អនុប្រធានគណបក្សសង្គ្រោះជាតិ បានប្រតិកម្មទៅនឹងសម្តេចក្រុមព្រះ ដោយស្នើសុំទៅព្រះអង្គថា បើមិនធ្វើអ្វីឲ្យរីកចំរើនដល់លិទ្ធិប្រជាធិបតេយ្យនៅកម្ពុជាទេ សូមកុំមកបំផ្លាញ។ ប្រតិកម្មនេះ គឺធ្វើឡើងបន្ទាប់ពីសម្តេចក្រុមព្រះ កំពុងពិចារណា ក្នុងការដាក់ពាក្យបណ្តឹង ទៅតុលាការជាន់ខ្ពស់ ដើម្បីសុំរំលាយគណបក្សសង្គ្រោះជាតិ។
នៅក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃទី១ ខែតុលា ឆ្នាំ២០១៧ ម្សិលមិញ សម្តេចក្រុមព្រះ នរោត្តម រណឬទ្ធិ បានសម្រេចឲ្យអនុប្រធានរបស់ព្រះអង្គ គ្រោងដាក់ពាក្យប្តឹងទៅតុលាការ ដើម្បីស្នើសុំរំលាយគណបក្សសង្គ្រោះជាតិ និងដោយថា សំអាងលើច្បាប់ស្តីពីបក្សនយោបាយ បន្ទាប់ពីតុលាការចាប់ខ្លួននិងឃុំខ្លួន លោក កឹម សុខា។ ការស្នើនេះ ក៏ត្រូវបានធ្វើឡើង បន្ទាប់ពីព្រះអង្គ គាំទ្ររាល់ចំណាត់ការទាំងអស់របស់រដ្ឋាភិបាលលោក ហ៊ុន សែន។
អនុប្រធានគណបក្សសង្គ្រោះជាតិ លោកស្រី មូរ សុខហួរ ថ្លែងបែបនេះ ក្នុងពិធីជួបសំណេះសំណាលជាមួយសកម្មជនបក្សសង្គ្រោះជាតិ នៅខេត្តសៀមរាប កាលពីថ្ងៃទី១ខែតុលា ម្សិលមិញ ដោយ លោកស្រីបានបង្ហាញការសោកស្តាយ ចំពោះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច សម្តេចក្រុមព្រះ នរោត្តមរណឬទ្ធិ ដែលមានបំណងចង់ចូលរួមដាក់ពាក្យបណ្តឹង សុំរំលាយគណបក្សសង្គ្រោះជាតិ ទៅតុលាការ ដោយ លោកស្រីថា បើព្រះអង្គមិនបានជួយធ្វើលិទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ឲ្យរីកចំរើននោះទេ សុំកុំបំផ្លាញ។
លោកស្រីថា៖ «[…]ព្រះអង្គយាងទៅណា យើងខ្ញុំចាំគោរព ចាំថ្វាយបង្គំ តែបើសិនជាព្រះអង្គចូលរួមនូវក្នុងការឲ្យមានការបំបែកជាតិយើង ចូលរួមក្នុងការសម្លាប់អ្នកប្រជាធិបតេយ្យ យកអ្នកប្រជាធិបតេយ្យ ចូលទៅក្នុងពន្ធនាគារ។ ព្រះអង្គអត់មានបន្ទូលអីមួយម៉ាត់ ថាឲ្យដោះលែងលោកប្រធាន កឹម សុខា ព្រះអង្គអត់មានបន្ទូល អីមួយម៉ាត់ថា អាណិតជាតិយើង យ៉ាងហោចណាស់ កុំមកបំផ្លាញលិទ្ធិប្រជាធិបតេយ្យនៃប្រទេសកម្ពុជាយើង[…]»។
អ្នកនាំពាក្យ គណបក្សគណបក្សហ្វ៊ុនស៊ិនប៉ិច លោក ញ៉េប ប៊ុនជិន ប្រាប់វីអូឌីថា គណបក្សលោកគ្មានមូលហេតុអ្វី ក្នុងការបំផ្លាញលិទ្ធិប្រជាធិបតេយ្យនៅកម្ពុជានោះទេ។ លោក បានវាយបកទៅបក្សប្រឆាំងវិញថា លិទ្ធិប្រជាធិបតេយ្យ ដែលគណបក្សសង្គ្រោះជាតិ បានធ្វើចាប់តាំងឆ្នាំ២០១៣ទៅវិញទេ ដែលលោកកត់សំគាល់ថា មិនបានអ្វីទាល់តែសោះ។
លោកថា៖ « សួរថាគាត់៥៥កៅអី គាត់មកប្រាប់យើងថា ឲ្យនៅស្ងៀមទៅបើមិនបានធ្វើអី ពាក្យអញ្ចឹងៗគាត់មិនត្រូវនិយាយទេ! យើងជួយជាតិច្រើនណាស់ពី៩៣ មកដល់បច្ចុប្បន្នហ្នឹង។ ប៉ុន្តែសួរថា គាត់បានធ្វើអីខ្លះក្រៅតែពីគេយកតំណាងរាស្ត្រ ក្រៅពីគេយកតំណាងរាស្ត្រម្នាក់ដែលមានមនុស្សគាំទ្រជាង៥ម៉ឺននាក់ទាល់ដូចបាល់។ សម្តេចក្រុមព្រះ នៅជាប្រធានរដ្ឋសភាថ្លៃថ្នូរណាស់! សុំទោសណា យើងមិនមែនថាខាងណា ខាងណីទេ យើងបន្ទោសថា យើងមិនធ្វើទេ នៅឲ្យស្ងៀម។ ខុសហើយៗ សុំជម្រាបជូនថាគណបក្សហ្វ៊ុនស៊ិនប៉ិច បម្រើជាតិមកដល់ធំប៉ុនហ្នឹង មកទល់សព្វថ្ងៃមានប្រឆាំង មានវីអូឌី មានបារាំង អីហ្នឹងដោយសារ៩៣ ហ្នឹង! »។
ទោះជាយ៉ាងណា លោក ញ៉េប ប៊ុនជិន ថាជំហរក្នុងការប្តឹងសុំរំលាយបក្សសង្គ្រោះជាតិនៅពេលនេះ គណបក្សកំពុងប្រជុំពិភាក្សាគ្នាជាមុនសិន ដោយថា សេចក្តីសម្រេចយ៉ាងណានោះ គណបក្សនឹងជូនដំណឹងនៅពេលក្រោយ។ លោក បញ្ជាក់បន្ថែមថា ការសម្រេចរបស់គណបក្សហ្វ៊ុនស៊ិនប៉ិចពេលនេះ ពុំបានទទួលរងការបញ្ជារពីខាងណា ឬដើម្បីសងសឹកទៅលើគណបក្សសង្គ្រោះជាតិនោះទេ ដោយថា គណបក្សលោកចង់ឃើញយុត្តិធម៌មួយសម្រាប់កម្ពុជា។
ក្រៅតែពីគំរោងប្តឹងរបស់គណបក្សហ្វ៊ុនស៊ិនប៉ិចពេលនេះ កាលពីថ្ងៃទី១ ខែតុលា ម្សិលមិញ គណបក្សយុវជនកម្ពុជារបស់លោក ពេជ្រ ស្រស់ ក៏ថាគ្រោងដាក់ពាក្យប្តឹងសុំរំលាយបក្សសង្គ្រោះជាតិដូចគ្នា។
ករណីនេះ មន្ត្រីផ្នែកច្បាប់ និងអង្កេតនៃអង្គការឃ្លាំមើលការបោះឆ្នោតនៅកម្ពុជា លោក យឿង សុធារ៉ា មានប្រសាសន៍ថា គ្មានមូលដ្ឋានច្បាប់ណាមួយ ដែលអនុញ្ញាត្តិឲ្យគណបក្សណាមួយ អាចប្តឹងសុំរំលាយគណបក្សណាមួយផ្សេងទៀត បាននោះទេ ក្រៅពីក្រសួងមហាផ្ទៃ។
លោកថា៖ « ខ្ញុំមិនយល់ដែរថា ហេតុអីបានជាពួកគាត់មកធ្វើបែបនេះ? ប្រហែលពួកគាត់ដឹងហើយថា លទ្ធភាព ដែលប្តឹងគណបក្សមួយទៀតនោះ គឺវាមិនកើតទេដោយសារតែគាត់អត់មាន នីតិសម្បទារជាដើមបណ្តឹង ដើម្បីទៅប្តឹងគណបក្សមួយទៀត។ ខ្ញុំមិនយល់ថា ហេតុអីបានជាគណបក្សទាំងមួយ ទាំងពីរហ្នឹងគាត់ធ្វើអញ្ចឹង! ខ្ញុំមិនដឹងថា គាត់ធ្វើទៅហ្នឹងគាត់ចំណេញអីខ្លះទេ។…យ៉ាងណា វាជាសិទ្ធិរបស់គណបក្សនយោបាយ ប៉ុន្តែលទ្ធភាព ដែលគាត់ធ្វើហ្នឹង គឺធ្វើទៅមិនរួចទេ » ។
ប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ត្រូវបានសមត្ថកិច្ចចាប់ខ្លួននៅផ្ទះរបស់លោក ដោយគ្មានដីកា កាលពីរំលងអធ្រាត្រចូលថ្ងៃ០៣ ខែកញ្ញា ហើយបញ្ជូនទៅឃុំខ្លួនភ្លាមៗ នៅពន្ធនាគារត្រពាំងផ្លុង ក្នុងខេត្តត្បូងឃ្មុំ ជាប់ព្រំដែនប្រទេសវៀតណាម។
ភ្លាមៗនោះ គណបក្សប្រឆាំង បានចេញសេចក្ដីថ្លែងការណ៍ជំរុញឲ្យដោះលែង លោក កឹម សុខា ដោយគ្មានលក្ខខណ្ឌ និងបានហៅការចាប់មេបក្សខ្លួន ថា ជាការរំលោភបំពានអភ័យឯកសិទ្ធិសភា និងគាបសង្កត់ផ្នែកនយោបាយ។
ជាមួយគ្នានោះ តំណាងអង្គការសហប្រជាជាតិ និងស្ថានទូតធំៗរួមមាន អង់គ្លេស អូស្ត្រាលី អាមេរិក និងសហភាពអឺរ៉ុប និងប្រទេសមួយចំនួនទៀត បានសម្តែងការព្រួយបារម្ភជាខ្លាំង ជុំវិញការចាប់ខ្លួនមេបក្សរូបនោះ និងបានជំរុញឲ្យរដ្ឋាភិបាលកម្ពុជា បញ្ឈប់ការគំរាមកំហែងលើគណបក្សប្រឆាំង។ ប៉ុន្តែ ប្រទេសកុំមុយនីស្តចិន បានគាំទ្រចំណាត់ការរបស់រដ្ឋាភិបាលកម្ពុជា៕