តុលាការ​អាមេរិកបន្តរឿង​ក្តី​លោក មាជ សុវណ្ណារ៉ា ដែលប្តឹងលោក ហ៊ុន សែន និង​កូនប្រុស

សកម្មជនបក្ស​ប្រឆាំង លោក មាជ សុវណ្ណារ៉ា(ខាងមុខ) កាលពីកន្លងទៅ

តុលាការសហរដ្ឋអាមេរិក បានសម្រេចថានឹងបន្តយកសំណុំរឿងលោក មាជ សុវណ្ណារ៉ា ដែលប្តឹងលោកនាយករដ្ឋមន្ត្រីកម្ពុជា និងកូនប្រុស លោក ហ៊ុន ម៉ាណែត មកចាត់ការតាមនីតិវិធីច្បាប់សហរដ្ឋអាមេរិក ពាក់ព័ន្ធនឹងសំណុំរឿង “ធ្វើភេរវកម្ម” និង “ធ្វើទារុណកម្មតាមរយៈការឃុំខ្លួនស្រេចតែអំពើចិត្ត ក្រៅច្បាប់និងរយៈពេលយូរ”

លោក មូរតុន ក្លា (Morton Sklar) មេធាវីការពារក្ដីលោក មាជ សុវណ្ណារ៉ា បញ្ជាក់ថា លោកចៅក្រម ចច វូ (George Wu) នៅក្នុងក្រុងឡូសអែនជឺឡេស (Los Angeles) រដ្ឋកាលីហ្វ័រញ៉ា (California) សហរដ្ឋអាមេរិក កាលពីថ្ងៃទី១ ខែកញ្ញា បានសម្រេចតាមបណ្តឹងរបស់មេធាវីលោក មាជ សុវណ្ណារ៉ា ដែលស្នើឲ្យតុលាការបង្គាប់ឲ្យលោក ហ៊ុន ម៉ាណែត និងរដ្ឋាភិបាលកម្ពុជា បង្ហាញឯកសារពាក់ព័ន្ធនឹងបណ្ដឹងខាងលើនេះ។

លោក មូរតុន ក្លា បានថ្លែងក្នុងវីដេអូឃ្លីបដែលផ្សាយតាមហ្វេសប៊ុកថា តុលាការអាមេរិកនឹងបន្តយកបណ្តឹងរបស់លោក មាជ សុវណ្ណារ៉ា ប្តឹងលោកហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត ទៅចាត់ការជាបឋមលើយុត្ថាធិការរបស់តុលាការតាមនីតិវិធី ខណៈក្រុមមេធាវីនាយរដ្ឋមន្ត្រីកម្ពុជានិងលោក ហ៊ុន ម៉ាណែត បានប្តឹងទាត់ចោលបណ្តឹងនេះ ដោយថាតុលាការធ្វើខុសនីតិវិធីច្បាប់៖ “ប្តឹងតុលាការអាមេរិកឲ្យចាត់ការជាបឋមលើចំណុចយុត្តាធិការរបស់តុលាការ បណ្តឹងនេះមានសារៈសំខាន់ណាស់ ព្រោះបណ្តឹងនេះតម្រូវឲ្យរដ្ឋាភិបាលកម្ពុជា និងលោក ហ៊ុន ម៉ាណែត បង្ហាញព័ត៌មាននិងរងការសួរចម្លើយដោយផ្ទាល់ពីតុលាការ នេះជាឱកាសដ៏ថ្លៃថ្លាបំផុតដែលពិភពលោកនិងបានស្តាប់ចម្លើយរបស់រដ្ឋាភិបាលដោយចោទសួរដោយតុលាការឯករាជ្យពិតប្រាកដអំពីរឿងរំលោភសិទ្ធិមនុស្សនៅកម្ពុជា”។

លោក មូរតុន ក្លា ឲ្យដឹងទៀតថា លោកហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត បានទទួលដីកាពីតុលាការរួចហើយ។ លោកថា គូភាគីដែលទទួលបានដីកា ត្រូវបង្ហាញខ្លួននៅពេលបើកសវនាការ។ លោកបញ្ជាក់ថា បើភាគីមិនព្រមចូលខ្លួនតាមដីកានោះទេ តុលាការមានសិទ្ធិចាប់បង្ខំឲ្យភាគីចូលមកបំភ្លឺ ក្នុងករណីមិនព្រមចូលខ្លួន។

ពាក់ព័ន្ធទៅនឹងករណីនេះដែរ ក្រោយពីសវនាការភរិយារបស់លោក មាជ សុវណ្ណារ៉ា ដែលជាដើមបណ្ដឹងក្នុងរឿងក្ដីនេះបាននិយាយតាមរយៈវីដេអូឃ្លីបបង្ហោះជាសាធារណៈ ដោយសម្តែងការសាទរចំពោះសម្រេចរបស់តុលាការក្រុងឡូសអែនជឺឡេសនេះ៖ អ្វីដែលនាងខ្ញុំចង់ជូនដំណឹងដល់បងប្អូនខ្មែរ ជាពិសេសបងប្អូនខ្មែរនៅក្នុងប្រទេសកម្ពុជា១៥លាននាក់ ហើយទំាងបងប្អូនខ្មែរទំាងក្នុងប្រទេសនិងក្រៅប្រទេសទំាងអស់ជាពិសេសបងប្អូនដែលនៅជុំវិញពិភពលោក អ្នកស្នេហាជាតិកំពុងតែរង់ចំាស្តាប់ដំណឹងសវនាការរបស់នាងខ្ញុំនៅថ្ងៃនេះ គឺយើងបានជោគជ័យហើយដំណាក់កាលទី១ អ្វីដែលពួកយើងត្រូវការឯកសារគ្រប់យ៉ាងគឺរដ្ឋាភិបាលខ្មែរ និងលោកហ៊ុន ម៉ាណែត ត្រូវតែផ្តល់មកឲ្យចៅក្រមគ្រប់រឿងទំាងអស់”។

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាលោក សុខ ឥសាន ប្រសាសន៍ថា លោកមិនចាប់អារម្មណ៍ តុលាការអាមេរិកសម្រចបន្តនីតិវិធីពាក់ព័ន្ធនឹងសំណុំរឿងលោក ហ៊ុន សែន និងកូនប្រុសលោក ហ៊ុន ម៉ាណែត នោះទេ ដោយលោកថា តុលាការអាមេរិកមិនអាចមានយុត្តាធិការលើអធិបតេយ្យភាពរបស់កម្ពុជាបានទេ៖ តុលាការក្រៅប្រទេសវាមានយុត្តាធិការឯណាមានគ្របដណ្តប់មកលើកម្ពុជា ខ្ញុំចេះតែឆ្ងល់ដែរ ឥឡូវយើងចំាមើល តើមានឥទ្ធិពលអីមកគ្របដណ្តប់ដល់អធិបតេយ្យភាពកម្ពុជាយើង”។

ក្រុមមេធាវីអន្តរជាតិដែលការពារលោក សុវណ្ណារ៉ា បានលើកឡើងថា “ភេរវកម្មអន្តរជាតិ” ស្ថិតក្រោមច្បាប់ប្រឆាំងភេរវកម្មរបស់អាមេរិក ដោយសារតែមានការចោទប្រកាន់ថាធ្វើទារុណកម្មលើលោក សុណ្ណារ៉ា ដែលមានសញ្ជាតិអាមេរិក កំពុងជាប់ពន្ធនាគារនៅកម្ពុជា។ ក្នុងពាក្យបណ្តឹងពន្យល់ថា ច្បាប់អាមេរិកឲ្យនិយមន័យ “ភេរវកម្មអន្តរជាតិ” ថា ជាទង្វើហិង្សាឬសកម្មភាពដែលគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សដែលរំលោភច្បាប់ព្រហ្មទណ្ឌអាមេរិកឬច្បាប់នៃរដ្ឋណាមួយ។

មេធាវីលោក មាជ សុវណ្ណារ៉ា បញ្ជាក់ថា បណ្តឹងរបស់លោកផ្តោតលើករណី អង្គរក្សលោក ហ៊ុន ម៉ាណែត ចាប់បោក លោក ផល ហេរ បណ្តាលឲ្យរងរបួសឆ្អឹងខ្នង កាលពីថ្ងៃទី៩ ខែមេសា ខណៈមន្ត្រីតុលាការរូបនោះយកដីកាជូនលោក ហ៊ុន ម៉ាណែត ពេលគាត់ទៅអាមេរិក។ លោកថា អំពើហិង្សានេះបានរំលោភលើច្បាប់រដ្ឋកាលីហ្វ័រញ៉ា និងរំលោច្បាប់ជាតិសហរដ្ឋអាមេរិកផង។ ប៉ុន្តែលោកថា ក្រុមមេធាវីលោក ហ៊ុន ម៉ាណែត ទាត់ចោលបណ្តឹងនេះ ដោយអះអាងថា មិនត្រឹមត្រូវតាមនីតិវិធី។

លោកមេធាវី ហុង គឺមសួរ បានពន្យល់តាមនីតិវីធីច្បាប់ជាទូទៅថា បើបុគ្គលណាមួយបានប្រព្រឹត្តបទល្មើស ” ភេរវកម្មអន្តរជាតិ” តុលាការអន្តរជាតិមានសិទ្ធិយកសំណុំរឿងនោះទៅជម្រះបាន ដើម្បីការពារសិទ្ធិប្រជាពលរដ្ឋទូទៅក្នុងពិភពលោក៖ “ទាក់ទងនឹងបទល្មើស ភេរវកម្មអន្តរជាតិ  ដែនសមត្ថកិច្ច ដែនយុត្តាធិការដែលតុលាការគេមានសមត្ថកិច្ច គេអាចយករឿងទំនាក់ទំនងទៅប្រទេសណាមួយទៅកាត់ (ជម្រះក្តី) បានបើវាទាក់ទងទៅនិងអន្តរជាតិ ព្រោះភេរវកម្មអន្តរជាតិ វាមានបណ្តាញរបស់វាលើពិភពលោក វាមានទំនាក់ទំនងគ្នានិយាយគេការពារសុវត្ថិភាពមនុស្សលោក ការពារសុវត្ថិភាពមួយៗដែលជាសមាជិករបស់អង្គការសហប្រជាជាតិដែលគេចុះកិច្ចព្រមព្រៀង សន្ធិសញ្ញាជាមួយគ្នាកន្លងមក”

អ្នកវិភាគឯករាជ្យលោក អ៊ូ វីរៈ យល់ថា ដំណាក់កាលនេះ រដ្ឋាភិបាលនិងលោក ហ៊ុន ម៉ាណែត គួរតែតតំាងគ្នាជាមួយដើមបណ្តឹង ដោយលោកថា បើមិនតតំាងគ្នាទេ រដ្ឋាភិបាលអាចនឹងចាញ់ក្តីលោក   មាជ សុណ្ណារ៉ា ហើយនឹងមានបញ្ហានៅពេលទៅសហរដ្ឋអាមេរិកនៅថ្ងៃក្រោយ៖ “បើទៅជាប់ហើយនៅសហរដ្ឋអាមេរិក អត់មានអីដែលធំជាងតុលាការទេ បើទោះបីជាប្រធាធិបតីគេថាកុំឲ្យប៉ះពាល់រឿងនយោបាយ ក៏ប្រធានាធិបតីសហរដ្ឋអាមេរិកក៏គ្មានអំណាចលើប្រព័ន្ធតុលាការគេដែរ យើងចង់និយាយថាទំនាក់ទំនងតាមទូត ឬមួយតាមប្រធានាធិតីឬមួយតាមស្អី គឺទៅអត់រួចទេ”។

គួររំលឹកថា មន្ត្រីគណបក្សសង្គ្រោះជាតិ លោក មាជ សុវណ្ណារ៉ា ដែលមានសញ្ជាតិអាមេរិក បានដាក់ពាក្យបណ្តឹងនៅអាមេរិកប្រឆាំងនឹងលោក ហ៊ុន ម៉ាណែតនិងរដ្ឋាភិបាលកម្ពុជា ដោយចោទពីបទ”ធ្វើភេរវកម្ម”និង”ធ្វើទារុណកម្មតាមរយៈការឃុំខ្លួនស្រេចតែអំពើចិត្ត ក្រៅច្បាប់និងរយៈពេលយូរ”។ ក្នុងពាក្យបណ្តឹងនោះ លោក សុវណ្ណារ៉ា បានបញ្ជាក់ថា លោក ហ៊ុន ម៉ាណែត ជាអ្នកទទួលខុសត្រូវចំពោះអំពើហិង្សាដែលបានកើតឡើងនៅទីលានប្រជាធិបតេយ្យ កាលពីខែកក្កដា ឆ្នាំ២០១៤ និងនាំឲ្យមានការចាប់ខ្លួននិងកាត់ទោសលោកឲ្យជាប់ពន្ធនាគារ២០ឆ្នាំ ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ