ស្ត្រី​២​នាក់​អះ​អាង​ថា មិន​បាន​ប្រព្រឹត្ត​ឃាតកម្ម​សម្លាប់​បង​ប្រុស​មេដឹកនាំ​កូរ៉េ​ខាង​ជើង

ស្ត្រី​២​នាក់ ដែល​ត្រូវ​បាន​ចោទ​ថា​បាន​សម្លាប់​បង​ប្រុស​មេដឹកនាំ​កូរ៉េ​ខាង​ជើង លោក គីម ជុងអ៊ុន នោះ បាន​ឆ្លើយ​ថា ពួក​គេ​មិន​បាន​ប្រព្រឹត្ត​អំពើ​ឃាតកម្ម ដូច​ទៅ​នឹង​ការ​ចោទ​ប្រកាន់​ដោយ​តុលាការ​ម៉ាឡេស៊ី​នោះ​ឡើយ។ នេះ​ដោយ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​​ទីភ្នាក់ងារ​ព័ត៌មាន AFP និង​សារព័ត៌មាន​សិង្ហបុរី Channel News Asia។

ស្ត្រី​ជន​ជាតិ​ឥណ្ឌូនេស៊ីឈ្មោះ Siti Aisyah និង​នារី​ជន​ជាតិ​វៀតណាម​ឈ្មោះ Doan Thi Huong ត្រូវ​បាន​ចោទ​ប្រកាន់​ថា បាន​ធ្វើ​ឃាត​លោក គីម ជុងណាម នៅ​ឯ​ព្រលាន​យន្ត​អន្តរជាតិ​ទីក្រុង​គួឡាឡំពួ​កាល​ពី​ថ្ងៃ​ទី​១៣ ខែ​កុម្ភៈ​ក្នុង​ឆ្នាំ​នេះ តាម​រយៈ​ការ​ខ្ទប់​មុខ​ជន​រង​គ្រោះ​ជាមួយ​ថ្នាំ​គីមី​ពុល VX ជា​ថ្នាំ​គីមី​ដែល​អង្គការ​សហ​ប្រជាជាតិ​ហាម​ឃាតិ។

ការ​ចោទ​ប្រកាន់​នោះ ត្រូវ​បាន​គេ​ប្រកាស​ប្រាប់​ទៅ​នារី​ឈ្មោះ Aisyah ជា​ភាសា​ឥណ្ឌូនេស៊ី ខណៈ​ដែល​នាង​ស្ថិត​ក្នុង​សម្លៀក​បំពាក់​ប្រពៃណី​ម៉ាឡេស៊ី។ បន្ទាប់​ពីជជែក​ជាមួយ​អ្នក​បក​ប្រែ អ្នក​បក​ប្រែ​នោះ​បាន​បញ្ជាក់​ថា នាង​បាន​ឆ្លើយ​ថា មិន​បាន​ប្រព្រឹត្ត​នោះ​ឡើយ។

ការ​ចោទ​ប្រកាន់​នោះ ក៏ត្រូវ​​បាន​គេ​អាន​ជា​ភាសា​វៀតណាម​ឲ្យ​នារី​ឈ្មោះ Huong ស្ដាប់​ផង​ដែរ។ អ្នក​បក​ប្រែ​ឲ្យ​នាង បាន​ប្រាប់​ផង​ដែរ​ថា នារី​រូប​នោះ បាន​និយាយ​ថា នាង​មិន​បាន​ប្រព្រឹត្ត​ខុស​នោះ​ឡើយ។

ជន​ជាប់​ចោទ​ទាំង ២ ត្រូវ​បាន​ចាប់​ខ្លួន​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ ក្រោយ​ពី​ការ​ស្លាប់​របស់​លោក គីម ជុងណាម កាល​ពី​ថ្ងៃ​ទី​១៣ ខែ​កុម្ភៈ នៅ​ពេល​ដែល​លោក​រង់ចាំ​ឡើង​យន្ត​ហោះ​ចេញ​ដំណើរ​ពី​ព្រលាន​យន្ត​ទីក្រុង​គួឡាឡំពួ ទៅ​ទីក្រុង​ម៉ាកាវ។

លោក គីម បាន​ស្លាប់​ទាំង​ឈឺ​ចាប់​បំផុត​ប្រហែល ២០​នាទី​ក្រោយ​ពី​រង​ការ​វាយ​ប្រហារ ដែល​ការវាយ​ប្រហារ​នោះ ត្រូវ​បាន​ថត​បាន​ដោយ​កាមេរ៉ា​សុវត្ថិភាព​នៅ​ក្នុង​ព្រលាន​យន្តហោះ។ ថ្នាំ​គីមី​ពុល VX ត្រូវ​បាន​គេ​រក​ឃើញ​ប្រើ​ប្រាស់​សម្រាប់​បំពុល​លោក គីម ដែល​ថ្នាំ​ពុល​នោះ ធ្វើ​ឲ្យ​ប្រព័ន្ធ​សរសៃរ​ឈាម​របស់​មនុស្ស​ខូច​ខាត​ភ្លាមៗ។

ឃាតកម្ម​នោះ បង្ក​ឲ្យ​មាន​ជម្លោះ​កាទូត​ដ៏​ស្រួច​ស្រាវ​រវាង​កូរ៉េ​ខាង​ជើង និង​ម៉ាឡេស៊ី ដែល​ជា​សម្ព័ន្ធ​មិត្ត​មួយ​របស់​របប​ក្រុង​ព្យុងយ៉ាង ចំ​ពេល​ពិភព​លោក​ព្រួយ​បារម្ភ​អំពី​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ និង​គ្រាប់​មីស៊ីល​របស់​រដ្ឋ​ឯកោ​មួយ​នេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ