អង្គការតម្លាភាពថាខ្លួនបានជួយទប់ស្កាត់អំពើពុករលួយក្នុងវិស័យឯកជន

អង្គការមួយដែលធ្វើការប្រឆាំងអំពើពុករលួយអះអាងថា ខ្លួនបានចូលរួមចំណែកកាត់បន្ថយអំពើពុករលួយមួយផ្នែកទៀត ក្រោយពីបានចុះអនុស្សារណៈយោគយល់គ្នាជាមួយនឹងសម្ព័ន្ធសមាគមសហគ្រាសធនតូច និងមធ្យមនៅកម្ពុជា។

ប្រាប់អ្នកសារព័ត៌មានក្រោយចុះអនុស្សារណៈកាលពីថ្ងៃម្សិលមិញ នាយកអង្គការ តម្លាភាពកម្ពុជាលោក ព្រាប កុល មានប្រសាសន៍ថា ការចុះអនុស្សារណៈនេះ អាចទប់ស្កាត់អំពើពុករលួយមួយផ្នែកទៀតសម្រាប់វិស័យឯកជន ដោយថា អង្គការលោកនឹងផ្តល់វគ្គបណ្តុះបណ្តាលដល់សហគ្រាសទាំងនោះ ពីវិធីអនុវត្តប្រព័ន្ធសុចរិតភាពសាជីវកម្ម ដូចជានីតិវិធីរៀបចំបញ្ជី ការបង់ពន្ធ និងការប្រគូតប្រជែងជាដើម។

លោកថា នៅពេលសហគ្រាសទាំងនោះមានយន្តការអនុវត្តល្អមន្រ្តីខិលខូចមិនអាចជំរិតទារប្រាក់ពីពួកគេបានឡើយ។ លោកបន្តថា អង្គការលោករកឃើញថាមានសហគ្រាសអាជីវកម្មឯកជនជាច្រើនមានអំពើពុករលួយដោយមន្រ្តីខិលខូចមួយចំនួនបានយកលុយក្រៅផ្លូវការ។

លោកបន្ថែមថា៖ សម្រាប់យើង [អង្គការតម្លាភាពកម្ពុជា] យើងជួយពង្រឹងសមត្ថភាពគាត់ [សម្ព័ន្ធសមាគមសហគ្រាស] ឲ្យគាត់ចេះធ្វើយន្តការទប់ស្កាត់ តែប្រសិនបើមានការដឹងថាមានអំពើពុករលួយដល់ពួកគាត់ យើងក៍អាចមានយន្តការណ៍ក្នុងការការពារគាត់ដែរ ដោយយើងអាច សហការជាមួយអង្គភាពប្រឆាំងអំពើពុករលួយ

ប្រធានសម័្ពន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា លោក តែ តាំងប៉ យល់ ឃើញប្រហាក់ប្រហែលលោក ព្រាប កុល ដែរ ដោយលោកសង្ឃឹមថា ក្រោយកិច្ចសហការជាមួយអង្គការតម្លាភាពកម្ពុជានេះ សហគ្រាសសាជីវកម្មដែលជាសមាជិករបស់ខ្លួន នឹងមានការកែទម្រង់ល្អ កាត់បន្ថយការចំណាយក្រៅផ្លូវការ និងអំពើពុករលួយ ។

លោកបន្ថែមថា៖ អាចកាត់បន្ថយអំពើពុករលួយ ព្រោះយើង [សហគ្រាសអាជីវកម្មមិនអាចកាត់បានទេ អញ្ចឹងយើងត្រូវការពឹងពាក់គ្នាដើម្បីជួយកាត់បន្ថយគ្នា ព្រោះវិស័យឯកជនយើងក៍មានខុស វិស័យរដ្ឋាភិបាលក៍មានខុស អញ្ចឹងយើងសហការគ្នាដើម្បីកាត់បន្ថយអាការចំណាយក្រោមតុកហ្នឹងឲ្យបានច្រើន។ យូរៗវាគង់តែអស់ទេ

បើតាមលោក ព្រាប កុល អង្គការរបស់លោកបានចុះអនុស្សារណៈនៃយោគយល់គ្នាជាមួយវិស័យឯកជាច្រើនដូចជា សម្ព័ន្ធសមាគមសហគ្រាសធនតូច និមធ្យមកម្ពុជា ដែលមានសមាជិកប្រមាណ៨០សហគ្រាស  សភាពាណិជ្ជកម្មសហភាពអ៊ឺរ៉ុប ដែលមានសមាជិករាប់រយ និងក្រុមហ៊ុនផ្សេងៗទៀតក្នុងគោលបំណងទប់ស្កាត់អំពើពុករលួយក្នុងវិស័យនេះ។

របាយការណ៍របស់អង្គការតម្លាភាពអន្តរជាតិឲ្យដឹងថា ប្រទេសកម្ពុជានៅតែជាប្រទេសដែលមានកម្រិតអំពើពុករលួយខ្ពស់បំផុតនៅឆ្នាំ២០១៥ ដោយអង្គការនេះបានចាត់ថ្នាក់ប្រទេសកម្ពុជាទទួលបានពិន្ទុ២១ នៃពិន្ទុខ្ពស់បំផុត១០០៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ