នាយករដ្ឋមន្ដ្រី៖ ដោយសារយើងសម្រុកទៅទិញបន្លែគីមី ទើបមានអ្នកលក់

លោកនាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន (FB: លោក ហ៊ុន សែន)

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅ​ថ្ងៃ​នេះ បានស្ដីបន្ទោសទៅលើ​ពលរដ្ឋ ចំពោះ​ការប្រើប្រាស់បន្លែ​មានសារធាតុគីមី ប៉ុន្តែលោក​ប្រាប់​ទៅ​ពលរដ្ឋ​ កុំ​ឲ្យ​បន្ទោស​លើ​រដ្ឋាភិបាល​ចំពោះ​ការ​នាំ​ចូល​បន្លែ​ផ្ទុក​ទៅ​ដោយ​សារធាតុ​គីមី។

ក្នុងពិធីសម្ពោធសណ្ឋាគារមួយ​នៅឯ​ខេត្តសៀមរាប​នៅ​ព្រឹក​ថ្ងៃនេះ លោក ហ៊ុន សែន បានថ្លែ​ង​ថា កន្លងមក ពលរដ្ឋតែងតែបន្ទោសរដ្ឋាភិបាលពីការមិនយកចិត្តទុកដាក់ពិនិត្យមើលបន្លែផ្លែឈើមានសារធាតុគីមី ដែលធ្វើឲ្យប៉ះពាល់ដល់សុខភាពរបស់ពលរដ្ឋ ប៉ុន្តែលោកថា បញ្ហានេះមិនមែនមកពីរដ្ឋាភិបាល​នោះ​ទេ។

លោក ហ៊ុន សែន ថ្លែង​ថា​៖ «ខ្ញុំសូមផ្ដាំផ្ញើត្រឡប់ទៅវិញថា សូ​មមេត្តាកុំទិញនូវអ្វីដែលមានជាតិគីមីទៅ វាចប់បាត់ហើយ វានៅត្រង់កន្លែងហ្នឹង ដោយសារតែយើងសម្រុកទៅទិញអាគីមីហ្នឹង ដូច្នេះគេចេះតែលក់តទៅទៀត រួចហើយចេះតែមកចោទរដ្ឋាភិបាល ហើយខ្លួនឯងអ្នកទទួលទាន ម៉េចក៏មិនមើលផង! រួចចេះតែចោទរដ្ឋាភិបាលថា ទុកឲ្យអ្នកនោះផលិតដោយដាក់ជីគីមីច្រើន ឬ​ក៏មានការនាំចូលបន្លែបង្កាដោយមានគីមីច្រើន ចុះមានយើងអ្នកទៅទិញ កុំទិញវាមានម៉េច អាហ្នឹងមិនមែនរបស់យើងយកទៅចែកណា»។

វីអូឌីមិនអាចទាក់ទងអ្នកនាំពាក្យក្រសួងសុខាភិបាល​ លោក លី សូវ៉ាន់ បានទេ ដោយទូរសព្ទចូល​ហើយ ប៉ុន្តែ គ្មាន​អ្នកទទួល​ទូរសព្ទ​នោះ​ឡើយ។

អតីត​ប្រធាន​អង្គការ​កសិកម្ម​សេដាក លោក​បណ្ឌិត យ៉ង់ សាំងកុមារ យល់ថា បញ្ហានេះជាការ​ទទួលខុសត្រូវរបស់រដ្ឋាភិបាល ហើយមិនត្រូវបន្ទោសប្រជាពលរដ្ឋនោះទេ។

លោក៖ «គាត់ត្រូវបន្ទោសក្រសួង ឬក៏មន្ត្រីជំនាញរបស់គាត់ដែរ ព្រោះជាផ្នែកមួយនៃការទទួលខុសត្រូវរបស់រដ្ឋាភិបាលដែរ ក្នុងការដឹកនាំឲ្យកសិករចេះដាំ ចេះផលិតបន្លែសុវត្ថិភាព​ ដើម្បីយកមកលក់នៅទីផ្សារ។ ទី២ ធ្វើការត្រួតពិនិត្យធ្វើយ៉ាងម៉េចកុំឲ្យមានផលិតផលដែលមានសារធាតុគីមីច្រើនមកចរាចរណ៍លើទីផ្សារ»។

អ្នក​ជំនាញ​កសិកម្ម​រូប​នេះ បាន​អំពាវ​នាវ​ទៅរដ្ឋាភិបាល ឲ្យជួយដោះស្រាយបញ្ហានេះ  ដោយដាក់មន្រ្តីជំនាញផ្នែកកសិកម្មចុះទៅអប់រំប្រជាពលរដ្ឋអំពីការផលិតបន្លែ​ដោយមិនឲ្យប្រើសារធាតុគីមី និងត្រូវត្រួតពិនិត្យ​ឲ្យបានតឹងរឹង លើ​បន្លែដែលនាំចូលពីប្រទេសជិតខាងមកលក់កម្ពុជា។

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឲ្យដឹង​កាល​ពី​ថ្ងៃ​ទី​២៧ ខែ​កញ្ញា​ថា កម្ពុជាបាន​ចំណាយថវិកាជាង ២០០លានដុល្លារអាមេរិកសម្រាប់នាំ​ចូល​បន្លែពីបរទេស ដើម្បីយកមកផ្គត់ផ្គង់តម្រូវការក្នុងស្រុក ដោយ​ភាគ​ច្រើន​នាំ​ចូល​ពី​ប្រទេស​វៀតណាម។​

បើតាមរបាយការណ៍អង្គការ USAID របស់អាមេរិក បានបង្ហាញថា ពលរដ្ឋកម្ពុជាជាង ៧០ភាគរយកំពុងប្រកបរបរកសិកម្ម ប៉ុន្តែកសិករអាចដាំបន្លែបានតែ១ភាគ៣ នៃតម្រូវការទីផ្សារ ដោយសារបញ្ហាផ្សេងៗ។

អង្គការ​សុខភាព​ពិភព​លោក (WHO) បាន​លើក​ឡើង​នៅ​ក្នុង​របាយការណ៍​សុវត្ថិភាព​ចំណី​អាហារ​ថា ចំណី​អាហារ​ផ្ទុក​ទៅ​ដោយ​សារធារ​ពុល​ប្រកប​ដោយ​គ្រោះ​ថ្នាក់ ដូច​ជា​មេរោគ បាក់តេរី បារ៉ាស៊ីត ឬ​សារធាតុ​​គីមី បង្ក​នូវ​ជំងឺ​ជាង ២០០​ប្រភេទ រាប់​ចាប់​តាំង​ពី​រាគ​រូស​រហូត​ដល់​ជំងឺ​មហារីក។

របាយការណ៍​អង្គការ​សុខភាព​ពិភ​លោក​កាល​ពី​ឆ្នាំ​២០១៥ បាន​ឲ្យ​ដឹង​ថា ប្រជាជន​ប្រហែល ៦០០​លាន​នាក់ ឬ​ម្នាក់​ក្នុង​ចំណោម ១០​នាក់ នៅ​លើ​ពិភព​លោក បាន​ធ្លាក់​ខ្លួន​ឈឺ បន្ទាប់​ពី​បរិភោគ​ចំណី​អាហារ​​ផ្ទុក​ដោយ​សារធាតុ​ពុល។

របាយការណ៍​ WHO បាន​ឲ្យ​ដឹង​ទៀត​ថា មនុស្ស​យ៉ាង​ហោច​ណាស់ ៤២​ម៉ឺន​នាក់ បាន​ស្លាប់​នៅ​រៀង​រាល់​ឆ្នាំ នៅ​ក្នុង​ចំណោម​ពលរដ្ឋ​​ពុល​ចំណី​អាហារ​ប្រហែល ៦០០​លាន​នាក់​នៅ​រៀង​រាល់​ឆ្នាំ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ