ព្រះរាជពិធីបុណ្យអុំទូកចាប់ផ្តើមនៅថ្ងៃនេះ

ទិដ្ឋភាពនាថ្ងៃបុណ្យអុំទុក ឆ្នាំ២០១៧។

ព្រះរាជពិធីបុណ្យអ៉ុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ ចាប់ផ្តើម​នៅ​ថ្ងៃ​ទី​២ ​ខែ​វិច្ឆិកា​នេះ រហូតដល់ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៧ ខណៈ​អាជ្ញាធរ​រាជធានីភ្នំពេញ រំពឹងថា នឹង​មាន​អ្នកចូលរួមជិត២លាននាក់។

ការចុះផ្សាយរបស់ទីភ្ងាក់ងារសារព័ត៌មានកម្ពុជា AKP កាលពីម្សិលមិញ ដែល​បាន​ស្រង់​សម្តី​គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ ឲ្យដឹងថា នៅក្នុងឆ្នាំ២០១៧ ចំនួនទូក «ង» ចូលរួម​ប្រណាំង កើនឡើងដល់២៧០ ខណៈនៅក្នុងឆ្នាំ២០១៦ មានតែ ២៥៧ទូក។

បើតាមគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិអន្តរជាតិ នៅក្នុងចំណោមទូក «ង» ចំនួន២៧០ ទូក​អុំ​ផ្នែក​បុរសមានចំនួន១៦១ ទូកចែវបុរស២៦ ទូកខ្នាតអន្តរជាតិបុរសមានចំនួន៧៧ ទូកអុំនារី១ ទូកចែវនារី២ ទូកខ្នាតអន្តរជាតិនារី៣ និងអ្នកអុំទូកសរុប មានចំនួនជិត១៨ ០០០នាក់។ ហើយ ប្រទីបចំនួន១៣ និងត្រូវបង្ហាញនៅពេលយប់ អមជាមួយការបាញ់កាំជ្រួច។

រដ្ឋាភិបាល បានរៀបចំឲ្យមានពិធីបុណ្យអុំទូកនេះ ឡើងវិញនៅឆ្នាំ២០១៤ បន្ទាប់ពី​ខកខាន៣ឆ្នាំជាប់ៗគ្នា ក្រោយមានព្រឹត្តិការណ៍ស្លាប់ជាន់គ្នាកាលពីឆ្នាំ២០១០។ ដោយឡែក ក្នុងឆ្នាំ២០១៥ លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន បាន​ប្រកាស​​ផ្អាកបុណ្យនេះម្ដងទៀត ដោយលើកហេតុផលថា ​ទឹកទន្លេមានកម្ពស់ទាបពេក ខណៈអ្នកតាមដានសង្គមយល់ថា អាជ្ញាធរមានការភ័យខ្លាច ក្រែងមានក្បួនបាតុកម្មប្រឆាំងរដ្ឋាភិបាលណាមួយ។

យ៉ាងណាមិញ រដ្ឋាភិបាលបានអនុញ្ញាតឲ្យមានពិធីបុណ្យជាតិនេះឡើងវិញ នៅក្នុង​ឆ្នាំ​២០១៦ និងឆ្នាំ២០១៧នេះ។

ពលរដ្ឋខ្មែរ តែងរៀបចំពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នៅតាមតំបន់ ឬភូមិឋាន ដែលខ្លួនរស់នៅ ខណៈពិធីបុណ្យនេះ គឺជាបុណ្យប្រពៃណីជាតិ ដែល​​មាន​តាំង​ពី​បរមបុរាណ ហើយក៏មានចែងផងដែរ នៅក្នុងឯកសាររបស់ប្រវត្តិវិទូបរទេស ក៏ដូច​ជាតាមសិលា ចារឹកនៃប្រាសាទអង្គរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ