លោក ហ៊ុន សែន៖ គេលើកដៃប្រហារជីវិតខ្ញុំ ឯខ្ញុំគ្រាន់តែអនុវត្តច្បាប់ ម៉េចក៏ខ្ញុំធ្វើមិនបាន

លោកនាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន (FB: លោក ហ៊ុន សែន)

មេដឹកនាំគណ​បក្សប្រជាជនកម្ពុជា លោក ហ៊ុន សែន បានថ្លែងការពារជាថ្មីទៀត ជុំវិញចំណាត់​ការរបស់​រដ្ឋាភិបាលនិងតុលាការ​ លើសំណុំរឿងចាប់និងឃុំខ្លួនមេបក្សប្រឆាំង លោក កឹម សុខា ខណៈ​សហគមន៍អន្តរជាតិ​ជាច្រើន ​ថ្កោល​ទោស​ករណី​នេះជា​បន្ត​បន្ទាប់។

ថ្លែងក្នុងពិធីមួយនៅខេត្តសៀមរាប នៅថ្ងៃទី២ខែតុលា លោក ហ៊ុន សែន មានប្រសាសន៍​ថា មានបុគ្គលមួយចំនួន ធ្លាប់​ដាក់​បង្កៃគ្រាប់បែក​នៅខេត្ត​សៀម​រាប ដើម្បីប៉ុនប៉ងសម្លាប់រូបលោក ខណៈបុគ្គលមួយចំនួនទៀត រៀប​ចំផែន​កា​រ​​​ផ្តួ​ល​រំលំ​រដ្ឋាភិ​បាល​ស្រប​ច្បាប់​​​។ ករណី​នេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទំន​ង​​ជាសំដៅលើលោក កឹម សុខា ដែល​តុលាការចោទថា ក្បត់​ជាតិ​។

លោក ហ៊ុន សែន បញ្ជាក់ថា រដ្ឋាភិបាល ត្រូវយកច្បាប់ទៅអនុវត្តចំពោះ​បុគ្គល ដែលលោកចោទថាបានប្រព្រឹត្តអំពើក្បត់ជាតិ​ ដើម្បីការពារសន្តិសុខជាតិ ដែលប្រការនោះ មិនមានអ្វីខុសច្បាប់នោះទេ​។

លោកថ្លែងថា៖ «គេលើកដៃប្រហារជីវិតខ្ញុំ តាមរយៈដាក់បង្កៃគ្រាប់បែកចំនួន៤គ្រាប់​ ដែលអាច​ថា គ្មានឆ្អឹង គ្មានឆ្អែងទេ បើសិនជាវាផ្ទុះទំាង៤គ្រាប់ ម៉េចក៏គេធ្វើបាន​ ឯខ្ញុំគ្រាន់តែអនុវត្តច្បាប់​ដែលមាន ដែលច្បាប់​បានចែងថា អំពើក្បត់ជាតិ វាត្រូវ​មានទោសបែបណា ម៉េចក៏ខ្ញុំធ្វើមិនបាន ហើយខ្ញុំធ្វើ​មិន​មែន​ដើម្បីជី​វិត​ខ្ញុំតែ​ម្នាក់ទេ ដើម្បីសេចក្តីសុខរបស់ប្រទេសមួយ ប្រជាជាតិមួយ ហើយក៏ដើម្បី​ឯករាជ្យ អធិបតេយ្យរបស់​ប្រទេស​មួយដែរ នេះជាចំណុច​ដែលត្រូវ​ចោទសួរ ប៉ុន្តែយើងនៅតែបន្តធ្វើ ដោយគ្មានការរុញរា គ្មានញ​ញើ​ត​ជា​មួយអ្វីទំាងអស់​…»។

​កាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៧ សាលាឧទ្ធរណ៍ បានបង្គាប់ឲ្យបន្តឃុំខ្លួនមេដឹកនាំបក្សប្រឆាំង លោក កឹម សុខា ដូចសាលាដំបូងរាជធានីភ្នំពេញដែរ ដោយសម្រេចច្រានចោល​​បណ្តឹង​ជំទាស់​របស់​ក្រុម​មេធាវី​​​ការពារក្តីឲ្យលោក កឹម សុខា ខណៈមេធាវីអះអាងថា ការសម្រេចរបស់តុលាការ ធ្វើ​ដោយ​បំពាន​ច្បាប់​​និ​ងរំលោភអភ័យឯកសិទ្ធិសភា។

អ្នកវិភាគនយោបាយ លោក ឯម សុវណ្ណារ៉ា វិភាគថា កម្តៅនយោបាយនៅពេលនេះ ហាក់ពិ​បាក​នឹ​ង​និយាយថា ច្រកចេញតាមផ្លូវណាមួយពិតប្រាកដ នៅពេលដែលរដ្ឋាភិបាលកម្ពុជា ព្យា​យាម​ពន្យ​ល់​​ថា ការ​ចាប់ខ្លួន លោក កឹម សុខា និងចំណាច់ការមួយចំនួនថា ជាវិធានការច្បាប់ ខណៈ​សហ​គម​ន៍​​អន្តរ​ជា​តិ​គ្មាន​ជំនឿលើប្រព័ន្ធច្បាប់នៅកម្ពុជានោះ។

​អ្នកវិភាគរូបនោះ វិភាគទៀតថា ស្ថានការណ៍នយោបាយនៅពេលនេះ មានតែសហគមន៍អន្តរជាតិទេ ទើបអាចជំ​រុញ​​​ឲ្យរដ្ឋាភិបាលងា​ក​ ទៅ​បើ​​កលំហូប្រជា​ធិបតេយ្យឡើងវិញបាន។

លោកថា៖ «ភាគីរដ្ឋាភិបាលកម្ពុជា និងសហគមន៍អន្តរជាតិហ្នឹង អង្គុយតុជាមួយគ្នា ចរចាគ្នានូវអ្វី ដែលយល់មិនដូចគ្នា អញ្ចឹងមធ្យោបាយតែមួយ តាមការចរចាហ្នឹង គឺវាប្រសើជាងអ្វីទាំងអស់ ហើយបើសិនជាគ្រាន់តែសម្តែងមតិ ប្រតិកម្មចុះប្រតិកម្មឡើង វាអត់មានស្អីចេញរួចទេ ច្រកនយោបាយកម្ពុជានៅតែតានតឹង ហើយអ្វី ដែលអូសបន្លាយកាន់តែយូរ រឿងរាវកើតឡើងកាន់តែច្រើនកម្ពុជា ជាអ្នកខាតបង់ មិនមែនសហគមន៍អន្តរជាតិទេ»។

ប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា​ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ បានបង្គាប់ឲ្យឃុំខ្លួននៅ​ព​ន្ធ​​នា​​គារ​​​ត្រ​ពាំងផ្លុង ខេត្តត្បូងឃ្មុំ កាលពីដើមខែកញ្ញា ដោចោទថា «ក្បត់​ជាតិ​»។

ទោះ​ជាយ៉ាងណា ការចាប់ខ្លួន លោក កឹម សុខា រដ្ឋាភិបាល អះអា​ង​ថា​​​ ជា​វិធានការច្បាប់។ ​ប៉ុន្តែបក្សប្រឆាំង និងសហ​គ​ម​ន៍​​​​​​អន្តរជាតិ រួមមានស​ហ​ភា​ព​អឺរុប បារាំង អាលឺម៉ង់ និងសហ​រដ្ឋអាមេរិកផងនោះ ​ហៅ​​ការចាប់​ខ្លួន​នេះ​ថា ជា​​ការ​គាំរាម​កំហែ​ងផ្នែកន​យោ​​បា​​​យ និងទាមទារឲ្យដោះ​លែង​ជា​បន្ទាន់​ ដោយថា ដើម្បីឲ្យ​ដំ​ណើ​​​រការ​បោះ​​​ឆ្នោ​​​តខាងមុខ ដំណើរការទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ