មន្ត្រី៖ បុគ្គលិករដ្ឋប្រហែល៧០ភាគរយសុំច្បាប់ចូលរួមឃោសនាបោះឆ្នោតឲ្យបក្សកាន់អំណាច​

ការឃោសនាបោះឆ្នោតរបស់បក្សកាន់អំណាច

មន្ត្រី​នៅក្រសួងមហាផ្ទៃបានឲ្យដឹងថា នៅថ្ងៃបិទបញ្ចប់​យុទ្ធនាការឃោសនាបោះឆ្នោតឃុំសង្កាត់ មានបុគ្គលិករដ្ឋនៅ​ក្នុង​​ស្ថាប័ននេះប្រហែល​៧០ភាគរយ បានឈប់សំរាកទៅចូលរួមឃោសនាជាមួយបក្ស​កាន់​អំណាច​​។

មន្ត្រីក្រសួងមហាផ្ទៃ ដែលស្នើសុំមិនបញ្ចេញឈ្មោះ ​ប្រាប់VOD នៅថ្ងៃសុក្រទី២ខែមិថុនានេះថា មន្ត្រីរា​ជ​ការ​​នៅក្នុ​ង​​ក្រសួងមហាផ្ទៃ​ប្រហែលជា៧០ភាគរយ បានដាក់ច្បាប់ឈប់សំរាកប្រចំាឆ្នាំ ​ចុះទៅ​តាម​ខេត្ត​មួយ​​​ចំនួនដូចជា កំពង់ចាម ព្រៃវែង ស្វាយរៀង បាត់ដំបង កណ្តាល និងក្នុង​រាជធានីភ្នំពេញជាដើម ដើម្បី​ចូល​រួម​ដង្ហែ​​ក្បួ​នឃោសនាបោះឆ្នោតឃុំសង្កាត់ ឲ្យគណបក្ស​ប្រជា​ជនកម្ពុជា។

ប្រភពដដែលបានឲ្យដឹងទៀតថា មន្ត្រីរាជការមួយចំនួនដែលទៅចូលរួមហែក្បួនយុទ្ធនាការឃោសនា​បោះ​ឆ្នោត​នៅថ្ងៃបិទបញ្ចប់ថ្ងៃទី២មិថុនានេះ ពួកគេ​មិន​ចង់ទៅចូលរួមឃោសនានោះទេ ប៉ុន្តែថា ធ្វើតាម​បញ្ជា​ថ្នាក់​​លើ​តែ​ប៉ុណ្ណោះ។

អ្នកនាំពាក្យក្រសួងមហាផ្ទៃលោក ខៀវ សុភ័គ ទទួលស្គាល់​ថា ពិតជាមានមន្ត្រីរាជការក្នុងក្រសួងមហាផ្ទៃ​សុំច្បាប់​​ឈប់សំរាកប្រចំាឆ្នាំ ទៅចូលរួមឃោសនាឲ្យបក្សប្រជាជនកម្ពុជាពិតមែន ដោយបន្ថែម​ថា លោក​ក៏សុំ​ច្បាប់​​ចូល​រួមឃោសនាជាមួយបក្សកាន់អំណាចដែរ ប៉ុន្តែលោកថា អ្នក​ដែល​ផ្តល់​ព័ត៌​មានឲ្យ​វិទ្យុVOD​ជាអ្នកគំា​ទ្របក្សប្រឆំាង។

លោកនិយាយថា៖ «អ្នកដែលនិយាយបែបហ្នឹង គឺពួកដែលកាន់ជើងបក្សប្រឆំាង ហើយបើសិន​ជា៧០​ភាគ​រយ​​ឈប់បានសេចក្តីថា បក្សប្រជាជននូវមានសំឡេង៧០ភាគរយហ្នឹង​ឯង»

នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្សលោក មឿន តុលា យល់ថា បើ​មន្ត្រី​រាជការ​សុំច្បាប់ឈប់សំរាកប្រចំាឆ្នាំទៅចូលរួមឃោសនាបោះឆ្នោតគំា​ទ្របក្សកាន់​អំណាចបាន លោកថា ស្ថាប័នរដ្ឋគួរតែប្រាប់ទៅថៅកែសហគ្រាស រោងចក្រ អនុញាតឲ្យកម្មករ-កម្មការិនីទំាងអស់ បានសុំច្បាប់​ឈប់សំរាកប្រចំាឆ្នាំទៅបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំដែលពួកគេពេញចិត្ត ដោយថានេះ ជារឿង​ជាតិ។

លើសពីនេះទៀត លោក មឿន តុលា បញ្ជាក់ថា បើមន្ត្រីរាជការមួយចំនួនត្រូវ​បានគេបង្ខំឲ្យ​សុំច្បាប់ ​ដើម្បីចូល​រួម​ឃោសនាបោះឆ្នោតគំាទ្របក្សកាន់អំណាច លោកថា ពេលបោះឆ្នោតឃុំ សង្កាត់ខាងមុខ​នេះ​ បក្សកាន់អំណាច​​និងបាត់​បង់ការគំាទ្រ​ផ្ទុយពីការរំពឹងទុក។

គេសង្កេតឃើញថា កម្លាំងហែក្បួនរបស់បក្សធំៗពីរ គឺបក្សប្រជាជនកម្ពុជា និងបក្សសង្គ្រោះជាតិ ក្នុង​យុទ្ធនាការឃោសនាបោះឆ្នោត ឃុំ សង្កាត់ កន្លងមកនេះ សន្ទុះអ្នកចូលរួម​ប្រហាក់ប្រហែលគ្នា។

ចំណែក​នៅ​ថ្ងៃបិទបញ្ចប់ថ្ងៃទី២មិថុនានេះ បក្សកាន់អំណាចធ្វើយុទ្ធនាការទ្រង់ទ្រាយធំនៅភ្នំពេញ តាម​គម្រោងអ្នកចូលរួម១៥ម៉ឺននាក់ ខណៈបក្សប្រឆំាងធ្វើនៅភ្នំពេញតាមគម្រោងមានអ្នកចូលរួម១០ម៉ឺន នាក់​តែ​ប៉ុណ្ណោះ។

គួរបញ្ជាក់ថា ការ​ឃោសនា​បោះ​ឆ្នោត ត្រូវ​បាន​កំណត់​ឲ្យ​ធ្វើ​រយៈ​ពេល១៤​ថ្ងៃ មុន​ថ្ងៃ​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​-សង្កាត់​ ដែល​គ្រោង​ធ្វើ​ឡើង​នៅ​ថ្ងៃ​អាទិត្យ​ ទី​០៤ មិថុនា​ខាង​មុខ​នេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ