មន្ត្រីសិទ្ធិមនុស្សថា ថៃបញ្ជូនពលករខ្មែររាប់ពាន់នាក់ តែអ្នកនាំពាក្យថា បញ្ជូនមកដូចថ្ងៃធម្មតា

រូបភាពឯកសារ៖ ពលករខ្មែរ ត្រូវថៃបញ្ជូនមកកម្ពុជាវិញ

អ្នក​ឃ្លាំ​មើល​សិទ្ធិ​មនុស្សនៅ​ជាប់​ព្រំដែន​កម្ពុជា-ថៃ បាន​ឲ្យ​ដឹង​ថា ពលករ​ខ្មែរ​រាប់​ពាន់​នាក់ ត្រូវ​បាន​អាជ្ញាធរ​ថៃ​ចាប់​បញ្ជូន​មក​ប្រទេស​កំណើត​វិញ​យ៉ាង​កំហុក នៅ​ចុង​ខែ​មិថុនា និង​ដើម​ខែ​កក្កដា​នេះ បន្ទាប់​ពី​អាជ្ញាធរ​ថៃ​អនុវត្ត​ច្បាប់​គ្រប់​គ្រង​ពលករ​បរទេស​ខុស​ច្បាប់​នា​ពេល​ថ្មីៗ​នេះ។

មន្ត្រី​សម្រប​សម្រួល​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក​ប្រចាំ​ខេត្ត​បន្ទាយមានជ័យ លោក ស៊ុំ ចាន់គា បាន​ប្រាប់​វីអូឌី​នៅ​ថ្ងៃ​នេះ​ថា អាជ្ញាធរ​ថៃ​បាន​ចាប់​បញ្ជូន​ពលករ​ខ្មែរ​ត្រឡប់មក​ប្រទេស​កំណើត​វិញ​ទាំង​ពលករ​ខុស​ច្បាប់ និង​ពលករ​មាន​ឯកសារ​សម្រាប់​បម្រើ​ការងារ ចាប់​តាំង​ពី​ចុង​ខែ​មិថុនា រហូត​ដល់​ដើម​ខែ​កក្កដា​នេះ ពោល​គឺ​ជិត​មួយ​សប្ដាហ៍​មក​ហើយ។

មន្ត្រី​សិទ្ធិ​មនុស្ស​រូប​នេះ​សង្កេត​ឃើញ​ថា យ៉ាង​ហោច​ណាស់​ពលករ​ខ្មែរ​ជាង ៦០០​នាក់​ក្នុង​មួយ​ថ្ងៃៗ ត្រូវ​បាន​អាជ្ញាធរ​ថៃ​ចាប់​បញ្ជូន​មក​វិញ តាម​ច្រក​ព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត។

លោកថា៖ យើងមិនទាន់បូកសរុបទាំងអស់នោះទេ ព្រោះពួកគាត់បញ្ជូនមកតែរាល់ថ្ងៃ ប៉ុន្តែបើយើងគណនាទៅវាចាប់ពី ៦រយនាក់ឡើងទៅក្នុងមួយថ្ងៃៗ បញ្ជូនច្រើនជើងខ្ញុំឃើញមានជាង ១០ជើងរហូតដល់ច្រកព្រំដែនគេបិទ

ខណៈ​ថៃចាប់​បញ្ជូន​ពលករ​ខ្មែរ​យ៉ាង​កំហុក​​មក​កម្ពុជា​វិញ​នោះ លោក ចាន់គារ សង្កេត​ឃើញ​ថា រដ្ឋាភិបាល​កម្ពុជា​ពុំ​ចាត់វិធានការ​យ៉ាង​ណា​នៅ​ឡើយ​ទេ ដើម្បី​ជួយ​សម្រួល​ដល់​ពលករ​ទាំង​នោះ ឲ្យ​មាន​ការងារ​ធ្វើ​នៅ​ក្នុង​ស្រុក។

ប៉ុន្តែ អ្នក​នាំ​ពាក្យ​ក្រសួង​ការងារ និងបណ្ដុះ​បណ្ដាល​វិជ្ជា​ជីវៈ លោក ហេង សួ បាន​​អះ​អាង​ថា មិន​មាន​ការ​ចាប់​បញ្ជូន​ពលករ​ខ្មែរ​ដែល​ទៅ​ធ្វើការ​នៅ​ប្រទេស​ថៃ​ខុស​ច្បាប់ដូច​ដែល​ព័ត៌មាន​មួយ​ចំនួន​ចុះ​ផ្សាយ​នោះ​ទេ។

អ្នក​នាំ​ពាក្យ​រូប​នេះ ប្រាប់​ថា ពលករ​ចំណាក​ស្រុក​ដែល​ត្រូវ​បាន​អាជ្ញាធរ​ថៃ​ចាប់​បញ្ជូន​មក​កម្ពុជា​វិញ មាន​ចំនួន​ត្រឹម​តែ ១០០ ទៅ ២០០​នាក់​ប៉ុណ្ណោះ​ ជា​ចំនួន​ដែល​លោក​​ថា ដូច​គ្នា​ទៅ​ចំនួន​ដែល​អាជ្ញាធរ​ថៃ​ចាប់​បញ្ជូន​មក​វិញ​ដូច​សព្វ​មួយ​ដង។

លោកថា៖ អត់មានទេ អត់មានទេ អ្វីដែលមានគឺអ្នកដែលឆ្លងទៅខុសច្បាប់ភ្លាមៗនេះគឺ អាហ្នឹង គឺជារឿងធម្មតាព្រោះកន្លងមកក៏មានជាហូរហែរអីចឹងដែរហើយការចាប់បញ្ជូនឬក៏ការបណ្តេញចេញពីការងារអីនេះគឺមិនមានទេពីព្រោះយើងបានទាក់ទងជាមួយហ្នឹងក្រសួងការងារថៃរហូត ហើយក្រសួង ការងារថៃគាត់បានបញ្ជាក់មកក្រសួងការងារកម្ពុជាដែរថាមិនមានការអនុវត្តច្បាប់ការងារថ្មីនៅឡើយទេ

រដ្ឋាភិបាល​យោធា​ថៃ ថ្មីៗ​នេះ បាន​ចាប់​បញ្ជូន​ពលករ​បរទេស​ទៅ​ប្រទេស​កំណើត​របស់​ពួកគេ​វិញ ជា​ផ្នែក​មួយ​នៃ​ការ​អនុវត្ត​ច្បាប់​គ្រប់​គ្រង​ពលករ​បរទេស​ខុស​ច្បាប់​នៅ​ក្នុង​ប្រទេស​មួយ​នេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ