រដ្ឋាភិបាល​ថា​ទូត​មួយចំនួន​កំពុង​ជ្រៀតជ្រែក​កិច្ចការផ្ទៃក្នុងកម្ពុជា

ក្រសួងការបរទេសកម្ពុជាបានចាត់ទុកសេចក្តីថ្លែងការណ៍របស់សហភាពអឺរ៉ុបនៅកម្ពុជានិងស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា ករណីចំណាត់ការផ្លូវច្បាប់លោក កឹម សុខា ប្រធានស្តីទីបក្សសង្រ្គោះជាតិនិងសង្គមស៊ីវិល ជាការជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជានិងថាអង្គទូតទាំងនោះមិនយល់ពីការអនុវត្តច្បាប់នៅកម្ពុជា។

ក្នុងសេចក្តីប្រកាសព័ត៌មានមួយចុះថ្ងៃទី២ខែឧសភា ក្រសួងការបរទេសឲ្យដឹងថាស្ថានបេសកកម្មការទូតមួយចំនួននៅភ្នំពេញ បានសម្តែងនូវការងឿងឆ្ងល់និងការព្រួយបារម្ភនានាចំពោះការអនុវត្តនីតិវិធីច្បាប់នៅកម្ពុជា។ សេចក្តីប្រកាសបន្តថាក្រសួងការបរទេសយល់ឃើញថាប្រតិកម្មខាងលើនេះបានបង្ហាញឲ្យឃើញ”ពីការមិនយល់ឬការមិនចង់យល់”អំពីវិធានការនៃការអនុវត្តក្រមព្រហ្មទណ្ឌនិងនិងក្រមនីតិវិធីព្រហ្មទណ្ឌនៃកម្ពុជា។

ក្រសួងការបរទេសបានបញ្ជាក់ថាការសូកប៉ាន់សាក្សីត្រូវបានផ្តន្ទាទោសនៅក្នុងប្រទេសប្រជាធិបតេយ្យទាំងអស់ ហើយជាពិសេសនៅក្នុងប្រទេសសមាជិកនៃសហភាពអឺរ៉ុប។ ក្រសួងការបរទេសបញ្ជាក់ដូចនេះជាការឆ្លើយតបនឹងការរិះគន់លើការចាប់ខ្លួនមន្រ្តីសង្គមស៊ីវិលពាក់ព័ន្ធនឹងការសូកប៉ាន់សាក្សី។

ក្រសួងបន្តថា៖ “ការបដិសេធមិនចូលខ្លួនមកបំភ្លឺតាមការកោះហៅរបស់តំណាងអយ្យការ អាចត្រូវផ្តន្ទាទោសនៅក្នុងប្រទេសប្រជាធិបតេយ្យទាំងអស់ ជាពិសេសរដ្ឋសមាជិកទាំងអស់នៃសហភាពអឺរ៉ុប។ អាស្រ័យហេតុនេះ ការលើកឡើងអំពីការធ្វើទុក្ខបុកម្នេញខាងផ្លូវតុលាការទៅលើអ្នកនយោបាយខ្លះនោះ គឺជាការមិនសមហេតុផលទាល់តែសោះ”

ក្រសួងបញ្ជាក់បន្ថែមថា៖ “ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិមានការភ្ញាក់ផ្អើលនិងសោកស្តាយចំពោះការជ្រៀតជ្រែកបែបនេះចូលកិច្ចផ្ទៃក្នុងរបស់រដ្ឋអធិបតេយ្យមួយដែលគ្រាន់តែអនុវត្តវិធានការនិងនីតិវិធីផ្លូវច្បាប់និងតុលាការដូចគ្នានឹងការអនុវត្តវិធានការនិងនីតិវិធីច្បាប់និងតុលាការរបស់រដ្ឋដែលជាម្ចាស់ប្រតិកម្មខាងលើនេះ”

ប្រតិកម្មរបស់ក្រសួងការបរទេសកម្ពុជាធ្វើឡើងបន្ទាប់ពីសហភាពអឺរ៉ុបប្រចាំនៅប្រទេសកម្ពុជា កាលពីថ្ងៃចន្ទ បានអំពាវឲ្យបញ្ឈប់ការយាយីផ្នែកតុលាការលើលោក កឹម សុខា ខណៈលោកត្រូវបានចោទប្រកាន់ពីបទបដិសេធមិនចូលបំភ្លឺនៅតុលាការ ដោយលោកអាចជាប់ពន្ធនាគារពី១ខែទៅ៦ខែ។ ប្រមុខបេសកកម្មការទូតទាំងឡាយនៃសហភាពអឺរ៉ុបប្រចាំរាជធានីភ្នំពេញបានលើកឡើងថាខ្លួនខកចិត្តយ៉ាងខ្លាំងចំពោះ”ការកើនឡើងកម្តៅនយោបាយដ៏គ្រោះថ្នាក់”នៅប៉ុន្មានថ្ងៃថ្មីៗនេះ ដោយអំពាវនាវឲ្យបញ្ឈប់នូវការយាយីផ្នែកតុលាការលើលោក កឹម សុខា និងតំណាងអង្គការសង្គមស៊ីវិលផ្សេងៗ។ សហភាពអឺរ៉ុបបានបញ្ជាក់ថា៖ “យើងជំរុញឲ្យអាជ្ញាធរកម្ពុជាបន្តកិច្ចចរចាមួយដោយស្ថាបនានិងសន្តិវិធី កាន់តែឆាប់អាចធ្វើទៅបានជាមួយបក្សប្រឆាំង ដោយយើងចាត់ទុកថាជាអ្វីដែលត្រូវកើតឡើងសម្រាប់ការបោះឆ្នោតស្របច្បាប់នៅពេលខាងមុខ”

ចំណែកស្ថានទូតអាមេរិកប្រចាំប្រទេសកម្ពុជាបានជំរុញឲ្យរដ្ឋាភិបាលនិងគណបក្សសង្រ្គោះជាតិបន្តការចរចាជាបន្ទាន់ ដើម្បីស្វែងរកដំណោះស្រាយនយោបាយ ដោយស្ថានទូតសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងពីការប៉ុនប៉ងចាប់ខ្លួនលោក កឹម សុខា។ ស្ថានទូតអាមេរិកបានបញ្ជាក់ថា៖ “ការដាក់កម្លាំងយោធាប៉ារ៉ានៅទីស្នាក់ការគណបក្សសង្រ្គោះជាតិនិងការប្រឈមដោយកម្លាំងជាមួយអ្នកគាំទ្របក្សសង្រ្គោះជាតិនៅថ្ងៃទី២៦ ខែឧសភា គឺមិនស្មើគ្នាហើយជំហានគ្រោះថ្នាក់”។ ស្ថានទូតបន្ថែមថា៖ “យើងអំពាវនាវដល់រដ្ឋាភិបាលជៀសវាងការប្រើប្រាស់កម្លាំងមិនចាំបាច់និងជំរុញឲ្យរដ្ឋាភិបាលនិងគណបក្សសង្រ្គោះជាតិបន្តការចរចាជាបន្ទាន់ដើម្បីស្វែងរកដំណោះស្រាយលើវិបត្តិដោយសន្តិវិធី”

ក្នុងកិច្ចប្រជុំគណៈកម្មាធិការចម្រុះលើកទី៩ដែលធ្វើឡើងនៅរាជធានីភ្នំពេញ កាលពីដើមខែឧសភា គណៈប្រតិភូសហភាពអឺរ៉ុបបានស្នើរដ្ឋាភិបាលកម្ពុជាបង្កើតឡើងនិងរក្សាបរិយាកាសមួយដែលគណបក្សនយោបាយទាំងអស់និងសង្គមស៊ីវិល អាចដំណើរការដោយសេរីនិងគ្មានការភ័យខ្លាចនិងអំពាវនាវដោះលែងមន្រ្តីសិទ្ធិមនុស្សដែលត្រូវបានចោទប្រកាន់រឿងសូកប៉ាន់សាក្សី។

គួរបញ្ជាក់ថាកាលពីថ្ងៃទី២ ខែឧសភា តុលាការបានសម្រេចចោទប្រកាន់មន្រ្តីការពារសិទ្ធិមនុស្សអាដហុក៤រូប និងមន្រ្តីគ.ជ.ប ពីបទសូកប៉ាន់សាក្សីនិងសមគំនិតសូកប៉ាន់។ មន្រ្តីអាដហុក៤ទាំងរូប រួមមានលោក នី សុខា លោក យី សុខសាន្ត លោក ណៃ វ៉ងដា និង លោកស្រី លឹម មុន្នី។ ចំណែកអតីតបុគ្គលិករបស់អាដហុក លោក នី ចរិយា ដែលទើបតែទទួលបានតំណែងជាអគ្គលេខាធិការរងគ.ជ.ប ត្រូវបានតុលាការចោទប្រកាន់ពីបទសមគំនិតសូកប៉ាន់សាក្សី៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ