ព្រះមហាក្សត្រលើកលែងទោស លោក កឹម សុខា តាមសំណើនាយករដ្ឋមន្ដ្រី   

លោក កឹម សុខា (រូបភាព៖ ហ្វេសប៊ុក លោក កឹម សុខា)

ព្រះមហាក្សត្របានសម្រេចលើកលែងទោសឲ្យលោក កឹម សុខា ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិហើយ បន្ទាប់ពីមានការស្នើសុំពីលោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន។ នេះដោយយោងតាមព្រះរាជ្យក្រឹត្យ ចុះថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៦ នេះ។

នៅក្នុងអនុក្រឹត្យនោះបានសម្រេចថា៖ «ត្រូវបានលើកលែងទោសឲ្យទណ្ឌិតឈ្មោះ កឹម សុខា ភេទប្រុស អាយុ៦៣ឆ្នាំ ដែលត្រូវបានតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារពីបទបដិសេធក្នុងការចូលខ្លួន តាមអំណាចសាលដីកាព្រហ្មទណ្ឌរបស់សាលាឧទ្ធរណ៍»

ការលើកលែងទោសនេះ ធ្វើឡើងតែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីលោក កឹម សុខា ផ្ញើលិខិតមួយជូនដល់លោក ហ៊ុន សែន នៅថ្ងៃម្សិលមិញ ដោយស្នើឲ្យព្រះមហាក្សត្រប្រទានការលើកលែងទោសដល់លោក។

លោក យ៉ែម ប៉ុញ្ញារិទ្ធ មន្ត្រីនាំពាក្យគណបក្សសង្គ្រោះជាតិ បានឲ្យ VOD ដឹងនៅថ្ងៃសុក្រនេះថា លោកចាត់ទុកការព្រះរាជទានលើកលែងទោសពីព្រះមហាក្សត្រនេះ ជាដំណោះស្រាយដ៏ល្អមួយដើម្បីបន្ធូរបន្ថយកម្ដៅនយោបាយដែលកំពុងតែតានតឹងខ្លាំង។

លោកថា៖ «យើងយល់ឃើញថាជាដំណោះស្រាយមួយដ័ល្អរវាងខ្មែរ និងខ្មែរ ហើយដំណោះស្រាយគឺអាចបង្ហាញការគិតគូរផ្សះផ្សាជាតិ បង្រួបបង្រួមជាតិដើម្បីដោះស្រាយបញ្ហាជាតិធំៗនៅពេលខាងមុខដែរបាទ»

លោកសង្ឃឹមថា ស្ថាននយោបាយនឹងវិលទៅរកភាពល្អប្រសើរវិញ ដោយលោកថាគណបក្សសង្គ្រោះជាតិនឹងព្យាយាមស្នើសុំឲ្យមានការដោះលែងមន្ដ្រីសង្គមស៊ីវិល និងសកម្មជនដទៃទៀតដែលកំពុងជាប់ក្នុងពន្ធនាគារ។

លោកថា៖ «យើងសង្ឃឹមថាស្ថានភាពនយោបាយមានលក្ខណៈល្អប្រសើរ ហើយយើងក៏មានគ្រោងនឹងពិភាក្សាស្នើសុំឲ្យមានការលើកលែងទោសដល់សកម្មជន សង្គមស៊ីវិល ទាំង គ.ជ.ប ទាំងផ្នែកសិទ្ធិមនុស្សដែលកំពុងជាប់ពន្ធនាគារ»

លោក អ៊ូ វីរៈ ជាអ្នកវិភាគនយោបាយឯករាជ្យ បានសាទរចំពោះការសម្រេចលើកលែងទោសនេះ ដោយលោកថា វាបង្ហាញពីភាពចាស់ទុំផ្នែកនយោបាយរបស់មេដឹកនាំបក្សប្រឆាំង និងបក្សកាន់អំណាច។

លោកថា៖ «ជាទូទៅល្អ យើងមិនដឹងថាតើមានកិច្ចព្រមព្រៀង ហើយបើមានមែន មិនដឹងថាខ្លឹមសារកិច្ចព្រមព្រៀងយ៉ាងម៉េច ប៉ុន្ដែតាមពិតគឺល្អ ជាសញ្ញាល្អមួយ វាអាចបង្ហាញពីភាពចាស់ទុំនៃនយោបាយ វាអាចមានកិច្ចព្រមព្រៀងណាមួយ តែបើតាមខ្ញុំ ខ្ញុំមើលទៅល្អ»

លោករំពឹងថា ការលើកលែងទោសនេះអាចជាច្រកចេញមួយដែលអនុញ្ញាតឲ្យគណបក្សទាំងពីរប្រកួតប្រជែងគ្នាមុនការបោះឆ្នោតខាងមុខ និងថាជាការល្អដើម្បីដោះលែងសកម្មជនជាប់ឃុំផ្សេងទៀត។

លោកថា៖ «ប៉ុន្ដែខ្ញុំមើលទៅជាសញ្ញាល្អក្នុងករណីមួយ ដែលយ៉ាងហោចណាស់មុនរយៈពេលបោះឆ្នោត២០១៨។ បើស្ថានភាពអាចនឹងធឹងបែបពេលបច្ចុប្បន្ននេះ យ៉ាងហោចណាស់ក៏ជួយអារម្មណ៍ទឹកចិត្តប្រជាពលរដ្ឋ […]សំខាន់យើងចាំមើលទៀតថា ករណីលោក សម រង្ស៊ី ឈានទៅដល់ការចរចារបែបហ្នឹងទៀតអត់ ហើយករណីសកម្មជនគណបក្សនយោបាយផ្សេងទៀត ថាតើនឹងមានការលើកលែងទោសដែរឬអត់»

កាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៦ តុលាការដំបូងបានសម្រេចផ្តន្ទាទោសលោក កឹម សុខា ឲ្យជាប់ពន្ធនាគាររយៈពេល៥ខែ និងពិន័យជាប្រាក់៨សែនរៀលពីបទ «បដិសេធក្នុងការចូលខ្លួន» ទាក់ទងសំណុំរឿងដែលគេចោទថាលោកមានស្នេហាលួចលាក់។

នៅថ្ងៃនេះ លោក កឹម សុខា បានសរសេរលិខិតមួយទៀតដើម្បីអរគុណដល់លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន ដែលបានយល់ព្រមតាមសំណើររបស់លោក៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ