គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ស្នើប្រព័ន្ធផ្សព្វផ្សាយ ចែករំលែក ឬជួយម៉ោង របស់ខ្លួន ឲ្យបានស្នើៗគ្នា ទៅគណបក្សនយោបាយ ក្នុងថ្ងៃឃោសនាបោះឆ្នោត ដោយថាដើម្បីគោរពគោលការណ៍ស្មើភាពគ្នា។
តាមប្រតិទិន របស់ គជប ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អណត្តិទី៤ នឹងប្រព្រឹត្តទៅនៅថ្ងៃទី៤ខែមិថុនា។ យុទ្ធនាការឃោសនារកសំឡេងឆ្នោត នឹងត្រូវធ្វើឡើងរយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃទី២០ខែឧសភា ដល់ថ្ងៃទី២ខែមិថុនា។
ក្នុងសន្និសីទសារព័ត៌មាន នៅស្នាក់ការកណ្តាល ក្នុងរាជធានាភ្នំពេញ នាថ្ងៃទី២ខែឧសភានេះ អគ្គលេខាធិការ គជប លោក ទេព នីថា លើកឡើងថា នៅថ្ងៃឃោសនាបោះឆ្នោត គជប មានគោលការណ៍ បែងចែកម៉ោងផ្សាយ ឲ្យគណបក្សនយោបាយនីមួយៗ ដែលបានចុះឈ្មោះប្រកួតប្រជែង មានឱកាសស្នើគ្នា ក្នុងការបង្ហាញ ពីគោលនយោបាយ របស់ខ្លួន ទៅកាន់ម្ចាស់ឆ្នោត ។
លោក ទេព នីថា ឲ្យដឹងទៀតថា អំឡុងថ្ងៃឃោសនានោះ ម្ចាស់ស្ថានីយទាំងអស់ គួរតែគោរពគោលការណ៍នេះ ដោយចែករំលែកម៉ោងផ្សាយ ឬជួលឲ្យគណបក្សនយោយទាំងអស់ បានស្មើគ្នា ជៀសវាង ផ្តល់ម៉ោងផ្តាច់មុខឲ្យគណបក្សនយោបាយណាមួយ ដូចដែលម្ចាស់ស្ថានីយ៍ខ្លះកំពុងដំណើរការនៅពេលនេះ។
បើតាម លោក ទេព នីថា គិតត្រឹមថ្ងៃទី២ឧសភានេះ មានតែមជ្ឈមណ្ឌលកម្ពុជា ដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ(CCIM)ទេ ដែលបានផ្ញើលិខិតជាផ្លូវការមកកាន់ គជប ពីព័ត៌មានផ្តល់ម៉ោងផ្សាយដោយឥតគិតថ្លៃ ដល់គណបក្សនយោបាយទាំង១២ ដែលចុះឈ្មោះប្រកួតប្រជែងការបោះឆ្នោតឃុំ-សង្កាត់ខាងមុខ។
ក្រៅពីនេះ គជប បញ្ជាក់ថា វិទ្យុ និងទូរទស្សន៍ជាតិ ក៏បានផ្តល់ម៉ោងស្មើគ្នា ដល់គណបក្សនយោបាយដែរ គឺ១ថ្ងៃផ្សាយពីរដង ក្នុងមួយដង មានរយៈពេល៧នាទីកន្លះ។
គជប ក៏បានអំពាវនាវផងដែរ ដល់ម្ចាស់ស្ថានីយផ្សាយទាំងអស់ គួពន្លឿនការជូនដំណឹងទៅ គជប បើខ្លួនមានបំនងចង់ផ្តល់ម៉ោងផ្សាយ ឬជួល ដោយថាដើម្បីឲ្យ គ.ជ.ប មានពេលជូនដំណឹងទៅគណបក្សនយោបាយ ដែលបានចូលរួមប្រកួតប្រជែង៕