ប៊ុន ចាន់និមល ប្រើគោលការណ៍​៤ខុសគេ​ ផលិតភាពយន្ត​ភាគ

អ្នកនាង​ ប៊ុន​ ចាន់និមល (វង្ស សុម៉ាលីន)

មានការភ្ញាក់ផ្អើលគួរសម បន្ទាប់ពីអ្នកនាង ប៊ុន ចាន់និមល ដែលគេស្គាល់ថាជាអ្នកនិពន្ធបទចម្រៀងល្បីៗរាប់មិនអស់ប្រចាំនៅក្នុងផលិតកម្មសាន់ដេ បានប្រកាសបោះទុនបង្កើតផលិតកម្ម «សាស្រ្តាហ្វ្រៀម» និងបានចេញថតរឿងភាគដំបូងក្រោមចំណងជើងថា «ទឹកភ្នែកកក»។

អ្នកនាងថាខ្លួនចេញធ្វើរឿងក្រោយគេមែន ប៉ុន្តែនាងមាន៤ចំណុចខុសគេ ទើបរំពឹងពីជោគជ័យខ្ពស់។

អ្នកនាង ប៊ុន ចាន់និមល និយាយថានាពេលកន្លងមកមហាជនធ្លាប់តែស្គាល់ទឹកដៃរបស់អ្នកនាងក្នុងបទចម្រៀង«សង្សារខ្ញុំប្រពន្ធគេ!» បទ «មានសង្សារជាព្រាននារី» ដ៏ល្បីរបស់ផលិតកម្មសាន់ដេរប៉ុណ្ណោះ។

ប៉ុន្តែនៅក្នុងពេលខាងមុខ អ្នកនាងនឹងបង្វែរមហាជនអោយទទួលស្គាល់ស្នាដៃផលិតរឿងរបស់ខ្លួនវិញម្ដង ដោយសារតែជឿជាក់លើគោលការណ៍របស់ខ្លួន។ អ្នកនាងនិយាយថារាល់ការផលិតរឿង ផលិតកម្មសាស្រ្តានឹងមិនធ្វើសាច់រឿងចម្លងគេ ឬមានលំនាំតាមគេនោះថាទេ ដោយដាច់ខាតត្រូវតែនិពន្ធថ្មី ហើយឆ្លុះពីសង្គមខ្មែរសុទ្ធសាធ។ អ្នកនាងបានលើកឧទាហរណ៍ថា ដូចជាការផលិតរឿង «ទឹកភ្នែកកក» ដែលបានប្រកាសឡើងកាលពីថ្ងៃទី១ ធ្នូមុននេះ គឺអ្នកនាងបានសម្រាំងដោយជំហាន៤យ៉ាងខុសប្លែកពីគេ។

អ្នកនាងថាខ្សែរឿង «ទឹកភ្នែកកក» គឺជារឿងសម័យនោះទេ ប៉ុន្តែអ្នកនាងបានដាក់ចេញគោលការណ៍មិនអោយតួសម្ដែងសំខាន់ៗស្លៀកសំលៀកបំពាក់ផ្ទាល់ខ្លួននោះទេ ដោយអ្នកនាងសុខចិត្តចំណាយថវិកាកាត់សំលៀកបំពាក់អោយតួសំខាន់ៗក្នុងរឿងដើម្បីប្រើតែម្ដង ដើម្បីអោយត្រូវតាមការស្រម៉ៃរបស់ខ្លួន។

អ្នកនាងនិយាយថាខ្លួនចង់អោយតួសម្ដែងមានម៉ូដផ្ទាល់ខ្លួនមួយជាអត្តសញ្ញាណក្នុងរឿង ដោយមិនចង់ធ្វើរឿងប៉ាតណាប៉ាតណីដូចជាគ្នានឹងការផលិតរឿងមួយចំនួននោះឡើយ។

អ្នកនាងនិយាយថា៖ «ថតរឿងសម័យ ខ្ញុំអត់ដឹងថា ផលិតករគាត់មានគោលការណ៍យ៉ាងម៉េចទេ ប៉ុន្តែសម្រាប់ខ្ញុំខ្ញុំសុខចិត្តចំណាយលុយរៀបខោអាវអោយតួតែម្ដង ព្រោះខ្ញុំដឹងថាប្លង់ណាតួត្រូវពាក់សំលៀកបំពាក់យ៉ាងម៉េច និងពាក់ពណ៌អី ខ្ញុំសុខចិត្តចំណាយលុយ តែធ្វើអោយរឿងខ្ញុំមានគុណភាពតាំងពីសំលៀកបំពាក់ទៅ!»។

អ្នកនាងថាចំពោះគោលការណ៍ខុសគេទី២របស់ខ្លួន គឺក្នុងអំឡុងពេលថតរឿង «ទឹកភ្នែកកក» អ្នកនាងតម្រូវអោយតួសម្ដែងត្រូវចុះកុងត្រាមិនថតរឿងអោយអ្នកណាទាំងអស់ ដោយបើមានករណីនោះ គឺអ្នកនាងមានវិធានការណ៍ផ្លូវច្បាប់។ អ្នកនាងបញ្ជាក់ថាគោលការណ៍មួយនេះ នៅមិនទាន់មានផលិតកម្មណាមួយធ្វើបាននៅឡើយទេ ដោយសារតែផលិតករភាគច្រើនជ្រើសយកតែតួល្បីៗអោយសម្ដែង ហើយព្យាយាមសម្របពេលវេលាតាមតួសម្ដែងទៅវិញ។ អ្នកនាងថា នេះជាបញ្ហារបស់ភាពយន្ត ដោយសារតែការសម្ដែងច្រើនរឿង ឬបញ្ហារវល់ច្រើនរបស់តួសម្ដែង គឺវាប៉ះពាល់ទាំងស្រុងលើការងាររបស់ផលិតករ ជាពិសេសនៅពេលតារាទាំងនោះមកយឺតឬសុំទៅមុន។ អ្នកនាងថា៖ «រឿងទឹកភ្នែកកកហ្នឹង តួខ្ញុំអោយកុងត្រាទាំងអស់ បើសុំថតកន្លែងផ្សេងខ្ញុំអត់យកម្មង! ខ្ញុំអត់គិតថាតួទាល់តែល្បីបានរឿងល្អមើលទេ សំខាន់តួហ្នឹងត្រេមុខគាត់ល្អអត់ សំដែងដល់អត់ និងមានពេលគ្រប់គ្រាន់ជាមួយក្រុមហ៊ុនអត់ប៉ុណ្ណោះ!»។

អ្នកនាងថាតារាខ្លះសម្អាងថាខ្លួនមានបទពិសោធន៍ខ្ពស់ រមែងមិនទទួលយកការបង្វឹកឬសមត្រៀមជាមួយផលិតករនោះទេ អ៊ីចឹងហើយទើបអ្នកនាងយល់ថាជាចំណុចអវិជ្ជមានមួយក្នុងពេលពេលពួកគេមិនសម្ដែងមិនដល់។

អ្នកនាងនិយាយថា៖ «តួទោះគាត់ខ្លាំងប៉ុណ្ណាក៏ដោយ អោយតែគាត់សម្ដែងច្រើនរឿងក្នុងពេលតែមួយ គឺអារម្មណ៍គាត់ដាក់អត់អស់ទេនៅពេលគាត់ត្រូវបែងចែកអារម្មណ៍២បីផ្សេងគ្នាក្នុងពេលជាប់គ្នា ចឹងខ្ញុំអត់យកទោះល្បីប៉ុណ្ណាក៏ដោយ!»។

អ្នកនាងថាគោលការណ៍ទី៣ខុសគេរបស់ខ្លួនគឺ ផលិតកម្មបានចំណាយថវិកាក្រុម បង្វឹកតួសម្ដែងនិងតម្រូវអោយតួត្រូវហ្វឹកហាត់ជាមុនរាល់ពេលត្រូវសម្ដែង។

អ្នកនាងនិយាយថា៖ «លូវនឹងខ្ញុំសុខចិត្តចំណាយលុយយកអ្នកជំនាញផ្នែកសម្ដែងអោយទទួលការងារបង្វឹកតួតាមប្លង់នីមួយៗ ហើយក្រុមហ្នឹងក៏មានអ្នកបង្ហាត់អោយចេះនិយាយ និងលើកដាក់សំឡេងអោយសមផងដែរដើម្បីកុំអោយពេលតួសម្ដែងទៅ តិចខុសៗធ្វើប៉ះពាល់ដល់អារម្មណ៍ផលិតករ!»។

គោលការណ៍ប្លែកគេទី៤របស់ខ្លួន គឺអ្នកនាងបានចាប់ដៃជាមួយអ្នកជំនាញផ្នែកដេគ័រប្លង់ម្នាក់ ដើម្បីអោយបុគ្គលនោះត្រូវតែច្នៃប្លង់ថ្មីទាំងអស់សម្រាប់សកម្មភាពជ្រើសប្លង់នីមួយៗសម្រាប់ថត។

អ្នកនាងនិយាយថា៖ «ក្នុងរឿងទឹកភ្នែកកកហ្នឹង ខ្ញុំមានអ្នកជំនាញម្នាក់ធ្វើការខាងប្លង់តែម្ដង គឺគាត់ជំនាញតែម្ដងដូចជាផ្ទះតួអង្គអ្នកកាសែត តើនៅផ្ទះគាត់ត្រូវមានតាំងអ្វីខ្លះ លើជញ្ជាំងផ្ទះគាត់ត្រូវរៀបយ៉ាងម៉េច ហើយបើចរឹតគាត់កាចតើគាត់ត្រូវធ្វើសក់យ៉ាងម៉េច ស្លៀកពាក់យ៉ាងម៉េច គឺយើងអត់ចេះតែឆិនឆៃទេ!»។

កញ្ញាអាប៊ី និងលោក ឆានី សូ (វង្ស សុម៉ាលីន)
កញ្ញាអាប៊ី និងលោក ឆានី សូ (វង្ស សុម៉ាលីន)

អ្នកនាងថាផ្អែកលើគោលការណ៍ទាំង៤ ទើបអ្នកនាងជឿថារឿង «ទឹកភ្នែកកក» នឹងមានលក្ខណៈប្រកួតប្រជែងគ្រប់គ្រាន់ក្នុងពេលដាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍បាយ័ន នៅអំឡុងខែកុម្ភៈ ឆ្នាំ២០១៧ខាងមុខ។

កញ្ញាអាប៊ី និងលោក ឆានី សូ ដែលទទួលបានឱកាសតួឯក បានអះអាងអ្នកទាំងពីរមិនត្រឹមតែបានទទួលបានការបង្វឹកក្នុងប៉ុន្មានថ្ងៃក្រុងពាលីប៉ុណ្ណោះទេ ប៉ុន្តែក៏ត្រូវបានអ្នកនាង ប៊ុន ចាន់និមល តម្រូវអោយមើល Youtube ពត់អារម្មណ៍អោយសមជាអ្នកសម្ដែងនោះផង។

អ្នកទាំងពីរថាខ្លួនទទួលបានបទពិសោធន៍នៅក្នុងរឿងនេះតាំងពីមិនទាន់ចេញថត បើធៀបនឹងការសម្ដែងកន្លងមករបស់ពួកគេ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ