ជនបរទេស៣៦នាក់បានស្បថទទួលយកសញ្ជាតិខ្មែរ

តុលាការកំពូលបានសម្រេចឲ្យជនបរទេសជាង៣០នាក់ដែលរស់នៅក្នុងប្រទេសកម្ពុជាច្រើនឆ្នាំបានចូលទៅស្បថដោយថា ដើម្បីឲ្យពួកគេទទួលយកសញ្ជាតិខ្មែរ បន្ទាប់ពីព្រះមហាក្សត្រត្រាស់បង្គាប់ផ្តល់សញ្ជាតិខ្មែរ “តាមសញ្ជាតូបនីយកម្ម”

កាលពីថ្ងៃចន្ទម្សិលមិញជនបរទេស៣៦នាក់បានចូលស្បថទទួលយកសញ្ជាតិខ្មែរនៅមុខក្រុមប្រឹក្សាពិធីសម្បថចំនួន៥រូប ក្នុងនោះមានលោក ជីវ កេង អនុប្រធានតុលាការកំពូលជាប្រធានក្រុមប្រឹក្សា លោកស្រី ជា លាង តំណាងមហាអយ្យការ និងក្រឡាបញ្ជីលោកស្រី ឃុត សុគន្ធា។

ជនបរទេសទំាងនោះរួមមានជនជាតិចិន១៤នាក់ កូរ៉េ៥នាក់ ចិនតៃវ៉ាន់៣នាក់ សឹង្ហបុរី២នាក់ វៀតណាម២នាក់ ឥណ្ដូនេស៊ី២នាក់ អ៊ីតាលី១នាក់ កាណាដា១នាក់ ថៃ១នាក់ ហ្វីលីពីន១នាក់ អង់គ្លេស១នាក់ បារាំង១នាក់ ឡាវ១នាក់ និងម៉ាឡេស៊ី១នាក់។

អ្វីដែលគួរឲ្យកត់សំគាល់ សារព័ត៌មានក្នុងស្រុកបានចុះផ្សាយកាលពីថ្ងៃចន្ទម្សិលមិញដែរថាកាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៦ ព្រះមហាក្សត្រកម្ពុជាបានផ្តល់សញ្ជាតិខ្មែរដល់ឈ្មោះ ដន ង្វៀងឌឹក (Doan Nguyen Duc) អាយុ៥៣ឆ្នាំ ជនជាតិវៀតណាម ដែលគេស្គាល់ថាជាសេដ្ឋីលំដាប់ទី៣ប្រចាំឆ្នាំ២០១៥និងជាអ្នកជំនួញដ៏ល្បីឈ្មោះ ក្នុងឋានៈជាអគ្គនាយកក្រុមហ៊ុន Hoang Anh Gia Lai (HAGL) មានការពាក់ព័ន្ធនឹងរឿងនាំឈើប្រណីតចេញពីដីសម្បទានសេដ្ឋកិច្ចនៅខេត្តរតនគិរីប្រទេសកម្ពុជា ជាមួយក្រុមហ៊ុនលោកឧកញ៉ា ទ្រី ភាព ជាឈ្មួញឈើដ៏ល្បីនៅកម្ពុជា។

ទោះជាបែបនេះក្តី VOD បានទាក់ទងសុំការបំភ្លឺបន្ថែមពីអនុប្រធានតុលាការកំពូលលោក ជីវ កេង ប៉ុន្តែលោកថា ជាប់រវល់ប្រជុំ។

ចំណែកទីប្រឹក្សាអមព្រះរាជលេខាធិការដ្ឋានព្រះមហាក្សត្រ លោក អ៊ុំ ដារ៉ាវុធ អះអាងថាលោកមិនបានដឹងពីរឿងនេះនោះទេ ដោយលោកបង្វែរសំនួរឲ្យទៅសួររដ្ឋមន្ត្រីក្រសួងព្រះបរមរាជវំាងលោក គង់ សំអុល ប៉ុន្តែVODមិនអាចសុំការបំភ្លឺបានទេនៅថ្ងៃនេះ។

លោកមេធាវី សុក សំអឿន មានប្រសាសន៍ថាបើជនបរទេសដែលចូលសញ្ជាតិខ្មែរមិនមានអ្វីចំឡែកទេ។ ប៉ុន្តែលោកថា អ្វីដែលធ្វើឲ្យកម្ពុជាព្រួយបារម្ភគឺជនបរទេសដែលនៅជាប់ព្រំដែនកម្ពុជាចូលសញ្ជាតិខ្មែរ៖ “បើជនបរទេសដែលវាអាចមានគ្រោះថា្នក់ ខ្លាចតែជនបរទេសដែលនៅជាប់ព្រំដែនគ្នាទេ បានយើងពិបាក បារម្មណ៍ ខ្លាចដូច កូសសាវ៉ូ ដ៏ជនជាតិរ៉ូស្សីចូលច្រើន ដ៏ពេលបោះឆ្នោត ធ្វើប្រជាមតិចាញ់អនិកជនវិញ យើងបារម្មណ៍ ដូច្នេះបើសិនជាជនជាតិបរទេស មកពីប្រទេសផ្សេងៗដែលអត់មានព្រំដែនជាប់ជាមួយ អត់មានបញ្ហាបារម្ភអីទេ“។

ក្នុងមាត្រា៨ នៃច្បាប់ស្តីពីសញ្ជាតិចុះថ្ងៃទី២០ ខែសីហា ឆ្នាំ១៩៩៦ មានខ្លឹមសារថាជនបរទេសដែលអាចសុំសញ្ជាតិខ្មែរ(សញ្ជាតូបនីយកម្ម)បានត្រូវមានលិខិតបញ្ជាក់ថាជននោះមានទីលំនៅនៅក្នុងប្រទេសកម្ពុជា ហើយស្នាក់នៅកម្ពុជាជាប់ចំនួន៧ឆ្នាំ ដោយគិតពីថ្ងៃដែលទទួលបានប័ណ្ណស្នាក់នៅដែលចេញដោយក្របខ័ណ្ឌនៃច្បាប់ស្តីពីអន្តោប្រវេសន៍និងមានលិខិតបញ្ជាក់ថា ជននោះមានគំនិតមារយាទ សីលធម៌ល្អ ដែលចេញដោយមេឃុំ ឬចៅសង្កាត់ នៃទីលំនៅរបស់ខ្លួន និងចេះនិយាយភាសាខ្មែរ ចេះអក្សរខ្មែរ និងយល់ពីប្រវត្តិសាស្ត្រខ្មែរខ្លះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ