លីកាដូ៖ ការបញ្ចាំខ្លួន​ដោះបំណុលនិងពលកម្មកុមារបន្តមាន​ខ្វះការទប់ស្តាត់ពីសមត្ថកិច្ច

ពលកម្មកុមារ (Licadho)

អង្គការសម្ព័ន្ធជំរឿន និងការពារសិទ្ធិមនុស្សលីកាដូបានចេញផ្សាយរបាយការណ៍ខ្លួនថាបញ្ហាទាសភាព ឬការបញ្ជាំខ្លួនដើម្បីដោះបំណុលនៅកម្ពុជាមកដល់សម័យបច្ចុប្បន្នគឺនៅតែកើតមាននៅឡើយ បើទោះបីមានច្បាប់ដើម្បីដាក់ទោសទណ្ឌក៏ដោយ។

ក្នុងសេចក្តីប្រកាសព័ត៌មានចេញផ្សាយថ្ងៃទី២ ធ្នូនេះ អង្គការលីកាដូ បានឲ្យដឹងថា ការបញ្ចាំខ្លួនដើម្បីដោះបំណុល និងពលកម្មកុមារក្នុងសិប្បកម្មផលិតផលឥដ្ឋនៅកម្ពុជា បានបង្ហាញនូវទម្រង់ទាសភាពសម័យទំនើបក្នុងឧស្សាហកម្មផលិតឥដ្ឋនៃប្រទេសមួយនេះ។

អង្កការនេះបានធ្វើការសិក្សាទៅលើតំបន់ផលិតឥដ្ឋសំខាន់ៗនៅកម្ពុជា ដែលមានទីតាំងស្ថិតនៅភាគខាងជើងរាជធានីភ្នំពេញ។ ក្នុងរបាយការណ៍ដែលលីកាដូការស្រាវជ្រាវនេះ បង្ហាញថាម្ចាស់សិប្បកម្មឡឥដ្ឋបានជ្រើសរើសកម្មករដោយផ្តល់ជាប្រាក់កម្ចី និងផ្តល់កន្លែងស្នាក់នៅដល់គ្រួសារទីទាល់ក្រ ដោយមានការសន្យាពីកម្មករថានឹងធ្វើការនៅសិប្បកម្មនោះរហូតដល់សងប្រាក់គ្រប់ចំនួនវិញ។ បើទោះជាបែបនេះក្តី ប្រាក់កម្រៃដែលកម្មករទទួលបាននោះគឺបានត្រឹមផ្តត់ផ្គង់ជីវភាពខ្លួនរស់តែប៉ុណ្ណោះ លើសពីនេះមានកម្មករជាច្រើនបានខ្ចីលុយពីម្ចាស់សិប្បកម្មបន្ថែមទៀតផង។

លីកាដូបន្ថែមទៀតថា មានកុមារជាច្រើន បានជួយធ្វើការឪពុកម្តាយក្នុងសិប្បកម្មផលិតឥដ្ឋ ដែលពោពេញដោយលក្ខខណ្ឌគ្រោះថ្នាក់។ ហើយភាគច្រើននៃកម្មករដែលធ្វើការនៅទីនោះទៀតសោត គឹគ្មានគោលបំណងក្នុងការតវ៉ាប្រឆាំងទៅនឹងលក្ខខណ្ឌការងារទាំងនេះនោះទេ ដោយសារតែការភ័យខ្លាច និងការពឹងផ្អែកទាំងស្រុងទៅលើម្ចាស់សិប្បកម្ម ហើយបើទោះបីជាម្ចាស់សិប្បកម្មរំលោភច្បាប់ព្រហ្មទណ្ឌ និងច្បាប់រដ្ឋប្បវេណី ក៏អជ្ញាធរដែលមានតួនាទីក្នុងការអនុវត្តន៍ច្បាប់មិនបានចាត់វិធានការលើបញ្ហាទាំងនេះដែរ។

លីកាដូបានធ្វើការសន្និដ្ឋានថា ការអនុវត្តការបញ្ចំខ្លួនដើម្បីដោះបំណុល និងពលកម្មកុមារធ្វើឲ្យគ្រួសារកម្មករជាច្រើនជំនាន់ធ្លាក់ចូលក្នុងភាពក្រីក្រ ហើយអ្នកដែលទទួលបានផលប្រយោជន៍ពីការអនុវត្តន៍បែបនេះគឺម្ចាស់សិប្បកម្ម។

លីកាដូបានទទួចឲ្យរដ្ឋាភិបាលកម្ពុជាចេញវិធានការជាបន្ទាន់ដើម្បីដោះលែងកម្មករបញ្ជាំខ្លួនទាំងនោះ ដោយចេញជាបទបញ្ជាក្នុងការការលុបចោលបំណុលដែលមានរវាងម្ចាស់សិប្បកម្ម និងកម្មករ។

អនុប្រធានអចិន្រៃ្តយ៍នៃគណៈកម្មាធិការជាតិប្រឆាំងការជួញដូរមនុស្ស នៃក្រសួងមហាផ្ទៃ លោកស្រីជូ ប៊ុនអេង មានប្រសាសន៍ថាលោកស្រីមិនបដិសេធទៅនឹងរបាយការណ៍នេះទេ តែលោកស្រីថាគួរតែរកប្រភពបញ្ហាវិញជាជាងចាំតែរកឃើញនូវបញ្ហាហើយទើបលើកមកដោះស្រាយនោះ។ លោកស្រីបានបញ្ជាក់ថារដ្ឋាភិបាលកម្ពុជាបានជួយច្រើនទៅលើបញ្ហាដែលកើតមាននៅក្នុងឧស្សាហកម្មឡឥដ្ឋនេះ ពិសេសទាក់ទងទៅនឹងពលកម្មកុមារ តែលោកស្រីថាបញ្ហាទាក់ទងទៅនឹងឧស្សាហកម្មនេះតែងតែកើតមានថ្មីៗជានិច្ច។ លោកស្រីមានប្រសាសន៍ថា៖ «ចំពោះខ្ញុំៗគិតថាទោះបីជាលទ្ធភាពរាជរដ្ឋាភិបាលមានធំប៉ុណ្ណាក៏ដោយក៏នៅមាននៅសេសសល់នូវចំណុចដែលគេដៅថាខ្វះខាត ក៏ដូចជាការដែលដោះស្រាយមិនទាន់បានគ្រប់គ្រាន់ហ្នឹង ចឹងបើសិនជាអាចមានលទ្ធភាពក្នុងចំណោមដៃគូរទាំងឡាយទាំងអង្គការក៏ដោយ សង្គមស៊ីវិល ឬក៏ផ្នែកឯកជនក៏ដោយយើងគិចថាគូរតែគិតគ្នាដើម្បីរកវិធីឲ្យប្រជាពលរដ្ឋយើងគាត់អាចមានជម្រើសរស់នៅបានល្អប្រសើរ»។

តែទោះជាយ៉ាងណាក្តីក្រោយពីទទួលព័ត៌មាននេះ លោកស្រីថានឹងពិភាក្សាជាមួយសាលារាជធានី និងស្ថាប័នពាក់ព័ន្ធដើម្បីរកវិធានការដោះស្រាយលើបញ្ហាទាំងនេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ