របាយការណ៍៖ ​ឆ្នាំ​២០១៦​ពល​រដ្ឋ​ខ្មែរ​ជាង​២លាន​នាក់​​ជំពាក់​បំណុល​ធនា​គារ​

ទិដ្ឋភាពទីក្រុងភ្នំពេញ (មាស មុនី)

របាយការណ៍​របស់បណ្តុំ​គ្រឹះ​ស្ថានធនាគារនិង​មី​ក្រូ​ហិរញ្ញវត្ថុបាន​ឲ្យ​ដឹង​ថា​ ចំនួន​ប្រជា​ពល​រដ្ឋ​ខ្មែរ​ដែល​ជំពាក់​បំណុល​ធនាគារគិត​​ត្រឹម​ឆ្នាំ​២០១៦ មាន​ចំនួន​ជាង​២លាន​នាក់ ដែលបាន​ខ្ចី​ប្រាក់​ជាង​១០​ពាន់​​លាន​​​ដុល្លារ​អាមេរិក។

ក្រុម​ហ៊ុនក្រេឌីតប្សូរ៉ូ​កម្ពុជា ដែល​មាន​សមា​ជិកមកពី​​គ្រឹះស្ថាន​ធនាគារ និង​មីក្រូ​ហិរញ្ញ​វត្ថុចំនួន​១៣២ ស្ថាប័ន បាន​បង្ហាញ​របាយការណ៍ថា ​មក​ដល់ឆ្នាំ​២០១៦​ ពល​រដ្ឋ​កម្ពុជា​ចំនួន ២ ០៩៧ ៨៥៣នាក់ បាន​ជំពាក់​បំណុល​ធនាគារក្នុង​ទឹក​ប្រាក់ចំនួន ១២,៥ ពាន់​លាន​ដុល្លារ​​អាមេរិក ក្នុង​នោះ​រាជ​ធានីភ្នំពេញទទួល​កម្ចី​សរុបច្រើន​ជាង​គេជាង​៥ពាន់​លាន​ដុល្លារ​អាមេរិក  ខណៈខេត្ត​សៀមរាប កណ្តាល បាត់​ដំបង កំពង់​ចាម មាន​ទឹក​ប្រាក់​កម្ចីចន្លោះ​ពី​៥០០ ទៅ​១ពាន់​លានដុល្លារ​អាមេរិក។

របាយការណ៍​នេះ​បាន​ឲ្យ​ដឹង​បន្ថែម​ថា ចំនួន​អ្នក​ខ្ចី១ស្ថាប័ន​មាន​ចំនួន​៨៣,១% ពីរ​ស្ថាប័ន​មាន​១៣,៧% បី​ស្ថាប័នមាន ២,៨% និង​ច្រើនជាង​បី​ស្ថាប័ន​មាន ០,៤%។

​ទីប្រឹក្សា​សេដ្ឋកិច្ច​ជាន់​ខ្ពស់​របស់​​ក្រុមហ៊ុន Emerging Markets Consulting (EMC) លោក ង៉ែត ជូ មានប្រសាសន៍​ថាអត្រាកម្ចី​នេះ​មាន​កម្រិត​ខ្ពស់បើ​គិត​ទៅ​នឹង​ចំនួន​គ្រួសារ ដែល​បង្ហាញ​ថាគ្រួសារ​កម្ពុជា​ជាង​៦០%​​ កំពុង​ជំពាក់​បំណុល​ធនាគារ។ ដោយ​សារ​ចំណេះ​ដឹង​ពីបំណុល​របស់​ពល​រដ្ឋ​កម្ពុ​ជា​មួយ​ចំនួន​ធំ ​នៅ​មាន​កម្រិតនៅ​ឡើយ​នោះ​ លោក​បារម្ភ​ថាភាគច្រើន​នៃបំណុល​គឺកំពុង​ក្លាយ​ជា​គ្រោះ​ថ្នាក់​សម្រាប់​អ្នក​ខ្ចី។

លោក​ថា៖ «តាមការស្រាវជ្រាវ ២ឆ្នាំ៣ឆ្នាំចុងក្រោយជាប់គ្នានេះបង្ហាញថាមានតែពលរដ្ឋត្រឹម១៧ ទៅ១៨ភាគរយទេដែលគាត់មានចំណេះដឹងមូលដ្ឋានផ្នែកខាងហិរញ្ញវត្ថុ មានន័យថាចេះចាត់ចែងលុយកាក់មានចំណេះដឹងសមស្របណា។ អញ្ចឹងមា៨០%​ជាងដែលគាត់អត់មានចំណេះដឹងហិរញ្ញវត្ថុ ការចាត់ចែងលុយកាក់ហ្នឹងមិនសមស្របអញ្ចឹងវាជាការបារម្ភធំមួយដែរ»

លោក​ ង៉ែត ជូ ជម្រុញឲ្យ​មាន​កម្មវិធី​អប់​រំ​ការ​យល់​ដឹង​ពី​ហិរញ្ញ​វត្ថុ​ដែលកំពុង​មាន​ស្រាប់​នាពេល​បច្ចុប្បន្ន​ឲ្យ​ខ្លាំង​ក្លា​បន្ថែម​ដើម្បី​បញ្ចៀ​ស​បញ្ហា​នេះ​នាពេល​ខាង​មុខ។

​គួ​រ​បញ្ជាក់​ផង​ដែរ​ថា ដើម្បី​លើក​កម្ពស់ការ​យល់​ដឹង​របស់​ប្រជា​ពល​រដ្ឋ​ពីការ​ប្រើ​ប្រាស់​ហិរញ្ញវត្ថុ ធនាគារ​ជាតិ ជា​មួយ​អង្គការ​ Good return និង​ក្រសួង​អប់​រំបាន​រៀប​ចំ​ឲ្យ​មាន​វី​ដេអូ​ខ្លី និង​សៀវភៅ​អប់​រំ ដោយ​បាន​ផ្សព្វផ្សាយ​លើ​ទូរទស្សន៍ វិទ្យុ និង​បណ្តាញសង្គមដែល​កំពុង​តែ​ផ្សព្វផ្សាយ​ ជា​មួយនឹង​វិធាន​ការ​របស់​ធនាគារ​ដើម្បីបង្កើន​ចំណេះ​ដឹង និង​​ធានាថាប្រាក់​ដែល​ប្រជា​ពល​រដ្ឋ​បាន​ខ្ចីត្រូវ​បាន​យក​ទៅ​ប្រើ​ប្រាស់​ចំគោល​ដៅ និង​អាច​សង​ត្រលប់​មក​វិញ​បាន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ