រដ្ឋាភិបាល៖ ប្រព័ន្ធ​ព័ត៌មានវិទ្យា​កំពុងដាក់​​សម្ពាធ​លើ​វិស័យ​រដ្ឋ​បាល​សាធារណៈ

មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល​លើក​ឡើង​ថា ប្រព័ន្ធ​ព័ត៌មាន​វិទ្យា​នាពេល​បច្ចុប្បន្នកំពុងតែ​ដាក់​សម្ពោធយ៉ាង​ខ្លាំង​ទៅ​លើ​ប្រព័ន្ធ​គ្រប់​គ្រងរដ្ឋបាល​សាធារណៈនៅ​កម្ពុជា​ ដែល​ទាម​ទារឲ្យ​កម្ពុជា​ធ្វើ​កំណែ​ទម្រង់​វិមជ្ឍ​ការ​ឲ្យ​បាន​ឆាប់​ដើម្បី​ឆ្លើយ​តប​ទៅនឹងបញ្ហា​ដែល​កំពុង​កើត​មាន​នេះ។

ប្រធានលេខា​ធិការ​ដ្ឋាន ​គណៈកម្មាធិការជាតិអភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យ (គ.ជ.អ​.ប) លោក សក់ សេដ្ឋា មាន​ប្រសាសន៍​​ក្នុង​ពិធីបិទ​កិច្ចប្រជុំ​ទាក់​ទង​នឹង​ស្ថានភាព​រដ្ឋបាល​ក្រុង ស្រុក​ កាលពីព្រឹក​ថ្ងៃ​ទី​០១ សីហា ម្សិល​មិញ​​ថា រដ្ឋបាល​សាធារណៈនៅ​កម្ពុជាពេល​បច្ចុប្បន្ន​នេះ​កំពុង​រង​សម្ពោធ​យ៉ាងខ្លាំង​ពី​ការ​វិវឌ្ឍព័ត៌មាន​វិទ្យា​ដែល​រាល​ដាលទៅ​ដល់​ក្រុង ស្រុកនៅ​តាម​បណ្តា​ខេត្ត ដែល​ទាម​ទារ​ឲ្យ​មាន​ការ​ធ្វើ​កំណែ​ទម្រង់​វិមជ្ឍការឲ្យ​បាន​ឆាប់​។

លោក សក់ សេដ្ឋា ថ្លែង​បន្ថែម​ប្រាប់អ្នក​សារព័ត៌មាន​វី​អូ​ឌីបន្ទាប់​ពី​កិច្ច​ប្រជុំ​នោះ​ថា បច្ចុប្បន្ន​ដោយ​សារ​ប្រព័ន្ធ​ព័ត៌មាន​វិទ្យា​ទូលំ​ទូលាយនោះ ការ​ងារ​របស់​អ្នក​រដ្ឋ​បាល​សាធារណៈមិន​ទំនេរ​ច្រើន​ដូច​មុន​ទេ ដែល​អ្នក​ទាំង​នោះ​​ត្រូវ​ធ្វើ​យ៉ាង​ណា​រត់​ឲ្យ​ទាន់សភាពការណ៍។

លោក​ថា៖ «មួយ​របៀប​នៃ​ការ​គ្រប់​គ្រង​ប្រព័ន្ធ​ព័ត៌មាន​វិទ្យា​ផ្សេង​ តែ​មួយ​ទៀតគឺ​កែ​ខ្លួន​ដើម្បី​ឆ្លយ​តប​តម្រូវ​ការ​សង្គម​ ខ្ញុំ​ចង់​និយាយ​អញ្ចឹង។ ការ​រីក​ចំរើន​ប្រព័ន្ធ​ព័ត៌មាន​វិទ្យា​គឺ​ជា​ផ្នែក​មួយ​ដែល​រុញ​ច្រាន​សម្ពោធ​នោះ​មក​ដាក់​លើ​រដ្ឋាភិបាល ដែល​ខ្ញុំ​ចង់​និយាយ​អំបាញ់​មិញ​ថា​សកល​ភារូប​បនីយកម្ម តំបន់​ភារូប​នីយកម្ម ស្អី​ទី​តំបន់​ភារូបនីយកម្ម។​ ឧទារណ៍​ ចូល​អាស៊ានយើង​មាន​ចំបាច់​ធ្វើ​វី​សារ​ឯណា? ប្រជាជន​គាត់​ទៅ​ថៃ ទៅ​សឹង្ហ​បុរី គាត់​ទៅ​ម៉ាឡេស៊ី មក​វិញ​គាត់​ដាក់​សម្ពោធ គាត់​ទៅ​អឺរ៉ុប​ គាត់​ទៅ​ស្រុក​គេ​គាត់​ដាក់​សម្ពោធ នេះ​ជា​រលក​បក់​បោក​ឬ​ក៏ពួកគេ​មក​ទស្សនកិច្ច​ស្រុក​យើង មកធ្វើ​ការ​ស្រុក​យើង​ អញ្ចឹង​ព្រំ​ដែន​ប្រទេស​មួយ​ៗ​វា​លែង​មាន​ទៀត​ហើយ ដែល​ពី​មុន​វា​ហាក់​ដូច​ជា​បិទ អញ្ចឹង​ហើយ​តម្រូវ​ការ​សង្គម​វា​ខុសពី​មុន»។

បើ​ទោះ​បី​ជា​​ការ​ឆ្លើយ​តប​របស់រដ្ឋបាល​សាធារណៈនៅ​កម្ពុជា​មាន​គំលាត​ឆ្ងាយពី​តម្រូវ​ការរបស់​​ពល​រដ្ឋ​ក៏​ដោយ​ តែ​រដ្ឋលេខាធិការក្រសួងមហាផ្ទៃរូបនេះ លើកឡើង​​ថាកម្ពុជា​នៅ​តែ​អាច​ផ្តល់សេវា​សារធាណៈដែល​អាច​ឆ្លើយ​តប​ទៅនឹង​តម្រូវ​ការ​ទាំង​នោះ​បាន។

អ្នក​ជំនាញ​ផ្នែក​ប្រព័ន្ធ​ព័ត៌មាន​​វិទ្យាលោក ង៉ែត ម៉ូសេ សង្កេត​ឃើញ​ថាមាន​សមិទ្ធផល​ជា​ច្រើន​របស់​រដ្ឋាភិបាល ដែល​កើត​ចេញដើម្បី​ឆ្លើយ​តប​ទៅ​នឹង​តម្រូវ​ការ​របស់​ប្រជា​ពល​រដ្ឋ​ក្នុង​វិស័យ​ព័ត៌​មាន​​វិទ្យា​នេះ។ លោក​ថា​រដ្ឋាភិបាល​បាន​​ប្រើ​ប្រាស់ប្រព័ន្ធ​នេះ​ច្រើន​បន្ទាប់​ពី​ការ​បោះឆ្នោត​ឆ្នាំ​២០១៣​មក​ តែ​ការ​ឆ្លើយ​តប​ទាំង​នោះ រហូត​មក​ដល់​ពេល​នេះ​ហាក់មិនបាន​បំពេញ​តាម​តម្រូវ​ការ​របស់​ពល​រដ្ឋពេញ​លេញ​​នៅ​ឡើយ។  ​

លោក​ថា៖ «បណ្តា​ក្រសួង​ផ្សេង​ៗ​ទៀត​ឃើញ​មាន​ការ​បង្កើត​ហ្វេស​បុក​ផេក ឥឡូវ​ហ្នឹង​គឺ​ថា​ទៅ​ដល់​ថ្នាក់​ស្រុក​ថ្នាក់​ខណ្ឌ មេចៅ​ហ្វាយ​ស្រុក​ ចៅ​ហ្វាយ​ខណ្ឌ​អី​ក៏​មាន​ដែល​ផេក​ផ្ទាល់​ខ្លួន​គេ​អញ្ចឹង​ទៅ​ណា! ដើម្បី​ទទួល​បាន​ព័ត៌មាន​ហើយ​ស្នងការ​មួយ​ចំនួន​មាន​ស្នង​ការ​ក្រុង​ស្នងការ​ខេត្ត​អី​អញ្ចឹង​ទៅ​ហ្នឹង ចាប់​ផ្តើម​ផុស​ព័ត៌មាន​ដែលខ្លួន​បាន​ធ្វើ​ទៅ​ក្នុង​ទំព័ររបស់​ខ្លួន។ ហើយ​មួយ​ទៀត​កង​រាជ​អាវុធហត្ថ​ឃើញ​មាន​ច្រើន​ដែរ ទាក់​ទង​ទៅ​នឹងការ​បង្ហាញ​ព័ត៌មាន​សមិទ្ធផល​ដែល​ខ្លួន​ឯង​បាន​ធ្វើ។ ក៏​ប៉ុន្តែ​ខ្ញុំ​ចង់​បញ្ជាក់​ឲ្យ​បាន​ច្បាស់ គឺ​ថា​ធ្វើ​ម៉េច​ឲ្យ​អា​សេវា​ដែល​គាត់​បាន​ធ្វើ​ហ្នឹង​គឺ​ថា​ធ្វើ​ម៉េច​ឲ្យ​ទៅ​ដល់​ប្រជា​ពល​រដ្ឋ ឲ្យ​បាន​ងាយ​ជា​ជាង​ពល​រដ្ឋ​មក​រំពឹង​សុំ​ពីគាត់»។

​នាយក​ប្រតិបត្តិ​សម្ព័ន្ធ​គណនេយ្យ​ភាព​សង្គម​លោក សន ជ័យ យល់​ថា​ការ​ឆ្លើយ​តប​ពី​រដ្ឋាភិបាល​ទៅ​នឹង​តម្រូវ​ការ​របស់​ពល​រដ្ឋ​តាម​រយៈប្រព័ន្ធ​ព័ត៌មាន​វិទ្យា​នៅ​មាន​កំរិ​តនៅ​​ឡើយ ដោយ​ថាការ​សម្រេច​ចិត្ត មួយ​ចំនួន​នៅ​រង់​ចាំ​បញ្ជា​ពី​ថ្នាក់​លើ​ដដែល។

លោក​ថា៖ «នៅ​ពេល​ដែល​យើង​ឈាន​ជើង​ចូល​ទៅ​ក្នុង​សក​រាជ​ថ្មី​នៃបច្ចេក​វិទ្យា​ព័ត៌មាន​នោះ​ ហើយ​ការ​ផ្តល់ សេវា​សាធារណៈឬ​ក៏​ការឆ្លើយ​តប មក​តម្រូវ​ការ​របស់​ប្រជា​ពល​រដ្ឋ​មិន​មាន​ល្អ។ ​ខ្ញុំ​នៅ​តែ​មើល​ឃើញ​ថា មុខ​មាត់​ឬ​ក៏​សមត្ថភាព​របស់​រដ្ឋាភិបាល​នៅ​ក្នុង​ការ​បម្រើ​ប្រជា​ពល​រដ្ឋ​ហ្នឹង​គឺ​អាច​ជួប​ប្រទះ​នូវ​បញ្ហាហើយ ចុង​ក្រោយ​គឺ​ការ​បាត់​បង់​នូវ​ជំនឿទុកចិត្ត»។

ខណៈមាន​ភាព​រីកចំរើន​នៃ​ប្រព័ន្ធ​បច្ចេក​វិទ្យា​នេះ​ រដ្ឋាភិបាល​កម្ពុជា​កាលពី​ឆ្នាំ​២០១៣ បាន​បង្ហាញ​ជំហរ​ក្នុង​ការ​បង្កើត​ច្បាប់​ស្តីពី​ឧក្រិដ្ឋកម្ម​តាម​ប្រព័ន្ធ​បច្ចេកវិទ្យាប៉ុន្តែ​សង្គម​​ស៊ីវិល​មើល​ឃើញ​ថា​ច្បាប់​នេះ​មាន​មាត្រា​មួយចំនួន​បាន​កម្រិតនូវ​សិទ្ធិ​នៃ​កា​រប្រើ​ប្រាស់​អ៊ិន​ធើ​​ណែត​ និង​ការ​បញ្ចេញ​មតិ​នៅ​លើ​អ៊ិន​ធើ​ណែត។ ​តែ​ក្រសួង​ប្រៃ​សណីយ៍​ និង​ទូរ​គម​នា​គមន៍បាន​អះ​អាង​ថាច្បាប់​នេះ​កំពុង​សិក្សា​​ចងក្រ​ង​នៅឡើយ តែ​សង្គម​ស៊ីវិល​យល់​​ថា រដ្ឋា​ភិ​បាល​​អាច​នឹងបញ្ចេញ​ច្បាប់​នេះ​​ដាក់​ឲ្យ​អនុម័តនៅ​​​មុន​ការ​បោះឆ្នោត​ឆ្នាំ​២០១៨​ខាង​មុខ។

តាមការ​ដកស្រង់​ចេញពីគេហទំព័រមួយឈ្មោះថា​ geeksincambodia.com បាន​ឲ្យ​ដឹង​ថា​ចំនួន​អ្នក​ប្រើ​ប្រាស់​អ៊ិន​ធើណែត​នៅ​កម្ពុជា​បច្ចុប្បន្ន​នេះមានចំនួន​៧,១លាន​នាក់​នៃ​ប្រជា​ជន​សរុប​ ១៥,៩លាន​នាក់ ​គឺ​មាន​ការ​កើនឡើង​យ៉ាង​គំហុក ដែល​ពី​ឆ្នាំ​២០១០ ​អ្នក​ប្រើ​ប្រាស់​អ៊ិន​ធើណែត​នៅ​កម្ពុជា​មាន​តែ​​ជាង​​៣០ម៉ឺន​នាក់​ប៉ុណ្ណោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ