វិភាគ៖ តើផ្លូវណា ដែលកម្ពុជាចំណេញ?

លោក ហ៊ុន សែន និង លោក ហ្ស៊ី ជិនពីង ក្នុងជំនួបដំណើរទស្សនកិច្ចនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី១៣ខែតុលាឆ្នាំ២០១៦ (រូបថត៖ ពេជ្រ ចំរ៉ុង)

ស្ថានការណ៍នយោបាយនៅពេលនេះ ត្រូវបានអ្នកវិភាគមើលឃើញថា ហាក់បានដើរដល់ភាពផុយ​ស្រួ​យ​នៃ​កា​របែកបាក់ជាតិ ក្រោយមេបក្សប្រឆាំងដ៏ធំមួយត្រូវបានចាប់ខ្លួន។

ការចាប់ខ្លួនប្រធានគណបក្សសង្គ្រោះជាតិលោក កឹម សុខា ជំរុញឲ្យប្រទេស​លោក​សេរី រួមទាំងអា​មេរិ​ក​ផង បានថ្កោលទោស និងដាក់សម្ពាធឲ្យរដ្ឋាភិបាលដោះលែងវិញ ដោយថា ចំណាត់​ការនេះ ជា​ការគំរា​​ម​កំ​​ហែ​​​ង​ផ្នែកនយោបាយ ដល់ការអនុវត្តលទ្ធិប្រជា​ធិបតេ​យ្យនៅកម្ពុជា ពិ​សេ​​​សថា បានគំរាម​ដល់កា​របោះ​​​​​​ឆ្នោ​តជាតិ ឆ្នាំ២០១៨ខាងមុខ។ ប៉ុន្តែមហាអំណាចចិន បានគាំ​ទ្រចំ​ណា​ត់កា​ររបស់រដ្ឋាភិបា​លកម្ពុជា។

បើទោះបីជាប្រទេសចិន បានចេញមុខការពាររដ្ឋាភិបាលកម្ពុជាក្តី ក៏អ្នកតាមដានវិភាគ​ថា កំ​​ណើ​​នសេដ្ឋកិច្ចនិងទីផ្សារស​​​ម្រា​ប់​​លក់ផលិតផលកាត់ដេររបស់កម្ពុជា នៅប្រទេសលោកសេរី មិនមែន​មហាអំ​ណាចយ​ក្ស​ចិននោះ​ទេ។

ជាងនេះទៅទៀត សប្តាហ៍មុននេះ រដ្ឋមន្ត្រីស្តីទីក្រសួងការបរទេសកម្ពុជា លោក អ៊ុច បូររិទ្ធ បានប្រាប់​មន្ត្រី​ពាក់ព័ន្ធថា ស​ភា​​​​អាមេរិកកំពុងជំរុញរដ្ឋការ លោក ដូណាល់ ត្រាំ ឲ្យហ៊ុំព័ទ្ធសេដ្ឋកិច្ចកម្ពុជា។ លោកថា បើ​​កា​រ​​ជំរុ​ញ​នោះបានជោគជ័យ កម្ពុជាប្រឈមនឹងការបាត់បង់ទីផ្សារដ៏ធំផ្នែកលក់ផលិតផលវិស័យកាត់ដេរ។

តើអ្នកនយោបាយខ្មែរគួរដើរផ្លូវណា ដើម្បីចំណេញកម្ពុជា?

សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយ លោក សូ ចន្ថា លើកឡើងថា តាមស្មារតីនៃកិច្ចព្រ​មព្រៀ​ងសន្តិ​ភា​ពទីក្រុងប៉ារីស រដ្ឋធម្មនុញ្ញ និងកតិកាសញ្ញាផ្សេងស្តីពីសិទ្ធិមនុស្ស សិទ្ធិពលរដ្ឋ និងសិទ្ធិន​យោបាយ ដែល​ក​ម្ពុ​​ជា​​​បា​នផ្តល់សច្ចាប័ន ជាមួយអង្គការសហប្រជាជាតិនោះ លោកថា ការដា​ក់សម្ពាធ​របស់អាមរិក ជំ​​រុ​ញ​ឲ្យ​​កម្ពុ​ជា​ គោរពលទ្ធិប្រជាធិបតេយ្យនោះ លោកថា មិនខុសទេ។

ប៉ុន្តែលោក សូ ចន្ថា វិភាគថា អ្វីដែលខុសទៅនឹងរដ្ឋធម្មនុញ្ញ ហើយធ្វើឲ្យកម្ពុជាខាតបង់នោះ គឺការសម្រេ​ច​​ចិត្ត ដើរចេញពីសហគមន៍អន្តរជាតិ នៃប្រទេសលោកសេរី ហើយរត់ទៅឱបជើងមហា​អំណាចិនតែមួយ។​

លោកថា៖ «ជាយោបល់របស់ខ្ញុំ។ ខ្ញុំគិតថា ការពឹងផ្អែកតែមហាអំណាចណាមួយផ្តាច់មុខនោះ មិនមិនមែនជារឿងល្អទេ ​ហើ​យវា អាចខុសឆ្គង ទៅនឹងរដ្ឋធម្មនុញ្ញ ដែលកម្ពុជាត្រូវតែមានជំហរ អព្យាក្រិតភាពមិន​ចូលសម្ព័​ន្ធណាមួ​យនោះ»។

ប្រធានរាជបណ្ឌិត្យសភារបស់រដ្ឋាភិបាល និងជាបណ្ឌិតវិទ្យាសាស្ត្រនយោបាយ មកពីប្រទេសរុស្ស៊ី លោក សុខ ទូច ថ្លែងក្នុងកម្មវិធីតុមូលមួយ កាលពីសប្តាហ៍មុនថា ការដែលរដ្ឋាភិបាលទៅចាប់ចិន លោកថាដោ​យសារជំនួយចិនមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង។ លោក សុខ ទូច វិភាគថា ដើម្បីជំរុញការ​អភិ​វឌ្ឍផ្នែ​កឧស្សា​ហ​កម្ម​​បាន កម្ពុជា ​ត្រូវការចាំបាច់ថាមពលអគ្គិសនី ពីដៃគូមិត្តចិន។

លោកថា៖ «ចិនមិនលូកដៃចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជា។ ជំនួយរបស់ចិន ជាជំនួយគ្មានចំ​ណង។ ​ប៉ុន្តែជំនួយ​ចិនមានបំណង។ បំណងអី បំណងរ៉ែ អគ្គិសនី វាជារឿង​ធម្មតា នៃការវិនិយោ​គ។ យើងត្រូ​វការ​អគ្គិសនី ដើម្បីធ្វើបដិវត្តឧស្សាហកម្មបាន ត្រូវតែធ្វើអគ្គិសនីកម្ម»។

​​ជាការកត់សម្គាល់ ពេលសហគមន៍អន្តរជាតិ ប្រទេសលោកខាងលិច រិះគន់និងដាក់សម្ពាធឲ្យដោះ​លែ​​​ង​លោក កឹម សុខា នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន បានសរសើរមហាអំណាចចិន ហើយ​រិះគ​ន់​សហ​រដ្ឋ​អាមេរិក ពីការទម្លាក់គ្រាប់បែបលើទឹកដីកម្ពុជាពីអតីតាល ដែលលោក ហ៊ុន សែន រំឭកថា ការទម្លាប់​គ្រាប់​បែករបស់អាមេរិក បានបង្កវិនាសសកម្មដល់កម្ពុជារហូតពេលនេះ។

លោក សុខ ទូច រំឭកពីប្រវត្តិសសាស្ត្រថា មហាអំណាចចិនធ្លាប់​គាំទ្រ ប៉ុល ពត មិនគាំទ្រ​សម្តេ​ច​ព្រះ​ន​រោ​ត្តម សីហនុ បង្កឲ្យខ្មែរក្រហម សម្លាប់​មនុ​ស្សជិត​២លា​ន​នាក់​ដូ​ច​គ្នា។

ប៉ុន្តែលោក សុខ ទូច វិភាគថា ជំនួយរបស់អាមេរិកពេលនេះ គឺចង់ជំរុញសិទ្ធិមនុស្ស មិនមែននាំ​គ្រា​ប់​​បែ​កមកទម្លាក់ ដាក់កម្ពុជា ដូចពីអតីតកាលនោះទេ។

លោកថា៖ «ប៉ុន្តែអាមេរិកពេលនោះ និងអាមេរិកឥឡូវ វាខុសគ្នា។ អាមេរិកឥឡូវ មិនយក B52 មក​ឲ្យកម្ពុ​​​ជាទៀ​តទេ គឺយកលទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងតម្លាភាព ភ្ជាប់ដោយលុយ»។

លោក សុខ ទូច រំឭកអ្នកនយោបាយបែបនេះថា៖ «អ្នកនយោបាយកម្ពុជា បានក្លាយជាអ្នកចង់បាន របស់​មហា​​អំណាច។ ម្ខាងអាមេរិកចាប់ ម្ខាងចិនចាប់ ម្ខាងសូវៀតចាប់ ហែកកម្ពុជាជាបំណែកៗ។​ ដែល​យើងថា ​ការ​ដឹ​កនាំបែបស្បែកខ្លា នាសម័យនោះពី​ឆ្នាំ១៩៧៩ ដល់ឆ្នាំ១៩៩​៣ ទើបយើងមានកិច្ចព្រមព្រៀ​ង​ស​ន្តិភា​ព​​​ទី​ក្រុងប៉ា​រីស ដោយហែកជាស្បែកខ្លា។ យើងត្រូវចងចាំ? ខ្មែរហែកខ្មែ គ្រាន់តែគេលាភពណ៌ អា​មួយកុម្មុ​​យនីស្ត បែបចិន អាមួយកុម្មុយនី​ស្តបែបរុ​ស្ស៊ី អាមួយសេរី បែបអាមេរិកកាំង។​ យើងឈ្លោះគ្នា​បង្ហូរឈាមគ្នា»។

ជំនួយរបស់សហរដ្ឋអាមេរិក និងប្រទេសលោកសេរី តែងភ្ជាប់ទៅនឹងការគោរពសិទ្ធិមនុស្ស និងអភិ​បា​លកិច្ច។ ​ប៉ុន្តែសម្រាប់អ្នកស្រាយជ្រាវពីការអភិវឌ្ឍសង្គម លោក​បណ្ឌិត មាស នី លោកឡើងថា រដ្ឋាភិបាល​ពិ​បា​លមួយ ដែលមិនអាចទប់ស្កាប់អំពើពុករលួយបាន លោកថា រដ្ឋាភិបាលនោះ ច្រើនតែមិនចង់បា​នជំនួ​យ ដែ​លមានលក្ខខណ្ឌបែបនេះទេ។ ប៉ុន្តែលោកថា បើអ្នកនយោបាយស្វែងរកជំនួយ ដើម្បីតែការពារអំណាច លោកថា មិនខុសអីពីការពឹងបរទេស ឲ្យមកបំផ្លាញជាតិឯងនោះទេ។

លោកថា៖ «យើងជំពាក់លុយអាមេរិកកន្លងទៅ ដោយសារយកមកសម្លាប់ខ្មែរគ្នាឯង។ យើងខ្ចីលុយ​រុស្ស៊ី​១ ៥​០០​លា​​ន ក្នុងសម័យយើងទសវត្សឆ្នាំ៨០ ក៏យកមកសម្លាប់ខ្មែរគ្នាឯង ហើយក្នុងរបបខ្មែរក្រហម ដែលស​ម័​យចិ​នគាំទ្រនេះ ក៏យកមកសម្លាប់ខ្មែរគ្នាឯងដូចគ្នា។ អញ្ចឹង ត្រង់ចំនុចហ្នឹងហើយ ដែលយើងមើ​ល​ឃើ​ញថា ក្រុមណា​ក៏ដោយ ឲ្យតែទាក់ទងនឹងខ្ចីលុយគេ ដើម្បីមកសម្លាប់ខ្មែរគ្នាឯង! អាហ្នឹ​ងសុទ្ធតែ​សម្លា​ប់ជា​តិខ្លួ​​នឯងហើយ»។

សរុបជារួម អ្នកវិភាគលើកឡើងថា មានតែបង្កើតទំនាក់ទំនងល្អ ជាមួយមហាអំណាច និងបណ្តា​ប្រទេ​ស​នា​នាលើពិភពលោកទេ ទើបអាចនាំកម្ពុជាឆ្ពោះទៅរកការអភិវឌ្ឍ និងសន្តិភាពយូរអង្វែងបាន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ