វិភាគ៖ ហេតុអ្វីលោក ហ៊ុន សែន ចេញមុខឃោសនាបោះឆ្នោត?

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន លើកដៃស្វាគមន៍អ្នកគាំទ្រ នៅក្នុងយុទ្ធនាការបោះឆ្នោតក្នុងឆ្នាំ២០១៧

គណបក្សប្រជាជនកម្ពុជាដឹកនាំដោយ លោក ហ៊ុន សែន ដែលទើបឡើងជាប្រធានបក្ស បានអះអាងថាមានអ្នកចូលរួម១៥ម៉ឺននាក់ នៅថ្ងៃបញ្ចប់នៃយុទ្ធនាការឃោសនាបោះឆ្នោត​ក្រុម​ប្រឹក្សាឃុំ-សង្កាត់នេះ។

អ្នកឃ្លាំមើលការ​បោះឆ្នោត កត់សំគាល់ថា គណបក្សកាន់អំណាចនេះ បានប្រើប្រាស់​​ទាំង​សំភារៈ និងធនធានមនុស្សជាច្រើនសម្រាប់ធ្វើការឃោសនា។ ​ធនធានសំភារៈគឺ​គណ​បក្ស​ប្រជាជនកម្ពុជាបានប្រើ​រហូតដល់ឧត្ថម្ភាចក្រ ហោះ​ឆ្វេលចុះឆ្វែល​ឡើងតាម​ក្បួន​ដែល​​ដឹក​នាំ​​​ដោយ​លោក ហ៊ុន សែន​ នៅក្រោមកម្តៅថ្ងៃព្រះអាទិត្យ។ ​តាមការសង្កេត​អ្នកចូល​រួមហែ​ក្បួន​របស់គណបក្សនេះ មួយ​ចំនួន​ប្រើ​​ប្រាស់​​រថយន្តទំនើបៗថ្លៃៗ ហើយ​ក៏មានចំនួន​ច្រើន​គឺ​ជា​មន្រ្តី​រាជការ និង​កងកម្លាំងប្រដាប់អាវុធដែល​ស្លៀកពាក់​ស៊ីវិល។ អ្នក​ចូល​រួមហែ​ក្បួនខ្លះ បង្ហើប​ឲ្យ​ដឹងថាពួកគេ​ចូលរួម​ដោយ​បានលុយពី១ម៉ឺនទៅ៥ម៉ឺនរៀល។

នៅតាមបណ្តាញហ្វេសប៊ុក មានការលើកឡើងថា ពួកគេចូលរួមហែក្បួនគណបក្សប្រជាជន​នៅពេល​ព្រឹក​ដើម្បី​បានលុយទៅហែក្បួនគណបក្សសង្រ្គោះជាតិនៅពេលល្ងាចដែលថាត្រៀម​អ្នក​ចូលរួម១០ម៉ឺននាក់។

​គេអាចនិយាយបានថាវាជាប្រវត្តិសាស្ត្រមួយហើយ ដែលប្រមុខដឹកនាំគណបក្សកាន់អំណាចចេញមុខ​ឃោសនារកសំឡេងឆ្នោតនៅពេលនេះ ខណៈការបោះឆ្នោត​៥អាណត្តិមកហើយ លោក ហ៊ុន សែន មិនដែលចេញមុខដឹកនាំការឃោសនាម្តងណាឡើយ។

មានការចោទសួរជាច្រើនពីមូលហេតុដែលនាយករដ្ឋមន្រ្តី និងជាប្រធានបក្សកាន់អំណាច​ផង​ចេញ​មុខ​ឃោសនារក​សំឡេង​ឆ្នោតឃុំ សង្កាត់ឆ្នាំ២០១៧នេះ។

សម្រាប់ លោក ហ៊ុន សែន បានអះអាងថាការដែលលោកទើប​ចេញ​មុខ​ឃោសនាបោះឆ្នោត​នៅពេល​នេះ ដោយថាមកពីការស្នើសុំរបស់សកម្មជនគណបក្សប្រជាជនកម្ពុជា។ប៉ុន្តែ​សម្រាប់​​​អ្នកវិភាគមួយ​ចំនួន បានលើកឡើងនូវហេតុផល​​ជាច្រើនផ្សេងទៀត។

សាស្ត្រាចារ្យផ្នែកនយោបាយ លោក សូ ចន្ថា វិភាគថា មូលហេតុដែល លោក ហ៊ុន សែន សម្រេចចិត្តចេញមុខឃោសនាកណ្តាលថ្ងៃក្តៅដោយកម្របែបនេះ អាចមកពីបារម្ភនឹងការ​ថយ​ចុះអ្នកគាំទ្រ។ លោកវិភាគដូចនេះដោយសំអាងលើលទ្ធផលបោះឆ្នោត​ឆ្នាំ២០១៣​ដែលគណបក្សប្រជាជនកម្ពុជាធ្លាក់ចុះអស់២២អាសនៈ។

លោកយល់ថា «ការដែលលោក ចូល ដង្ហែគណបក្សនៅពេលនេះដោយសារតែ​ការ​បោះ​ឆ្នោត​​ឃុំ សង្កាត់នៅ​ឆ្នាំ​២០១៧នេះមានការ​ប្រកួត​ប្រជែងគ្នា​ស្រួច​ស្រាវ​ដែលអាច​នឹង​ប៉ះពាល់​ទៅ​ដល់​​ការ​គ្រប់​គ្រង​រដ្ឋបាល​ថ្នាក់​ក្រោមជាតិ ក្រុម​ប្រឹក្សាស្រុក ក្រុម​ប្រឹក្សា​ខេត្ត​ ហើយ​រហូត​ដល់​ព្រឹទ្ធសភា​ទៀត​ផង។​ បើ​គណបក្សរបស់​លោក​បាត់​បង់​អសនៈ​ក្រុម​ប្រឹក្សា​ឃុំ​ សង្កាត់ច្រើន​នោះ​នឹង​ប៉ះពាល់​ទៅ​ដល់​ស្ថាប័នទាំងអស់នោះដែរ»។

អ្នកវិភាគ និយាយថា លទ្ធផលបោះឆ្នោតជាតិឆ្នាំ២០១៣ ដែលគណបក្សប្រជាជនកម្ពុជាបាត់អស់២២អសនៈគឺជាមេរៀន​មួយ​សម្រាប់​គណបក្សនេះ ដែល​ធ្លាប់តែឈ្នះដោយ​មិនចាំបាច់ ​លោក ហ៊ុន សែន ចេញ មុខឃោសនា។ ​ប៉ុន្តែបើទោះជារយៈពេលឃោសនាដែល​ផ្តល់​ដោយ​គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លោក ហ៊ុន សែន មិនធ្លាប់ប្រើក៏ដោយប៉ុន្តែ​លោក​តែងតែ​យក​វេទិកា​សាធារណៈក្នុងនាមជានាយករដ្ឋមន្រ្តីថ្លែងអួតសរសើរពីស្នាដៃរបស់គណបក្សលោកជាបន្តបន្ទាប់រួចហើយ។​ ម្យ៉ាងទៀត ប្រព័ន្ធផ្សព្វផ្សាយស្ទើរតែទាំងអស់ ពិសេសទូរទស្សន៍ គឺសុទ្ធតែផ្សាយលើកសរសើរពីគណបក្សប្រជាជនកម្ពុជា ហើយ​កម្រឃើញផ្សាយពី​ចំណុចវិជ្ជមានរបស់គណបក្សនៅក្រៅរដ្ឋាភិបាលណាស់ ក្រៅតែផ្សាយពីរឿងអាស្រូវមួយចំនួន។

លោក សូ ចន្ថា យល់ថា បើទោះជាពេលនេះលោក ហ៊ុន សែន ចេញមុខឃោសនាដោយ​ផ្ទាល់​ក៏ដោយតែលោកមិនរំពឹងថាអាចស្តារប្រជាប្រិយភាពឡើងវិញបានទេ ដោយសារតែសារនយោបាយភាគច្រើនគឺជាការគំរាម។លោកកត់សំគាល់ថា «លោកនាយករដ្ឋមន្រ្តី​ចេញ​មក​ឃោសនា​នេះជារូបភាពល្អបែប​ប្រជាធិបតេយ្យប៉ុន្តែបើ​យើងមើល​វោហាសាសន៍នយោបាយក្នុងការ​ឃោសនា លោក​លើកឡើង​តែពី​សង្រ្គាម។ ​ខ្ញុំគិតថាការលើកឡើងតែពី​សង្រ្គាម ហើយមាន​ការ​ព្រួយបារម្ភ​ដែល​ចាញ់​ឆ្នោតមាន​សង្រ្គាមជាដើម​បែប​នេះ ហាក់​ដូចជា​មិនអាចទាក់ទាញ​អ្នក​គាំទ្រ​បាននោះទេ…»។

អ្នកជំនាញបាននិយាយថា កាលពីជាង៥ឆ្នាំមុន ទូរទស្សន៍ ពិតជាមានឥទ្ធិពលមែន​សម្រាប់​ជួយ​រក​សំឡេង​ឆ្នោត​ឲ្យគណបក្សកាន់អំណាចដោយសារតែប្រព័ន្ធផ្សាយទាំងនោះ មិនហ៊ាន​ផ្សាយ​ពី ចំណុច​ខ្វះខាត​របស់​រដ្ឋាភិបាល។ ប៉ុន្តែអំឡុងពេល៥ឆ្នាំចុងក្រោយ​នេះ ការ​ស្ទង់​មតិមួយបានបង្ហាញថា ទូរទស្សន៍បានធ្លាក់ចុះប្រជាប្រិយភាពយ៉ាងគំហុក ខណៈប្រព័ន្ធ​ហ្វេសប៊ុក​បាន​វាយលុកលើ​ព័ត៌មានជាច្រើនដែលទូរទស្សន៍មិនបានផ្សាយ។

កាលពីថ្ងៃព្រហស្បតិ៍ អ្នក​ជំនាញ​ខាង​ប្រព័ន្ធ​បច្ចេក​វិទ្យា បាន​ចាប់​អារម្មណ៍​ថាការប្រើ​ប្រព័ន្ធអ៊ិនធើណែត​កំពុង​ធ្វើ​ឲ្យ​មានឥទ្ធិពល​ទៅ​លើ​របប​ដឹក​នាំ​​ប្រទេស​មួយ​ចំនួន និង​ជា​ពិសេស​ទៅ​លើ​​ការ​បោះ​ឆ្នោត​នៅ​កម្ពុ​ជា​​ផង​ដែរ។

តាមការ​ដកស្រង់​ចេញពីគេហទំព័រមួយឈ្មោះថា​ geeksincambodia.com បាន​ឲ្យ​ដឹង​ថា​ចំនួន​អ្នក​ប្រើ​ប្រាស់​អ៊ិន​ធើណែត​នៅ​កម្ពុជា​បច្ចុប្បន្ន​នេះមានចំនួន​៧,១លាន​នាក់​នៃ​ប្រជា​ជន​សរុប​ ១៥,៩លាន​នាក់។ ចំនួន​នេះ​គឺ​មាន​ការ​កើនឡើង​យ៉ាង​គំហុក ដែល​ពី​ឆ្នាំ​២០១០ ​អ្នក​ប្រើ​ប្រាស់​អ៊ិន​ធើណែត​នៅ​កម្ពុជាមានតែ​ជាង​៣០ម៉ឺន​នាក់​ប៉ុណ្ណោះ។

ការកើនឡើងនៃអ្នកប្រើប្រាស់ហ្វេសប៊ុក ត្រូវបានអ្នកវិភាគកត់សំគាល់ថាជាផ្នែកមួយ​ជំរុញ​ដល់​កំណើនអ្នកគាំទ្របក្សប្រឆាំង។ នោះអាចដោយសារ​ហ្វេសប៊ុក​ហ៊ានផ្សាយព័ត៌មាន​ជាច្រើន​ដែល​ពលរដ្ឋចង់ដឹង ហើយព័ត៌មានទាំងនោះឆាប់ទៅ​ដល់ដៃអ្នក​ប្រើ​ប្រាស់​ទូរសព្ទទំនើប។

កាលពីយុទ្ធនាការបោះឆ្នោតជាតិឆ្នាំ២០១៣ គេសង្កេតឃើញថា មានតែគណបក្សសង្រ្គោះជាតិ​ទេដែល​ប្រើហ្វេសប៊ុកជាមធ្យោបាយ​ឃោសនារក​សំឡេង​ឆ្នោត ខណៈពេលនោះគណបក្សប្រជាជនកម្ពុជាហាក់មិនសូវឲ្យ​តម្លៃលើ​ប្រព័ន្ធហ្វេសប៊ុក ដោយទំនងជាអាងលើ​ទូរទស្សន៍។ ប៉ុន្តែ​ប៉ុន្មានឆ្នាំចុងក្រោយនេះ លោក ហ៊ុន សែន បានប្រើហ្វេសប៊ុកគឺមធ្យោបាយផ្សព្វ​ផ្សាយដ៍សម្បើមមួយ បន្ថែមពីលើទូរទស្សន៍ដែលមានស្រាប់។

យ៉ាងណាក៏ដោយ លោក ហ៊ុន សែន បានប្រកាសថា ការឃោសនានៅព្រឹកនេះ មាន​ទូរទស្សន៍ចំនួន៨ប៉ុស្តិ៍បាន​ផ្សាយ​ផ្ទាល់​ពី​សកម្មភាព​របស់គណបក្សប្រជាជន ប៉ុន្តែលោកអះអាងថា បាន​ទិញ​ម៉ោង​ទូរទស្សន៍​ទាំងនោះ ក្នុង​មួយ​នាទី តម្លៃ​៣០០​ដុល្លារ។ បើគិតជាសរុបគឺត្រូវចំណាយអស់ជាង៤៣ម៉ឺនដុល្លារ ក្នុងរយៈពេលផ្សាយ៣ម៉ោង៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ