កម្មករនិងយុវជនអំពាវនាវទៅអ្នកដើរកំសាន្តក្នុង​ថ្ងៃបុណ្យអុំទូកចូលរួមថែរក្សាបរិស្ថាន​

ដោយ លោក ណាត សុភាព​​ | ថ្ងៃព្រហស្បតិ៍ ទី២ ខែវិច្ឆិកា ឆ្នាំ២០១៧​ ម៉ោង 1:33 PM | សង្គមអភិបាលកិច្ចល្អ | 0 | 4338 ស្ត្រី២នាក់កំពុងយកសំរាមចោលក្នុងធុង ខណៈអ្នកពាក់ព័ន្ធអំពាវនាវឲ្យជួយថែរក្សាបរិស្ថានក្នុងថ្ងៃបុណ្យអុំទូកនេះ

ប្រជាពលរដ្ឋ រួមមាន កម្មករ និង​យុវជន អំពាវនាវទៅប្រជាពលរដ្ឋ ដែលមកពីបណ្តាខេត្តនិងរាជធានី ដែលដើរ​កំសាន្ត​នៅ​ថ្ងៃ​បុណ្យ​អុំទូកចំនួន​បីថ្ងៃ ជួយ​បោះសំរាម នៅក្នុង​ធុងសំរាម ដោយថាដើម្បីរួមចំណែកថែរក្សាបរិស្ថាននិង​សុខ​ភាព​​។

កម្មករម្នាក់នៃក្រុមស៊ីនទ្រី អ្នកស្រី ស្រេង ណៃ​ ដែលអះអាងជាអ្នកគ្រប់គ្រងសំរាមនៅក្នុង​ខ័ណ្ឌចំការមន បានឲ្យដឹងថា នៅ​ថ្ងៃព្រហស្បតិ៍ ដែលជា​ថ្ងៃដំ​បូង​ នៃពិធីបុណ្យអុំទូក ព្រឹក​នេះថា មានអ្នកដើរកំសាន្តមួយចំនួនតូច​ មិន​បាន​បោះសំរាមចូលក្នុងធុង​សំរាម ក្រោយពីបរិភោគរួច​ហើយនោះទេ។ ករណីនេះ គាត់បាន​ប្រាប់ទៅ​អ្នក​ទំាង​នោះ ​ឲ្យបោះសំរាម​ចូល​ក្នុង​ធុង ដោយថា ដើម្បីងាយស្រួលពួកគាត់សំអាតនិងទុកដាក់។

កម្មកររូបនោះនិយាយថា «គាត់ជួយដាក់ក្នុងធុងសំរាមទៅ វាងាយស្រួលដូចពួកខ្ញុំ ពេលឡានមកជួយអូសធុងចាក់ដាក់ឡានឲ្យគេយកចេញពីក្នុងធុងឲ្យស្អាត បើបោះខាងក្រៅ បើគាត់អត់ដាក់ពួកខ្ញុំជាអ្នករើសយកដាក់វិញ​…ពិបាកក៏ថា បាន មិនពិបាកក៏ថាបានជាការងាររបស់យើងដែលត្រូវសំអាត​»

អ្នកស្រី ស្រេង ណៃ បានឲ្យដឹងទៀតថា នៅតាមសួនច្បារមួយចំនួនចាប់ពីមុខវំាង មុខ​វត្តបុទុមវត្តី ក្បែរ​វិមាន​ឯករាជ្យ មុខណាហ្កាវើល និងកោះពេជ្រ ជាដើម មានធុង​សំរាម ដែលមាន​ពាក្យស្លោកថា «ខ្ញុំចង់បាន សំរាមអ្នក​» ដាក់​ត្រៀប​ត្រានៅតំបន់ទំាងនោះ។

កំពុងអង្គុយញំាមីឆា នៅ​ក្បែរសួនច្បារ ជិតវិមានឯករាជ្យ យុវជន មឿន គីមឈាន​ បានរៀប​រាប់​ប្រាប់អ្នកសារព័ត៌មាន នៅថ្ងៃ​ព្រហស្បតិ៍​នេះ ​ដែរ​ថា​ ពិធីបុណ្យអុំទូកចំនួនបីថ្ងៃនេះ គាត់សង្កេត​ឃើញថា​ មានធុងសំរាមជាច្រើន បានដាក់រៀប​ត្រៀមត្រានៅ​ម្តុំទីតំាង​មួយ​ចំនួន​ ដោយ​ឡែក​នៅ​កោះពេជ្រ មិនសូវមានធុងសំរាមច្រើនទេ ពោលសំបូរតូប​លក់ដូរទៅវិញ​។

ករណីនេះ លោក គីមឈាន​ អំពាវនាវទៅប្រជាពលរដ្ឋ ដែលដើរកំសាន្ត​ក្នុងពិធីបុណ្យអុំទូក បោះ​សំរាមក្នុង​ធុង​​សំរាម ដោយថា ដើម្បីជួយថែរក្សាបរិស្ថានទីក្រុង​ និងសុខភាព។

លោកអំពាវនាវថា «ខ្ញុំសូំអំពាវនាវដល់បងប្អូនទំាងអស់ ទំាងនៅទីក្រុងភ្នំពេញ និងមកពីតាមខេត្តពេលដែលមកលែងបុណ្យអុំទូកសុំឲ្យគាត់ពេលដែលពិសារអាហារដកទឹកសុទ្ធ សូមឲ្យគាត់បោះចោល ក្នុងធុងសំរាមឲ្យបានត្រឹមត្រូវ…យើងគួរតែនាំគ្នាជួយដល់ពួកគាត់ផង ហើយនឹងជួយដល់បរិស្ថាន នៅទីក្រុងភ្នំពេញយើងផងហើយនិងសុខភាពល្អ អត់មានជំងឺរាតត្បាតឆ្លង​»

អ្នកនំាពាក្យ​សាលារាជធានីភ្នំពេញ លោក ម៉េត មាសភក្តី មានប្រសាសន៍ថា សាលារាជធានីភ្នំពេញ បានសហការជាមួយ​ក្រុមហ៊ុនស៊ីនទ្រី ដោយថា បានដាក់ធុងសំរាមនៅតាម​សួរច្បារសំខាន់ៗ នៅ​ម្តុំមាត់​ទន្លេរ​ និងតំបន់ដែរមានទីប្រជុំជន សម្រាប់ទុកឲ្យអ្នកដើរកំសាន្តក្នុងពិធី ចោល​សំរាមក្នុង​ធុង និងជួយសំអាតទីក្រុងភ្នំពេញ។

នៅពេលសួរថា ហេតុអ្វី​នៅកោះពេជ្រ មិនសូវមានធុងសំរាមច្រើន ដូចនៅតាមសួរច្បារផ្សេងៗ? លោកថា ទីតំាងនោះជារបស់ក្រុមហ៊ុនឯកជន។ ទោះជាយ៉ាងណាលោកថា លោកនឹងចាត់ក្រុមការងារឲ្យចុះជួយ​ដាក់ធុងសំរាមបន្ថែម ដើម្បីបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋ ដែលដើរកំសាន្តនៅទីនោះ បោះ​សំរាម​​ចូល។

លោកនិយាយថា «បើសិនជានៅមានចំណុចខ្វះខាតត្រង់ចំណុចណាសូមរាយការណ៍ឲ្យខាងយើងខ្ញុំដឹងមកខ្ញុំនិងចាត់ចែងចុះទៅពិនិត្យមើលនិងដាក់បន្ថែមទៀត ជួនកាលទៅតំបន់ ឬកន្លែងខ្លះដែលជួនកាល មានចន្លោះប្រហោងដែលបងប្អូនប្រជាពលរដ្ឋរបស់យើងឬបងៗសារព័ត៌មានយើងទទួលបានជួយឲ្យដំណឹងគ្នាដើម្បីយើងទៅបំពេញចន្លោះប្រហោងទំាងអស់គ្នាសំខាន់ដូចខ្ញុំជម្រាបជូនចឹង យើងមានក្រុមការងារទទួលនៅការងារ តែខ្ញុំឲ្យខាងអ្នកជំនាញធ្វើការងារហ្នឹងបន្ថែមទៀត​»

លោក មាសភក្តី បានបញ្ជាក់ថា ព្រះរាជពិធីបុណ្យអុំទូក ក្នុងរយៈពេល៣ថ្ងៃនេះ សាលារាជធានីភ្នំពេញ បានដាក់បុគ្គលិកត្រៀម និងបុគ្គលិកស៊ីនទ្រី ជាង៨០០នាក់ និងដាក់ពង្រាយ​ធុងសំរាម១ពាន់ធុង និង​បន្ថែម​កញ្ឆេសំរាម១ពាន់កញ្ឆេទៀត​ នៅលើទីតំា​ង​​ដែល​មាន​ស្រាប់ ដើម្បីទុកឲ្យ​អ្នកដំណើរ​បោះ​ចោល​ក្នុងធុង​សំរាម។

គួរបញ្ជាក់ថា នៅព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីត សំពះព្រះខែ និងអកអំបុក រយៈ​ពេល៣ថ្ងៃនេះ សាលារាជធានីភ្នំពេញ ក៏បា​នចេញ​សេចក្តីជូនដំណឹងទៅ ម្ចាស់ទីតាំង​ប្រគំតន្ត្រី ដល់ម្ចាស់តូបលក់ទំនិញ អ្នកលក់ដូរ និង​ប្រជាពលរដ្ឋ​ជាកីឡាក​រប្រណាំងទូក រួមទំាង​អ្នកមកកម្សាន្ត ចូលរួមថែរក្សាអនាម័យបរិស្ថានទំាងអស់គ្នា​ ដើម្បីឲ្យទីក្រុងភ្នំពេញមាន​សោភ័ណ្ឌភាពល្អស្អាត​​៕

សរសេរមកកាន់ លោក ណាត សុភាព តាមរយៈ sopheap@vodhotnews.com

Loading...

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required