ក្រុម​សង្គម​ស៊ីវិល​ទាមទារ​ឲ្យ​លោក ស៊ុយ សែម បក​ស្រាយ​ការ​នាំ​ចេញ​ខ្សាច់​ដ៏​ចម្រូង​ចម្រាស់

ក្រុមអង្គការសង្គមស៊ីវិលជិត ៥០ស្ថាប័ន បានផ្ញើលិខិតចំហមួយច្បាប់ទៅរដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល លោក ស៊ុយ សែម ដោយទាមទារឲ្យបកស្រាយបំភ្លឺការនាំចេញខ្សាច់ពីប្រទេសកម្ពុជា ទៅកាន់ប្រទេសនានា ចាប់ពីឆ្នាំ២០០៧ ដល់ឆ្នាំ២០១៥កន្លងមក។

នៅក្នុងលិខិតចំហចុះថ្ងៃទី៣១ ខែតុលាកន្លងមកនេះ ក្រុមអង្គការសង្គមស៊ីវិលចំនួន ៤៧ស្ថាប័័ន បានស្នើទៅលោក ស៊ុយ សែម ឲ្យបង្ហាញពីប្រទេសដែលកម្ពុជាបាននាំខ្សាច់ចេញទៅ តួលេខនៃខ្សាច់នាំចេញ និងតម្លៃនៃខ្សាច់នាំចេញទៅកាន់ប្រទេសនីមួយៗ។

នៅក្នុងកិច្ចសម្ភាសជាមួយវិទ្យុអាស៊ីកាលខែកញ្ញា និងវិទ្យុបារាំងអន្តរជាតិ ខែតុលាកន្លងមកនេះ អ្នកនាំពាក្យក្រសួងរ៉ែ និងថាមពល លោក ឌិត ទីណា បានថ្លែងថា ប្រទេសកម្ពុជាបាននាំខ្សាច់ចេញទៅបរទេសក្នុងបរិមាណជាង ១០លានម៉ែត្រគូប ឬស្មើនឹងជាង១៧លានតោន នៅចន្លោះឆ្នាំ២០០៧ ដល់ឆ្នាំ២០១៥កន្លងមកនេះ។

ប៉ុន្តែ ក្រសួងពាណិជ្ជកម្ម បានបង្ហាញត្រឹមតែបរិមាណខ្សាច់នាំចេញទៅកាន់ប្រទេសសិង្ហបុរី ចំនួន ២.៨លានតោន មានតម្លៃ ៥.៥លានដុល្លារអាមេរិក នៅចន្លោះឆ្នាំ២០០៧ ដល់ឆ្នាំ២០១៥កន្លងមក។

ទោះជាយ៉ាងណា តួលេខនេះ ខុសគ្នាឆ្ងាយពីតួលេខដែលគេទទួលបានពីខាងនាយកដ្ឋានស្ថិតិពាណិជ្ជកម្មរបស់រដ្ឋាភិបាលសិង្ហបុរី ដែលបានបង្ហាញថា ខ្សាច់ចំនួន ៧២.៨លានតោន ត្រូវបាននាំចេញពីប្រទេសកម្ពុជា ចូលទៅប្រទេសសិង្ហបុរី នៅក្នុងរយៈពេល ៨ឆ្នាំនោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ