ក្រុម​សិទ្ធិ​មនុស្ស​ថ្កោលទោស​សាលក្រម​តុលាការ​ខេត្ត​កោះកុង​លើ​សកម្មជន​បរិស្ថាន​

ដោយ លោក សូរ្យ ជ័យឧត្ដម​​ | ថ្ងៃសៅរ៍ ទី២ ខែកក្កដា ឆ្នាំ២០១៦​ ម៉ោង 11:42 AM | សិទ្ធិមនុស្ស | 0 | 4629 (រាប់ពីលើចុះក្រោម)លោក ស៊ីម សំណាង លោក ទ្រី សុវិគានិង លោក សាន់ ម៉ាឡា(រូបថតដោយ​Mot Kimy)

ក្រុមអង្គការសង្គមស៊ីវិលចំនួន ៤១ស្ថាប័ន បានថ្កោលទោសចំពោះការផ្តន្ទាទោសរបស់តុលាការខេត្តកោះកុង ទៅលើសកម្មជនការពារបរិស្ថាន ៣រូប កាលពីថ្ងៃម្សិលមិញ។

សកម្មជនការពារបរិស្ថាននៃចលនាមាតាធម្មជាតិ លោក សាន់ ម៉ាឡា លោក ទ្រី សុវិគា និងលោក ស៊ីម សំណាង ត្រូវបានសាលាដំបូងខេត្តកោះកុង សម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារ ១ឆ្នាំកន្លះ និងពិន័យជាប្រាក់ ១០០លានរៀល សម្រាប់បង់សំណងជំងឺចិត្តដល់ដើមបណ្ដឹង និង ២លានរៀលទៀត សម្រាប់បង់ចូលថិវការដ្ឋ។

សកម្មជនទាំង ៣រូប ត្រូវបានតុលាការសម្រេចឲ្យដោះលែងកាលពីថ្ងៃម្សិលមិញផងដែរ ដោយព្យួរទោសដែលនៅសេសសល់ បន្ទាប់អ្នកទាំងបី ត្រូវបានឃុំខ្លួនបណ្ដោះអាសន្នអស់រយៈពេលជាង ១០ខែមកហើយនោះ។

ទោះជាយ៉ាងណា នៅក្នុងសេចក្ដីថ្លែងការណ៍មួយ ដែលចេញដោយក្រុមសង្គមស៊ីវិលធ្វើការផ្នែកការពារសិទ្ធិមនុស្ស កាលពីថ្ងៃម្សិលមិញផងដែរ បានថ្កោលទោសចំពោះសាលក្រមនេះ និងចាត់ទុកជាការផ្ដន្ទាទោសដោយអយុត្តិធម៌ បន្ទាប់ពីតុលាការបង្គាប់ឲ្យបង់សំណងដ៏ច្រើនលើសលុប ដោយក្រុមសង្គមស៊ីវិល អះអាងថា តុលាការពុំបានបង្ហាញពីទំហំនៃការខូចខាតនោះឡើយ។

សកម្មជនការពារបរិស្ថានទាំង ៣រូប ត្រូវបានអាជ្ញាធរខេត្តកោះកុងចាប់ខ្លួនកាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៥ កន្លង ហើយចោទប្រកាន់ពីបទគំរាមកំហែងថា នឹងធ្វើឲ្យខូចខាតដែលភ្ជាប់នឹងបញ្ជាអ្វីមួយ បន្ទាប់ពីពួកគេបានដឹកនាំការតវ៉ាប្រឆាំងនឹងការបូមខ្សាច់ជាបន្តបន្ទាប់របស់ក្រុមហ៊ុន Direct Access នៅសហគមន៍ភូមិអណ្ដូងទឹក ដែលបង្កឲ្យមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់បរិស្ថាន និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅក្នុងសហគមន៍នោះ៕

សរសេរមកកាន់ លោក សូរ្យ ជ័យឧត្ដម តាមរយៈ oudom@vodhotnews.com

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required