ពលរដ្ឋខ្លះនៅខេត្តកំពតចោទអាជ្ញាធរភូមិថាឃុបឃិតគ្នាយកដីពលរដ្ឋលក់ឲ្យក្រុមហ៊ុន

ដោយ លោក ឃុត សុគន្ធ​​ | ថ្ងៃអង្គារ ទី២ ខែសីហា ឆ្នាំ២០១៦​ ម៉ោង 4:56 PM | សិទ្ធិមនុស្សអំពើពុករលួយ | 0 | 1496

ប្រជាពលរដ្ឋមួយចំនួននៅស្រុកឈូក ខេត្តកំពត ចោទអាជ្ញាធរភូមិថាឃុបឃិតគ្នាជាមួយឈ្មួញយកដីរបស់ពួកគេលក់ឲ្យក្រុមហ៊ុន។

ពលរដ្ឋរស់នៅភូមិព្រៃពាយ ឃុំត្រពាំងឃ្លាំង ស្រុកឈូកលោក សោម សៀន ប្រាប់វីអូឌីតាមទូរសព្ទនៅថ្ងៃអង្គារនេះថាមេភូមិព្រៃពាយឈ្មោះ ប្រាក់ មាក និងបក្សពួកបានឃុបឃិតជាមួយឈ្មួញយកដីប្រជាពលរដ្ឋលក់ឲ្យលោកស្រី ហៀង វុទ្ធី ម្ចាស់ក្រុមហ៊ុនម៉ាលីកូ (Malico) ដើម្បីវិនិយោគដាំដំណាំម្រេច។

លោកអះអាងថារូបលោកនិងប្រជាពលរដ្ឋផ្សេងទៀតបានមករស់នៅលើដីកំពុងមានទំនាស់នេះតាំងពីឆ្នាំ២០០៥ ដើម្បីធ្វើចំការដូចជាស្វាយ ដូង ខ្នុរ និងម្រេចជាដើម ដោយថាពុំធ្លាប់មានបញ្ហាអ្វីនោះទេ។

លោកបញ្ជាក់ថាដីតំបន់នោះចាប់ផ្តើមមានជម្លោះក្នុងកំឡុងឆ្នាំ២០១៤ពេលដែលក្រុមម៉ាលីកូមកវិនិយោគដាំដំណាំម្រេច។ លោកថាចាប់តាំងពីពេលនោះមក មេភូមិរួមនិងបក្សពួក តែងតែដើរគំរាមកំហែងបណ្តេញប្រជាពលរដ្ឋចេញដោយចោទថារស់នៅលើដីរដ្ឋខុសច្បាប់ទៅវិញ។

លោកបន្ថែមថា៖ “គេ (មេភូមិ)ថាយើងរស់នៅលើដីអនាធិបតេយ្យ អត់ច្បាប់ត្រឹមត្រូវ បើយើងជាពលរដ្ឋខ្មែររស់នៅហ្នឹងជាង១០ឆ្នាំហើយ ចុះអាអ្នកមកក្រោយហ្នឹងមកប្រទេសណា ហេតុអ្វីក៏មានច្បាប់អាចមករស់នៅបាន”។

ពលរដ្ឋម្នាក់ទៀត ដែលស្នើសុំមិនបញ្ចេញឈ្មោះ មានប្រសាសន៍ថាក្រុមហ៊ុនបានឈូសឆាយប៉ះពាល់ដីចំការរបស់លោកប្រមាណ១០ហិកតាដោយមិនបានផ្តល់សំណងជូនឡើយ។

លោកថាពេលតវ៉ាសន្តិសុខក្រុមហ៊ុនតែងតែគំរាមកំហែងនិងប្រើអំពើហិង្សារមកលើពលរដ្ឋដោយអះអាងថាដីនោះក្រុមហ៊ុនបានទិញពីប្រជាពលរដ្ឋផ្សេងដែលមានការបញ្ជាក់ពីអាជ្ញាធរមូលដ្ឋានត្រឹមត្រូវ។

លោកបញ្ជាក់ថារូបលោកបានរងអំពើហិង្សាពីកំលាំងសន្តិសុខក្រុមហ៊ុនច្រើនលើក ហើយពេលតវ៉ាដោយមិនមានអាជ្ញាធរណាររកខុសត្រូវឲ្យនោះទេ។

លោកបន្ថែមថា៖ “គេថាគេ (សន្តិសុខក្រុមហ៊ុន)សូកប៉ានលុយអស់ហើយ គេថាបើអ៊ុំឯងទៅប្តឹងអីណាក៏មិនឈ្នះគ្នាគេដែរ គេថាទៀតជីវិតអាហែងមួយហ្នឹងមិនលើពីបួនម៉ឺនដុល្លាទេ សម្លាប់ចោលគេមិនជាប់គុកផង”។

វីអូឌីមិនអាចសុំការឆ្លើយបំភ្លឺពីលោកមេភូមិឈ្មោះ ប្រាក់ មាក បានទេនៅថ្ងៃអង្គារនេះ។

អភិបាលរងខេត្តកំពតលោក ហេង វន្ថា មានប្រសាសន៍ថាលោកទទួលបានព័ត៌មាននេះពីប្រជាពលរដ្ឋយូរហើយ ប៉ុន្តែលោកថារឿងជម្លោះដីធ្លីនៅស្រុកឈូកនោះស្មុគស្មាញពិបាកដោះស្រាយដោយសាររឿងនេះជាប់ពាក់ព័ន្ធអ្នកមានអំណាចនៅពីក្រោយ។

លោកបន្ថែមថាមេភូមិព្រៃពាយលោក ប្រាក់ មាក និងបក្សពួកគឺពិតជាជាប់ពាក់ព័ន្ធរឿងលក់ដីពលរដ្ឋឲ្យក្រុមហ៊ុនមែន។ លោកថាលោកកំពុងពិភាក្សាជាមួយអភិបាលខេត្តថ្មី ដើម្បីធ្វើការដោះស្រាយ។

លោកបន្ថែមថា៖ “និយាយរួមទៅមេភូមិហ្នឹងវាត្រូវគ្នាជាមួយក្រុមហ៊ុន ហើយយាយហ្នឹង(ម្ចាស់ក្រុមហ៊ុន)ក៏ខូចដែរ។ និយាយទៅស្មុគស្មាញណាស់ ខ្ញុំកំពុងនិយាយជាមួយអភិបាលខេត្តថ្មី ដើម្បីធ្វើការដោះស្រាយរឿងហ្នឹង”។

ពលរដ្ឋឲ្យដឹងថាដីដែលមេភូមិលួចលក់ឲ្យក្រុមហ៊ុននោះមានទំហំជិត១០០០ហិកតា ក្នុងនោះពលរដ្ឋប្រមាណ២០០គ្រួសារកំពុងធ្វើការតវ៉ា។

កន្លងមកប្រជាពលរដ្ឋធ្លាប់រកអន្តរាគមន៍ពីអាជ្ញាធរខេត្តកំពតជាច្រើនដងនិងក្រសួងរៀបចំដែននគររូបនីយកម្ម និងសំណង់ផងដែរ ប៉ុន្តែរហូតមកដល់ពេលនេះមិនទាន់ទទួលបានដំណោះស្រាយនៅឡើយទេ។

សរសេរមកកាន់ លោក ឃុត សុគន្ធ តាមរយៈ sokun@vodhotnews.com

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required