លោក នី ចរិយា សុំឲ្យ​គ.ជ.ប ​ជួយ​លោក​ឲ្យ​បាននៅក្រៅឃុំ​

អគ្គលេខាធិការ​រងគជប និង​ជា​អតីត​មន្រ្តីសមាគមអាដហុក លោក នី ចរិយា

អគ្គលេខាធិការរងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) លោក នី ចរិយា ដែលកំពុងជាប់ពន្ធនាគារ បានស្នើឲ្យថ្នាក់ដឹកនាំស្ថាប័នគ.ជ.ប ជួយឲ្យលោកបាននៅក្រៅឃុំដើម្បីបន្តការងាររបស់លោក។

កាលពីថ្ងៃទី២ ខែឧសភា លោក នី ចរិយា ត្រូវបញ្ជូនខ្លួនទៅឃុំនៅមន្ទីរឃុំឃាំងរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ទាក់ទងនឹងការចោទប្រកាន់សមគំនិតក្នុងអំពើសូកប៉ាន់សាក្សី ក្នុងសំណុំរឿងនាង ខុម ចាន់តារ៉ាទី ហៅស្រីមុំ ដែលត្រូវបានគេទម្លាយថាជាស្រីកំណាន់របស់លោក កឹម សុខា។

ក្រោយពីការចុះសួរសុខទុក្ខនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ អនុប្រធានគ.ជ.ប លោក គួយ ប៊ុនរឿន ប្រាប់វីអូឌីតាមទូរស័ព្ទថាលោក នី ចរិយា មានបញ្ហាសុខភាព ដូចជាពិសារមិនសូវបាន គេងមិនសូវលក់ និងមានសម្ពាធឈាមឡើងជាដើម។ លោកបន្តថាលោកនី ចរិយា បានស្នើឲ្យគ.ជ.ប ជួយរកលទ្ធភាពឲ្យលោកបាននៅក្រៅឃុំ ដើម្បីបន្តការងាររៀបចំការបោះឆ្នោត។

លោកមានប្រសាសន៍ថា៖ “ដោយសារគាត់ចង់ធ្វើការ ធ្លាប់បំពេញការងារសកម្ម ដល់ពេលនៅមន្ទីរឃុំឃាំង ក់តជាជំងឺស្រ្តេស។ គាត់ស្នើឲ្យគ.ជ.ប ពិនិត្យលទ្ធភាពផ្លូវណាបាន ឲ្យបាននៅក្រៅឃុំ ដើម្បីអាចជួយរៀបចាំការងារបោះឆ្នោតឲ្យបានល្អប្រសើរ”

ជាការឆ្លើយតប លោក គួយ ប៊ុនរឿន មានប្រសាសន៍ថាលោកនឹងពិភាក្សាជាមួយថ្នាក់ដឹកនាំគ.ជ.ប និងពិនិត្យលទ្ធភាពផ្លូវច្បាប់តាមការស្នើសុំរបស់លោក នី ចរិយា។ ពេលចុះសួរសុខទុក្ខនៅម៉ោង៩ព្រឹកនេះ លោក គួយ ប៊ុនរឿន មានប្រសាសន៍ថាអ្នកច្បាប់៤នាក់បានជួបលោក នី ចរិយា ផងដែរ។

មេធាវីលោក នី ចរិយា គឺលោក សំ សុគង់ មានប្រសាសន៍នៅថ្ងៃព្រហស្បតិ៍នេះថាកន្លងទៅ សាលាដំបូងរាជធានីភ្នំពេញសម្រេចមិនអនុញ្ញាតឲ្យលោក នី ចរិយា នៅក្រៅឃុំ ក្រោមមូលហេតុថាបារម្ភខ្លាចពីសុវត្ថិភាពនិងសន្តិសុខរបស់លោក នី ចរិយា និងបារម្ភថាលោកមិនបង្ហាញខ្លួននៅតុលាការ។ លោកបន្តថាលោកបានប្តឹងឧទ្ធរណ៍ហើយថាសាលាឧទ្ធរណ៍បានកំណត់ថ្ងៃទី១៣ ខែមិថុនា វេលាម៉ោង៨ព្រឹក បើកសវនាការសុំនៅក្រៅឃុំ។ លោកបញ្ជាក់ថាលោកសង្ឃឹមថាកូនក្តីរបស់លោកបាននៅក្រៅឃុំ ដោយសារតែលោកមានតួនាទីច្បាស់លាស់នៅស្ថាប័នឯករាជ្យ ជាអតីតមន្រ្តីសង្គមស៊ីវិលដែលមេធាវីថាមិនដែលមានសត្រូវនោះទេ។ លោកមេធាវីបន្តថាលោក នី ចរិយា មានក្រុមគ្រួសារនិងអាស័យដ្ឋានច្បាស់លាស់ដែលលោកថាមិនអាចគេចខ្លួននោះទេ។

ក្នុងសំណុំរឿងពាក់ព័ន្ធនឹងលោក នី ចរិយា មន្រ្តីអាហុក៤រូប ក៏ត្រូវបានចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញសម្រេចឲ្យឃុំខ្លួនបណ្តោះសន្ននៅពន្ធនាគារព្រៃសទាក់ទងនឹងបទចោទសូកប៉ាន់សាក្សី។

លោក នី ចរិយា ជាអតីតប្រធានផ្នែកស៊ើបអង្កេតរបស់សមាគមអាដហុក។ លោកបានឈប់ការងារនេះ នៅពេលលោកបានជាប់ជាអគ្គលេខាធិការរងគ.ជ.បនិងទទួលតំណែងផ្លូវការកាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៦។

យោងតាមក្រមព្រហ្មទណ្ឌមាត្រា២៩និង៥៤៨ ពីបទសមគំនិតនិងបទសូកប៉ាន់សាក្សី មន្ត្រីអាដហុក៤រូប និងលោក នី ចរិយា អាចប្រឈមនឹងការផ្ដន្ទាទោសឲ្យជាប់ពន្ធនាគារពី៥ឆ្នាំទៅ១០ឆ្នាំ។ ក្នុងក្រមព្រហ្មទណ្ឌដូចគ្នាដែរ មាត្រា៥៤៧ចែងពីបទស៊ីសំណូករបស់សាក្សី ដើម្បីធ្វើសក្ខីកម្មក្លែងក្លាយក៏ត្រូវផ្តន្ទាទោសពី៥ទៅដប់ឆ្នាំដូចគ្នា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ