រដ្ឋាភិបាល​ការពារ​ការ​ចល័ត​ទ័ព​ថាជា​ការ​ហ្វឹក​ហ្វឺន​សមត្ថភាព​

ក្រសួងការពារជាតិ

ក្រសួងការពារជាតិបានបកស្រាយជុំវិញការចល័តកម្លាំងយោធានៅក្បែរស្នាក់ការគណបក្សប្រឆាំង នៅសប្តាហ៍នេះថា ជាការហ្វឹកហ្វឺនសាកល្បង សមត្ថភាពរបស់កងទ័ព។

ក្នុងសេចក្តីប្រកាសព័ត៌មាន ចុះថ្ងៃទី១ កញ្ញា ក្រសួងការពារជាតិ អះអាងថា ការចល័តទ័ពទាំងជើងគោក ជើងទឹក និងអាកាសកាលពីថ្ងៃទី៣១ កក្កដា ជាការហ្វឹកហ្វឺនសាកល្បង សមត្ថភាពកម្លាំងចល័តរហ័សរបស់ក្រសួងការពារជាតិ។ ក្រសួងការពារជាតិក៏បានវាយបកដោយមិនចំឈ្មោះ ទៅលើអ្នកនយោបាយមួយចំនួនដែលថាសកម្មភាពកងទ័ពទាំងនេះបានគំរាមកំហែង គណបក្សប្រឆាំង។

ទោះជាយ៉ាងណា អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិលោក យឹម សុវណ្ណ សុំមិនធ្វើអត្ថាធិប្បាយតបទៅនឹងការបកស្រាយរបស់ក្រសួងការពារជាតិនេះទេ។ លោកថា គណបក្សនេះមិនខ្លាចការគំរាមបែបនេះទេ។

លោកថា៖អត់មានបារម្ភអីទេតាំងពីដើមមកអត់មានបារម្ភទេ។ ព្រោះយើងអត់មានធ្វើអីខុស ហើយយើងធ្វើការដើម្បីបំរើប្រទេសជាតិ យើងធ្វើជម្រុញឲ្យមាការដោះស្រាយដោយសន្តិវិធី។ គ្រាន់តែថាលើកក្រោយមានកិច្ចការអីយើងជូនព័ត៌មាឲ្យច្បាស់ទៅ ដូចជាចង់ធ្វើសមយុទ្ធយោធា ធ្វើកន្លែងណាធ្វើពីម៉ោងប៉ុន្មានដល់ម៉ោងប៉ុន្មានកុំឲ្យដល់ចេញភ្លាមវាធ្វើឲ្យប៉ះពាល់ដល់អារម្មណ៍ប្រជាពលរដ្ឋហើយ

សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយលោក សូ ចន្ថា បានលើកឡើងថារាល់ការហ្វឹកហ្វឺនកងទ័ពគួរមានការជូនដំណឹងដល់ប្រជាពលរដ្ឋជាមុន ហើយជាពិសេសមិនគួរធ្វើសមយុទ្ធនៅក្នុងរាជធានីដែលជាមជ្ឍមណ្ឌលពាណិជ្ជកម្ម និងទីប្រជុំជនដ៏ធំបែបនេះទេ ដែលជាហេតុបង្កឲ្យមានការភ្ញាក់ផ្អើលពីប្រជាពលរដ្ឋ។ លោកសាស្ត្រាចារ្យយល់ថា នេះជាសកម្មភាពគំរាមកំហែងដល់បក្សប្រឆាំង ខណៈពេលដែលការបោះឆ្នោតខិតជិតចូលមកដល់។

លោកថា៖ ការសម្តែងនូវឥទ្ធិពលយោធាបែបនេះ វាជាការគំរាមកំហែងដល់គណបក្សប្រឆាំងផង គំរាមកំហែងដល់ប្រជាពលរដ្ឋខ្មែរ ហើយគំរាមកំហែងដល់លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ការសម្តែងសាច់ដុំដោយកងយោធាបែបនេះវាដើរផ្ទុយនឹងលិទ្ធិប្រជាធិបតេយ្យ ដែលមានចែងដោយរដ្ឋធម្មនុញ្ញ ដែលទាមទារឲ្យមានការប្រកួតប្រជែងគ្នាដោយស្មោះត្រង់ ដោយសេរី និងយុត្តិធម៌ “

កាលពីថ្ងៃទី៣១ កក្កដា មាននាវាជើងទឹក រថយន្ត និងឧទ្ធម្ភាគចក្រផ្ទុកដោយកម្លាំងទ័ព បើកជុំវិញបរិវេណស្នាក់ការកណ្តាលគណបក្សសង្គ្រោះជាតិ នៅសង្កាត់ចាក់អង្រែលើ ប្រមាណ៤០នាទី។ ចលនារបស់កម្លាំងទ័ពនេះ នាំឲ្យមន្ត្រីគណបក្សសង្គ្រោះជាតិ ប្រជាពលរដ្ឋនៅជុំវិញនោះមានការភ្ញាក់ផ្អើល ហើយសារព័ត៌មានជាតិនិងអន្តរជាតិចាប់អារម្មណ៍ចុះផ្សាយហេតុការណ៍នេះផង។

ក្នុងបទសម្ភាសន៍ជាមួយវិទ្យុអាស៊ីសេរី កាលពីម្សិលមិញ លោក សម រង្ស៊ី ហៅការចល័តកម្លាំងទ័ពនោះថា ជាការបំភិតបំភ័យពលរដ្ឋ។ លោកហៅសកម្មភាពនេះថាធ្វើឡើងដោយមនុស្សតិរច្ឆាន។

លោកថា៖ «ដឹងថាពេលបោះឆ្នោតជិតមកដល់ពិតជាចាញ់ឆ្នោត ព្រោះប្រជាពលរដ្ឋទូទាំងប្រទេសគេចង់ផ្លាស់ប្តូរ ហើយអត់មានមធ្យោបាយទប់ស្តាត់ ធ្វើការបំភិតបំភ័យ មិនចង់ឲ្យមានការបោះឆ្នោតដោយសេរី ដោយរលូន ដោយត្រជាក់ គេបង្កើតតែវិធានការក្តៅ។ ខ្ញុំហៅថាមានតែមនុស្សពាល មនុស្សតិច្ឆានទេ ដែលប្រើមធ្យោបាយបែបនេះមកសម្លុតប្រជាពលរដ្ឋខ្មែរគ្នាឯង»

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ