ភរិយាលោកត្រាំប្តឹងទារ១៥០លានពី​អ្នកផ្សព្វផ្សាយថានាងធ្លាប់ជាស្ត្រីរកស៊ីផ្លូវភេទ

ភរិយាលោកដូណល ត្រាំ គឺលោកស្រី មេឡានៀ ត្រាំ បានដាក់ពាក្យប្តឹងសារព័ត៌មានអង់គ្លេស  និង អ្នកសរសេរប្លុកនៅអាមេរិក ទារលុយចំនួន១៥០លានដុល្លារ ករណីចុះផ្សាយ ថា នាងធ្លាប់ជាស្ត្រីរកស៊ីផ្លូវភេទក្នុងទសវត្សរ៍ឆ្នាំ១៩៩០។

សារព័ត៌មាន Daily Mail របស់អង់គ្លេសបានចុះផ្សាយថា លោកស្រី ត្រាំ ធ្លាប់ ធ្វើការក្រៅម៉ោងជាស្ត្រីកំដរភ្លៀវ ឬ អ្នករកស៊ីផ្លូវភេទ នៅក្នុងទីក្រុងញូយ៉ក ហើយបាន ជួបប្តីរបស់លោកស្រីបច្ចុប្បន្នគឺលោក ដូណល ត្រាំ។ បច្ចុប្បន្នលោកត្រាំ កំពុងត្រៀមខ្លួនប្រ កួតប្រជែងតំណែងជាប្រធានាធិបតី អាមេរិកនៅពេលបោះឆ្នោតនៅថ្ងៃទី៨ខែ វិច្ឆិកា ខាង មុខនេះ។

ចំណែកប្លុកនៅអាមេរិក ឈ្មោះ Webster Tarpley បានសរសេរថា លោកស្រីត្រាំ  មាន ការភ័យខ្លាចសាធារណជនដឹងពីអតីតកាលរបស់លោកស្រី ជាអ្នករកស៊ីផ្លូវភេទ។ នេះបើ តាមការចុះផ្សាយរបស់សារព័ត៌មានBBC។

ទោះយ៉ាងណា មេធាវីការពារក្តីឲ្យលោកស្រី ត្រាំ គឺលោក ឆាឡេស ហាដឺ ថ្លែងថា ការចុះផ្សាយទាំងនោះគឺជាការកុហកទាំងស្រុង។ លោកថា ការចុះផ្សាយនោះ គឺផ្ទុយពីការពិត១០០% ហើយថា ជាការចុះផ្សាយដែលមិនមានវិជ្ជាជីវៈ។ លោកបន្តថា ជាការប៉ូវសងការ ប៉ះ ពាល់ដល់កិត្តិយសកូនក្តីរបស់លោកត្រាំទារប្រាក់សំណងជំងឺចិត្តចំនួន១៥០លានដុល្លារ អាមេរិក។

លោកស្រី ត្រាំ មានអាយុ ៤៦ឆ្នាំ កើតនៅប្រទេសស្លូវេនី នៅអឺរ៉ុបកណ្តាល ហើយ លោកស្រីបានធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិកធ្វើជាតារាម៉ូឌែល ឆ្នាំទសវត្សរ៍ឆ្នាំ១៩៩០។ នាងបានរៀបការជាមួយលោកត្រាំ នៅឆ្នាំ២០០៥។

អត្ថបទ Daily Mail បានដកស្រង់ខ្លឹមសារពីទស្សនាវដ្តី ស្លូវេនី ឈ្មោះ Suzy មក ចុះផ្សាយថា លោកស្រីត្រាំ ធ្លាប់ធ្វើការជាតារាម៉ូឌែល និងបំពេញតួនាទី ជាស្ត្រីកំដរភ្ញៀវ ផងដែរ។ សារព័ត៌មាននេះ ក៏បានចុះផ្សាយថា លោកស្រីត្រាំធ្លាប់ថតរូបអាក្រាតកាយឲ្យ ទស្សនាវដ្តី កាលពី ឆ្នាំ១៩៩៥។

ទោះយ៉ាងណា មេធាវីលោកស្រី ត្រាំ លោក ឆាឡេស ហាដឺ ច្រាន ចោល ការអះអាង ទាំងនោះ ហើយបញ្ជាក់ថា លោកស្រីត្រាំបានធ្វើដំណើរទៅអាមេរិកនៅឆ្នាំ១៩៩៦៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ