្រសាសន៍ថា ក្រសួងមិនបានដឹងថា មានការបូមខ្សាច់នៅតំបន់សមុទ្រកំពង់សោមនោះទេ។

លោកថា ក្រោយទទួលព័ត៌មាននេះភ្លាមក្រសួងបានដាក់កំលាំង និងសហការជាមួយអាជ្ញាធរពាក់ ព័ន្ធចុះពិនិត្យនៅតំបន់ទីតាំងនោះហើយ ប៉ុន្តែលោកថា ក្រុមអាជ្ញាធររកមិនឃើញកាប៉ាលបូម ខ្សាច់ដូចសេចក្តីរាយការណ៍របស់យុវជនមាតាធម្មជាតិនោះទេ។

លោកបន្ថែមថា «រហូតមកដល់ម៉ោងនេះ ស្ថាប័នខាងសមត្ថកិច្ចដែលទទួលការគ្រប់គ្រងរឿង ការចេញចូលកាប៉ាល់ហ្នឹងឆ្លើយថា អត់មានកាប៉ាល់ដឹកខ្សាច់ចូលមកក្នុងដែនទឹករបស់កម្ពុជា ទេ ទី២ក្រុមការងារដែលទៅឆែករកមើលតាមទីតាំងជាក់ស្តែងទាំងអស់ហ្នឹងអត់ឃើញកាប៉ាល់ ហ្នឹងដែរ អញ្ចឹងទៅវាអាចសេនារយូរពីរ ទី១បើសិនណាព័ត៌មានដែលគាត់ផ្សាយហ្នឹងជាព័ត៌ មានពិតមានន័យកាប៉ាល់ហ្នឹងវាអាចលួចចូលមក ហើយកាប៉ាល់ហ្នឹងបានចេញទៅវិញបាត់ ហើយ មួយទៀតយើងសង្ស័យថាវាអាចមិនពិត តែយ៉ាងណាក៍ដោយក្រុមការងារយើងកំពុង​តែធ្វើការស៊ើបអង្កេតរឿងហ្នឹងបន្តទៀតដែរ»។

លោក ម៉េង សក្តធារ៉ា បន្តថា ក្រសួងស្វាគមន៍ចំពោះការរាយការណ៍ព័ត៌មាននានាអំពីបញ្ហា ការបូមខ្សាច់នេះ ប៉ុន្តែលោក សុំឲ្យផ្តល់ព័ត៌មានឲ្យបានឆាប់ និងបញ្ជាក់ទីតាំងឲ្យបានច្បាស់ លាស់ដើម្បីងាយក្រសួងមានវិធានការទាន់ពេលវេលា ដោយលោកថា អ្វីដែលសកម្មជន បរិស្ថានរាយការណ៍នោះមិនបានបញ្ជាក់អត្តសញ្ញាណច្បាស់លាស់ទេ។

នាយកប្រតិបត្តិសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជាលោក សន ជ័យ មានប្រសាសន៍ថា ប្រសិនបើព័ត៌មាននោះពិតមែនវាជាតម្រុយមួយសម្រាប់រដ្ឋាភិបាលធ្វើការស៊ើបអង្កេត និងចាត់ វិធានការ។

លោបន្ថែមថា «ការដែលនៅតែមានសកម្មភាពលូចបូមខ្សាច់នេះ អាចមកពីប្រសិទ្ធិភាពនៃអនុ វត្តច្បាប់ហ្នឹងមិនបានល្អ ហើយព័ត៌មាននេះគិតថាជាតំរ៉ុយសម្រាប់រដ្ឋាភិបាលធ្វើការអន្តរាគមន៍ជាបន្ទាន់ដើម្បីលុបបំបាត់ទៅលើករណីបូមខ្សាច់ដែលកើតឡើងអំឡុងពេលហាមឃាត់នេះ»។

កាលពីចុងឆ្នាំ២០១៦ គណៈកម្មការទី១០ នៃរដ្ឋសភាបានកោះហៅរដ្ឋមន្រ្តីក្រសួងរ៉ែនិងថាមពលលោក ស៊ុយ សែម មកឆ្លើយបំភ្លឺពាក់ព័ន្ធនឹងតួលេខនៃការនាំខ្សាច់ពីកម្ពុជាទៅលក់នៅក្រៅប្រទេសក្រោយពីស្ថាប័ននោះរកឃើញតួលេខនៃការនាំចេញខ្សាច់មួយចំនួនមានភាពមិន ប្រក្រតី។

កាលណោះ សង្គមស៊ីវិល ទទួលតួលេខពីខាងនាយកដ្ឋានស្ថិតិពាណិជ្ជកម្មរបស់រដ្ឋាភិបាលសិង្ហបុរីបង្ហាញថាកម្ពុជាបាននាំខ្សាច់ចំនួន៧២.៨លានតោន ចូលទៅប្រទេសសិង្ហបុរី ចាប់ពីឆ្នាំ២០០៧ដល់ឆ្នាំ២០១៥ ដោយផ្ទុយពីការអះអាងរបស់រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពលដែលថា កម្ពុជានាំខ្សាច់ចេញទៅបរទេសក្នុងបរិមាណ២.៨លានតោនប៉ុណ្ណោះនៅចន្លោះពីឆ្នាំ២០០៧ដល់ឆ្នាំ២០១៥៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ