រដ្ឋាភិបាលប្តឹងលោក សម រង្ស៊ី និងមន្ត្រីមួយរូបរឿង​បាញ់សម្លាប់លោក កែម ឡី

(រូបឆ្វេង) លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និង​លោក សម រង្ស៊ី មេដឹកនាំអតីត​បក្សប្រឆាំង​នៅកម្ពុជា (រូបស្តាំ)

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្តឹងមេដឹកនាំបក្សប្រឆំាងលោក សម រង្ស៊ី និងមន្ត្រីបក្សនោះមួយរូប ទាមទារសំណងជំងឺចិត្តម្នាក់ៗ១០០រៀល(លុយខ្មែរ) ដោយចោទថាមន្រ្តីបក្សប្រឆាំងបានចោទរដ្ឋាភិបាលថានៅពីក្រោយឃាតកម្មលើលោក កែម ឡី។

ក្នុងពាក្យបណ្តឹងពីរដាច់ដោយឡែកពីគ្នារបស់មេធាវី គី តិច តំណាងឲ្យរដ្ឋាភិបាលចុះថ្ងៃចន្ទនេះ បានឲ្យដឹងថា ក្រោយពីឃាតកម្មលើអ្នកវិភាគបញ្ហាសង្គមលោក កែម ឡី លោកថាមេដឹកនាំបក្សប្រឆំាងលោក សម រង្ស៉ី បានសរសេរលើ page ហ្វេសប៊ុករបស់លោកថាការបាញ់សម្លាប់លោក កែម ឡី ជាអំពើភេរវកម្មមួយទៀត រៀបចំដោយរដ្ឋអំណាច។

ចំណែកពាក្យបណ្តឹងមួយទៀតលោក គី តិច ក៏បានប្តឹងលោកស្រី ថាក់ ឡានី ជាសមាជិកព្រឹទ្ធសភាមកពីគណបក្ស សម រង្ស៊ី ដោយថាមន្ត្រីបក្សប្រឆំាងរូបនោះបានចោទប្រកាន់លោក ហ៊ុន សែន ថាជាអ្នកបាញ់សម្លាប់លោក កែម ឡី ផងដែរ។

និយាយរួមពាក្យបណ្តឹងទំាងពីរនេះមានខ្លឹមសារប្រហាក់ប្រហែលគ្នាដោយហៅការចោទប្រកាន់របស់លោក សម រង្ស៊ី និងលោកស្រី ថាក់ ឡានី មកលើលោកនាយករដ្ឋមន្ត្រីថាធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់កិត្តិយសលោក ហ៊ុន សែន រួមទំាងបង្កឲ្យមានចលាចលក្នុងសង្គម៖ “ការផ្សព្វផ្សាយជាសាធារណៈរបស់ឈ្មោះ សម រង្ស៊ី និងលោកស្រី ថាក់ ឡានី ដោយចោទប្រកាន់មូលបង្កាច់និងទម្លាក់កំហុសយ៉ាងងងឹតងងុលទៅលើរាជរដ្ឋាភិបាលកម្ពុជាថា ជាអ្នករៀបចំពាក់ព័ន្ធឃាតកម្មលើលោកបណ្ឌិត កែម ឡី ធ្វើឲ្យប៉ះពាល់ដល់កិត្តិយសនិងកិត្យានុភាពរបស់រាជរដ្ឋាភិបាលនិងមានចរិតញុះញង់បំផុសបំផុលក្នុងចលនាបញ្ឆេះកំហឹងមហាជនដែលអាចបង្កឲ្យមានចលាចលនៅក្នុងសង្គមនិងប៉ះពាល់ដល់ដំណើរការនីតិវិធីរបស់តុលាការទៀតផង

ពាក្យបណ្តឹងដដែលមេធាវីដើមបណ្តឹងបានជំរុញទៅតុលាការផ្តន្ទាទោសលោក សម រង្ស៊ី និងលោកស្រី ថាក់ ឡានី តាមច្បាប់និងទាមទារសំណងជំងឺចិត្តម្នាក់១០០រៀល។

អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញលោក លី សុផាន់ណា ប្រាប់អ្នកសារព័ត៌មានតាមប្រព័ន្ធតេលេក្រាម(Telegram)នៅថ្ងៃចន្ទនេះថាអយ្យការកំពុងចាត់ការលើបណ្តឹងនេះ។

VOD មិនអាចសុំការបំភ្លឺពីប្រធានគណបក្សសង្គ្រោះជាតិលោក សម រង្ស៊ី និងលោកស្រី ថាក់ ឡានី សមាជិកព្រឹទ្ធសភាគណបក្ស សម រង្ស៊ី បានទេនៅថ្ងៃនេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ